Thursday, November 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាជ្ញាធរ​ជាតិ​អប្សរា បើក​ការដ្ឋាន​ជួសជុល​ប្រាសាទ​កណ្តាល​ស្រះស្រង់​

​សៀមរាប​៖ ប្រាសាទ​កណ្តាល​ស្រះស្រង់​បាន​កសាងឡើង​ក្នុង​រាជ្យ​ព្រះបាទ​ជ័យ​វរ្ម័នទី​៧ នា​សតវត្សរ៍​ទី​១២ តំណាងឱ្យ​ភ្នំ​ព្រះ​សុមេរុ បានចាប់ផ្តើម​បើក​ការដ្ឋាន​ជួសជុល​ហើយ​នៅ​ព្រឹក​ថ្ងៃទី​២០​មីនា​នេះ ដោយ​អ្នកជំនាញ​អាជ្ញាធរ​ជាតិ​អប្សរា​និង​ជំនួយ​ឧបត្ថម្ភ​ថវិកា​ទាំងស្រុង​ពី​វិស័យ​ឯកជន​។​

​នៅ​ថ្ងៃទី​២០ ខែមីនា ឆ្នាំ​២០២០ លោក​បណ្ឌិត ហង់ ពៅ អគ្គនាយក​អាជ្ញាធរ​ជាតិ​អប្សរា រួម​នឹង​សហការី បាន​ចុះ​ត្រួតពិនិត្យ​ការដ្ឋាន​ជួសជុល​ប្រាសាទ​កណ្តាល​ស្រះស្រង់ ដែល​ក្រុមការងារ​នៃ​នាយកដ្ឋាន​អភិរក្ស​ប្រាសាទ​ក្នុង​ឧទ្យាន​អង្គរ​និង​បុរាណវិទ្យា​បង្ការ បានរៀបចំ​ពិធី​ប្រុង​ពលី​សែនព្រេន ដើម្បី​បិទ​ទំនប់ទឹក ធ្វើ​កំណាយ​ស្រាវជ្រាវ​រចនា​សម្ពន្ធ​ប្រាសាទ​មុននឹង​ដំណើរការ​ជួសជុល​។​

​លោក​អគ្គនាយក​បានឱ្យ​ដឹងថា ការជួសជុល​ប្រាសាទ​កណ្តាល​ស្រះស្រង់ គឺ​អនុវត្ត​ដោយ​ក្រុមការងារ​របស់​អាជ្ញាធ​រ​ជាតិ​អប្សរា​និង​ការរួមចំណែក​របស់​វិស័យ​ឯកជន​ដែល​ឧបត្ថម្ភ​ថវិកា​ទាំងស្រុង​ដោយ​លោកស្រី​ឧកញ៉ា​សៀង ចាន់​ហេង អគ្គនាយិកា​ក្រុម ហ៊ុន ហេង​អភិវឌ្ឍន៍ បន្ទាប់ពី​លោកស្រី​បាន​ជួយ​សាងសង់​រហាត់ទឹក​មួយ​នៅ​ទឹកដី​អង្គរ​ផងដែរ​។​

​លោក​បន្តទៀតថា គម្រោង​ជួសជុល​ប្រាសាទ​នេះ គឺ​ដើម្បី​អភិរក្ស​និង​លើក​តម្លៃ​មរតក​ដូនតា​។ ប្រាសាទ​កណ្តាល​ស្រះស្រង់ គឺជា​កន្លែង​ដែល​បាន​ចារឹក​អំពី​ព្រះរាជ​សកម្មភាព​របស់​ព្រះបាទ​ជ័យវរ្ម័ន​ទី​៧​ពេល​ព្រះអង្គ​យាង​មកកាន់​ទីនេះ​។ ពិសេស កំណាយ​ស្រាវជ្រាវ​នេះ ដើម្បី​ស្វែងរក​ទម្រង់​ប្រាសាទ​ឱ្យបាន​ច្បាស់លាស់​ថា​មាន​ទម្រង់​បែបណា ដើម្បី​ជួសជុល​ឱ្យបាន​ត្រឹមត្រូវ ព្រោះ​ទម្រង់​ប្រាសាទ​នេះ ក៏​មិនទាន់មាន​សរសេរ​នៅក្នុង​ឯកសារ​បរទេស​ណាមួយ​បង្ហាញថា​មាន​លក្ខណៈ​បែបណា​នោះដែរ​៕ ដោយ​៖​បញ្ញា​ស័ក្តិ​

×