Saturday, July 6, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បុគ្គល​ចាក់ដី​រំលោភ​ចំណី​មាត់​បឹង​ព្រែក​ទប់​ធ្វើ​ស​កម្មសិទ្ធិ​រាល់ថ្ងៃនេះ បាន​ផ្គើន​បទបញ្ជា សម្តេច ហ៊ុន សែន ដាក់​ឲ្យ​ការពា​របឹង​នេះ​ទេ​

spot_img

ព្រះសីហនុ​៖ អ្នក​ឃ្លាំ​មើល​ការងារ​អភិវឌ្ឍ​សង្គម និង​ប្រជាពលរដ្ឋ​ខេត្ត​ព្រះសីហនុ បង្ហាញ​អារម្មណ៍​សោកស្តាយ​នៅ​គ្រា​សង្កេតឃើញថា បរិវេណ​ដី​ចំណី​មាត់បឹង ឬ​ផ្ទៃ​រង​ទឹកភ្លៀង នៃ​បឹង​ព្រែក​ទប់ ស្ថិតក្នុង​សង្កាត់​លេខ​៣ ក្រុង​-​ខេត្ត​ព្រះសីហនុ ដែល​ពីមុន​មាន​ទំហំ​រាប់រយ​ហិច​តារ ប៉ុន្តែ​បច្ចុប្បន្ន​នេះ​បានរួម​តូច​មិន​ដល់ ២០​ហិច​តារ​នោះទេ​។

មន្ត្រី​អង្គការ​ក្រៅ​រដ្ឋាភិបាល និង​ពលរដ្ឋ​ខេត្ត​ព្រះសីហនុ បាន​អះអាង​ថា នៅ​មុន​មាន​សកម្មភាព​ដឹក​ដី​ចាក់​លុប​បឹង​រំលោភ​យក​ផ្ទៃ​រង​ទឹកភ្លៀង ឬ​ដី​ចំណី​មាត់បឹង​ព្រែក​ទប់ ធ្វើ​កម្មសិទ្ធិ​ឯកជន ពី​សំណាក់​មន្ត្រី​មានអំណាច និង​ឈ្មួញ​មានទ្រព្យ​មួយចំនួន បឹង​ព្រែក​ទប់​នេះ​មាន​ទំហំ​រាប់រយ​ហិច​តារ ប៉ុន្តែ​បច្ចុប្បន្ន​នេះ បឹង​ធម្មជាតិ​ទឹកសាប​មួយ​នេះ បានរួម​តូច​នៅសល់​ត្រឹម​ផ្ទៃ​បឹង​ជាង ១៦​ហិច​តារ​តែប៉ុណ្ណោះ។

​ប្រជាពលរដ្ឋ រស់នៅ​ខេត្ត​ព្រះសីហនុ អះអាងថា មហិច្ឆិតា​ដឹក​ដី​ចាក់​លុប​រំលោភ​យក​មាត់បឹង ឬ​ផ្ទៃ​រង​ទឹកភ្លៀង​បឹង​បឹង​ព្រែក​ទប់​ធ្វើ​កម្មសិទ្ធិ​ឯកជន​របស់​ឈ្មួញ និង​មន្ត្រី​មាន​អំណាច​មួយចំនួន​ជាប​បន្តបន្ទាប់​នា​ពេលកន្លងមក ប៉ុន្តែ​បច្ចុប្បន្ន​នេះ ជន​មាន​មហិច្ឆិតា​មួយចំនួននោះ បានសម្រេច​បំណង របស់​ពួកគេ​ហើយ ព្រោះ​លោក ជា សុផារ៉ា រដ្ឋមន្ត្រី​ក្រ​ក្រសួង​ដែនដី នគររូបនីយកម្ម និង​សំណង់ ព្រម​ទាំង​រដ្ឋបាល​ខេត្ត​ព្រះសីហនុ បាន​ទទួលស្គាល់​ថា​ស្រប​ច្បាប់ និង​ត្រៀម​ចេញ​បណ្ណ​កម្មសិទ្ធិ​កាន់កាប់​ដី​នៅ​ជុំវិញ​បរិវេណ​បឹង​ព្រែក​ទប់​នេះ ជូន​បុគ្គល​ឯកជន​ប្រើប្រាស់​ស្រប​ច្បាប់​ថែម​ទៀត​។

​ទាក់ទិន​បញ្ហា​នេះ លោក ស្រេង វ៉ាន់​លី មន្ត្រី​អង្គការ​លីកាដូ ប្រចាំ​ខេត្ត​ព្រះសីហនុ បង្ហាញ​អារម្មណ៍​ហួសចិត្ត កាល​បើ​បទបញ្ជា របស់​សម្តេច​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដែល​បាន​ដាក់បទបញ្ជា ឲ្យ​មន្ត្រី​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​ក្រោម​ឱវាទ ត្រូវ​ការពារ​ទ្រព្យសម្បត្តិ​សាធារណៈ​របស់​រដ្ឋ មាន​បឹង​អូរ ព្រៃកោងកាង ឆ្នេរសមុទ្រ និង​ធនធាន​ជីវៈចម្រុះ​បាតសមុទ្រ​ផ្សេងៗ ឲ្យបាន​គង់វង្ស ប៉ុន្តែ​បែរជា​មន្ត្រីក្រោមឱវាទ មិន​ស្តាប់ ឬ​អនុវត្ត​តាម​បទបញ្ជា របស់​ប្រមុខ​ដឹកនាំ​ដាក់ឲ្យ​អនុវត្ត​នោះ​ទេ​។ ផ្ទុយទៅវិញ អ្នក​ទាំងនោះ​បន្ត​ធ្វើ​សកម្មភាព​ផ្គើន​ទៅ​បទបញ្ជា របស់​ប្រមុខ​ដឹក​រដ្ឋាភិបាល​នាំ​ថែម​ទៀត​។ លោក វ៉ាន់​លី បាន​លើក​ជា​ឧទាហរណ៍ បឹង​ព្រែក​ទប់ ដែល​ជា​បឹង​ទឹកសាប ទុក​សម្រាប់​ប្រើប្រាស់ នៅ​ទូទាំង​ខេត្ត​ព្រះសីហនុ ត្រូវ​ជន​មាន​មហិច្ឆិតា​មួយចំនួន បាន​ចាក់ដី​រំលោភ​យក​ដី​ចំណី​មាត់​បឹង​ធ្វើ​កម្មសិទ្ធិ​ស្ទើ​ទាំងស្រុ​ងអស់​ទៅហើយ​នាពេល​បច្ចុប្បន្ន​នេះ​។

​លោក វ៉ាន់​លី សង្កេតឃើញថា រាល់ថ្ងៃនេះ លោក​ឃើញ​មាន​សកម្មភាព​រថយន្ត​ដឹក​ដី​ធំៗ បាន​ដឹក​ដី​ចាក់​លុប យក​បរិវេណ​ដី​ចំណី​មាត់បឹង​ព្រែក​ទប់ និង​ចាក់​ចូលទៅ​ក្នុង​ផ្ទៃ​បឹង​ព្រែក​ទប់ ជា​បន្តបន្ទាប់ ទោះបី​កន្លងមក​អតីត​អភិបាលខេត្ត​ព្រះសីហនុ លោក សាយ ហាក់ ធ្លាប់​បាន​បញ្ជា​ឲ្យ​វាយកំទេចោ​ល​សំណង់ផ្ទះ​វីឡា របស់ លោក ខាត់ ប៊ុណ្ណា មន្ត្រី​មន្ត្រី​រៀបចំ​ដែនដី​ខេត្ត​ព្រះសីហនុ ទៅ​តាម​បទបញ្ជា លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បែបណា​ក្តី ក៏ប៉ុន្តែ​ដី​ចំណែក​ផ្ទះ​វីឡា របស់ លោក ខាត់ ប៊ុណ្ណា ដែល​ត្រូវ​អាជ្ញាធរ​វាយ​កំទេចចោល កាលពី​ពេលមុន ត្រូវ​បាន​កាន់កាប់​ដោយ​បុគ្គល​ផ្សេងៗ ទៅវិញ​។

​មន្ត្រី​សង្គម​ស៊ីវិល​រូបនេះ ស្នើ​ដល់ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ត្រូវ​និរាករណ៍​រាល់​បណ្ណ​កម្មសិទ្ធិ​ទាំងឡាយណា ដែល​បុគ្គល​ឯកជន ប៉ង​រំលោភ​យក​ដី​ចំណី​មាត់បឹង ឬ​ផ្ទៃ​រង​ទឹកភ្លៀង​បឹង​ព្រែក​ទប់ ផ្ទុយ​ពី​ច្បាប់រដ្ឋធម្មនុញ្ញ បានកំណត់​នា​ពែ​ល​កន្លងទៅ យកមក​ដាក់​ជា​សម្បត្តិ​រដ្ឋ​គ្រប់គ្រង​វិញ​។
​មន្ត្រី​អង្គកា​លីកាដូ​ខេត្ត ព្រះសីហនុ បង្ហាញ​ការសោកស្តាយ និង​ហួសចិត្ត ដែល​មក​ដល់ពេលនេះ​ទៅហើយ មិនគួរ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ទុក​បណ្តោយឲ្យ​បុគ្គល​មានអំណាច និង​ឈ្មួញ​មានទ្រព្យ​មួយចំនួន​តូច ដែល​កន្លងមក មាន​មហិច្ឆិតា​ឃុបឃិត​រំលោភ​យក​ដី​ចំណី​មាត់បឹង​ព្រែក​ទប់​ធ្វើ​កម្មសិទ្ធិ ប៉ុន្តែ​មក​ដល់​បច្ចុប្បន្ន​នេះ​អាច​សម្រេច​មហិច្ឆិតា​ពួកគេ​នោះ​ទេ​។​

​លោក វ៉ាន់​លី ដែល​បាន​ចុះ​ពិនិត្យ​ផ្ទាល់​ដល់​ទីតាំង​បឹង​ព្រែក​ទប់ បង្ហាញ​ការសោកស្តាយ ដែល​ពេល​នេះ​ផ្ទៃ​រង​ទឹកភ្លៀង និង​ផ្ទៃ​បឹង​ព្រែក​ទប់​ទាំងមូល ដែល​កន្លងមក​ធ្លាប់​មាន​ទំហំ​រាប់រយ​ហិច​តារ ប៉ុន្តែ​ពេល​នេះ​រួម​នៅ​សល់​ផ្ទៃ​បឹង​ត្រឹម​ជាង ១៦​ហិច​តារ (១៦.៣)​ប៉ុណ្ណោះ​។ មន្ត្រី​ឃ្លាំមើល​ការអភិវឌ្ឍ​សង្គម​រូបនេះ ស្ទើរ​មិន​ជឿថា រដ្ឋាភិបាល ឬ​ថ្នាក់ដឹកនាំ​ក្រ​សួ​ដែនដី​ជា​ដើម អាច​ជួយ​លក​លៃលក ឲ្យ​បុគ្គល​មានអំណាច និង​ឈ្មួញ​មានទ្រព្យ​មួយចំនួន បានសម្រេច​មហិច្ឆិតា​ប៉ុនប៉ង​រំលោភ​កាន់កាន់​ដី​ចំណី​មាត់បឹង​ព្រែក​ទប់ នា​ពេលកន្លងមក ឈាន​ទៅ​អាច​សម្រេច​បំណង​ពួកគេ​ទេ​។ លោក វ៉ាន់​លី ថ្លែងថា នៅក្នុងពេល​ដ៏​ឆាប់​ខាង​មុខ​មន្ត្រី​ជំនាញ​មន្ទី​រៀបចំ​ដែនដី ខេត្ត​ព្រះសីហនុ នឹង​ឈាន​ទៅ​ចេញ​ប្លង់​កម្មសិទ្ធិ​កាន់កាប់​ដី​នៅ​ជុំវិញ​បរិវេណ​មាត់បឹង​ព្រែក​ទប់ ទទួលស្គាល់​ដោយ​ក្រសួង​រៀបចំ​ដែនដី និង​រដ្ឋបាល ខេត្ត​ព្រះសីហនុ ព្រមទាំង​មន្ត្រី​ពាក់ព័ន្ធ​ក្រោម​ឱវាទ​។ កាលពី​ថ្ងៃ​ទី​១០ ខែ​មីនា ឆ្នាំ​២០១៧ លោក ជា សុផារ៉ា រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ កន្លងមកនេះ បាន​ចេញ​លិខិត​ជម្រាបជូន លោក យន្ត មីន អភិបាលខេត្ត​ព្រះសីហនុ ដោយ​បើកផ្លូវ​ឲ្យ​រដ្ឋបាល​ខេត្ត​នេះ អាច​ដំណើរការ​ចុះបញ្ជី​ដីធ្លី​ជា​លក្ខណៈ​ប្រព័ន្ធ ជូន​ប្រជាពលរដ្ឋ​ដែល​កាន់កាប់​ដី​នៅ​ជុំវិញ​មាត់បឹង​ព្រែក​ទប់ ស្ថិតក្នុង​សង្កាត់​លេខ​៣ ក្រុង​ខេត្ត​ព្រះសីហនុ ប្រើប្រាស់​ស្របច្បាប់​។​

​បន្ថែម​លើ​នេះ លោក ជា សុផារ៉ា ក៏​តម្រូវឲ្យ​រដ្ឋបាល​ខេត្ត​ព្រះសីហនុ រក្សា​ទីតាំង​តំបន់​អភិរក្ស​ទឹកសាប​បឹង​ព្រែក​ទប់ មាន​ទំហំ​ជាង ១៦​ហិកតារ (១៦,៣) ឲ្យស្រប​តាម​អនុក្រឹត្យ​ចុះ​ថ្ងៃទី​១៣ ខែ​កញ្ញា ឆ្នាំ​២០១៦ ដោយ​ត្រូវ​រក្សា​ដី​ចំណី​ផ្លូវ​ជុំវិញ​បឹង​សងខាង​អ័ក្ស​ផ្លូវ​សរុប​មាន​ទទឹង ២០​ម៉ែត្រ សម្រាប់​រៀបចំ​ជា​ផ្លូវ​ទំនប់ ប្រព័ន្ធ​លូបង្ហូរទឹក​កខ្វក់​នៅតាម​បណ្ដោយ​ដី​ចំណី​ផ្លូវ​ព័ទ្ធជុំវិញ​បឹង និង​ត្រូវការពារ​ប្រឡាយ​ធម្មជាតិ ដែល​ត​ភ្ជាប់​ទៅ​នឹង​បឹង​ធម្មជាតិ​មួយ​នេះ ដោយ​ត្រូវ​រៀបចំ​ប្រព័ន្ធ​អាង​ចម្រោះ​ទឹក​កខ្វក់ នៅខាងមុខ​ប្រឡាយ​នោះ មុន​នឹង​បង្ហូរទឹក​ចេញពី​ប្រឡាយ​ចូលទៅ​ក្នុង​ផ្ទៃ​បឹង​ព្រែក​ទប់​។​

​ត្រង់​ចំណុច​នេះ លោកស្រី ជៀ​ប សុធា​រី អ្នកសម្របសម្រួល​សមា​គម​អាដហុក (ADHOC) ប្រចាំ​ខេត្ត​ព្រះសីហនុ បាន​ថ្លែង​ហួសចិត្ត​កាលបើដឹងថា សកម្មភាព​ចាក់​ដី​រំលោភ​យក​បឹង​ធម្មជាតិ​ទឹកសាប នៃ​បឹង​ព្រែក​ទប់ ដែល​បុគ្គ​មានអំណាច និង​ឈ្មួញ​មានទ្រព្យ​មួយចំនួន​បាន​ប៉ុនប៉ង​កន្លងមក ប៉ុន្តែ​ពេល​នេះ​ពួកគេ​បាន​សម្រេច​បំណង​ដោយ​រលូន និង​ឈាន​ទៅ​មាន​ប្លង់​កម្មសិទ្ធិ​កាន់កាប់​ដី​នេះ​ស្រប​ច្បាប់​ថែម​ទៀត​។​

​បញ្ហា​នេះ លោកស្រី សុធា​រី ស្នើ​ដល់ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ឲ្យជួយ​ថែរក្សា​បរិវេណ​ដី​នៅ​ជុំវិញ​បរិវេណ​បឹង​ព្រែក​ទប់ ទាំង​ផ្ទៃ​រង​ទឹកភ្លៀង និង​ផ្ទៃ​បឹង​ព្រែក​ទប់​ទាំងមូល ឲ្យមាន​ទំហំ​ធំ​ដូចដើម​វិញ ដោយ​មិន​គួរ​អនុញ្ញាតិ​ឲ្យ​ជន​ឆក់​ឱកាស ដែល​មាន​មហិច្ឆិតា​ចាក់​ដី​រំលោភ​យក​ដី​ចំណី​មាត់​បឹង​ព្រែក​ទប់​ធ្វើ​កម្មសិទ្ធិ​ឯកជន​កន្ល​ង​មក អាច​សម្រេច​មហិច្ឆិតា​របស់​ពួកគេ​នោះ​ទេ​។

​អ្នកឃ្លាំមើល​សង្គម​រូបនេះ ក៏​ស្នើ​ដល់ លោក ជា សុផារ៉ា រដ្ឋមន្ត្រី​ក្រសួង​ដែនដី និង​លោក យន្ត មីន អភិបាលខេត្ត​ព្រះសីហនុ ត្រូវ​មាន​សម្មភាព​ការងារ ដោយ​ត្រូវ​តម្កល់​ផលប្រយោជន៍​ជាតិ និង​សាធារណៈ​ជាធំ ហើយ​ត្រូវ​ជៀសឲ្យផុត​ពី​ការឃុប​ឃិត​ណាមួយ ដែល​នាំឲ្យ​មាន​ការបំផ្លាញ​ទ្រព្យសម្បត្តិ​ជាតិ​នា​ថ្ងៃ​អនាគត​។

​លោកស្រី សុធា​រី ឲ្យដឹងថា តាម​ការកត់សម្គាល់ បុគ្គល​មាន​ឈ្មោះ​កាន់កាប់​ចំណែក​ក្បាល​ដី​នៅ​ជុំវិញ​បរិវេណ​មាត់​បឹង​ព្រែក​ទប់​ភាគច្រើន គឺជា​មន្ត្រី​មាន​ឋានៈ​បុណ្យស័ក្តិ​ខ្ពស់​កំពុង​បម្រើ​ការងា​នៅតាម​មន្ទីរ ស្ថាប័ន​រដ្ឋ​មួយ​ចំនួន​នៃ​រដ្ឋបាល​ខេត្ត​ព្រះសីហនុ និង​មន្ត្រី​ខ្លះទៀត កំពុង​បំរើ​ការងារ​នៅតាម​ក្រសួង ស្ថាប័យរដ្ឋ​ថ្នាក់ជាតិ​។​

​លោកស្រី សុធា​រី មន្ត្រី​សមាគម​អាដហុក ប្រចាំ​ខេត្ត​ព្រះសីហនុ ថ្លែង​សោកស្តាយ កាល​បើ​សង្កេតឃើញថា បទបញ្ជា របស់ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​នៅក្នុង​វេទិកា​ការពារ​បរិស្ថាន ឬ​ធនធាន​ធម្មជាតិ លើក​ទី​២ កាលពី​ថ្ងៃ​ទី​២២ ខែ​សីហា ឆ្នាំ​២០១៧ នា​វិមាន​សន្តិភាព រាជធានី​ភ្នំពេញ ប៉ុន្តែ​បែរជា​មិនមាន​មន្ត្រី​ក្រោម​ឱវាទ​របស់​លោក​អនុវត្ត​តាម​ទេ ហើយ​ថែមទាំង​ផ្គើន​ទៅនឹង​បទបញ្ជា​នេះ​ថែម​ទៀត​។​

​បញ្ហា​នេះ​ដែរ លោក នួន ប៉ុក ប្រធាន​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម សំណង់ និង​សុរិយោដី ខេត្ត​ព្រះសីហនុ បានឲ្យដឹងថា កន្លង​មក​មន្ត្រី​ជំនាញ​បាន​ចុះ​បោះបង្គោល​កំណត់​ផ្ទៃ​រង​ទឹកភ្លៀង​បឹង​ទឹកសាប​ព្រែក​ទប់ ដោយ​អនុវត្ត​ត្រឹមត្រូវ​តាម​អនុក្រឹត្យ របស់​រាជរដ្ឋាភិបាល ស្ដីពី​ការងារ​ថែរក្សា​ការពារ​ផ្ទៃ​បឹង​ព្រែក​ទប់ មាន​ទំហំ​ជាង ១៦​ហិកតារ (១៦,៣​ហិកតារ​) សម្រាប់​រក្សា​ប្រភព​ទឹកស្អាត​នា​ខេត្ត​ព្រះសីហនុ​។ លោក​បន្តថា សកម្មភាព​ចុះ​កំណត់​ព្រំ​ដី​ផ្ទៃ​រង​ទឹកភ្លៀង​នេះ បាន​ឈាន​ដល់​រាល់ថ្ងៃនេះ ក្រុម​កា​ងារ ធ្វើ​សកម្មភាព​ដឹក​ដី​ចាក់ រៀបចំ​ស្ថាបនា​ផ្លូវ សង់​ទំនប់​ការពារ​ផ្ទៃ​បឹង និង​ដាំ​ដើមឈើ​ជុំវិញ​មាត់​បឹង ដើម្បី​កែលំអ​បឹង​ទឹកសាប​មួយ​នេះ​ឲ្យក្លាយ​ទៅ​ជា​តំបន់​ទេសចរណ៍​តាម​បែប​ធម្មជាតិ សម្រាប់​បំរើ​ដល់​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ ឲ្យចូល​មក​ទស្សនា​កម្សាន្ត នៅ​តំបន់​បឹង​ព្រែក​ទប់​នេះ​ក្នុងពេល​ដ៏​ឆាប់​ខាងមុខ​។​

​លោក នួន ប៉ុក បន្តថា នៅ​ថ្ងៃ​អនាគត ទីតាំង​នៅ​ជុំវិញ​តំបន់​បរិវេណ​មាត់បឹង​ព្រែក​ទប់ មាន​ទីតាំង​នៅ​ជាប់​ឆ្នេរ​ឯករាជ្យ ឬ​ឆ្នេរ ៧​ជាន់ ស្ថិតក្នុង​សង្កាត់​លេខ​៣ ក្រុង​-​ខេត្ត​ព្រះសីហនុ នឹង​ត្រូវ​ធានា​ថែរក្សា​ការពារ​សោភ័ណភាព​ធម្មជាតិ វប្បធម៌ ព្រមទាំង​អភិរក្ស​ប្រែក្លាយ​បឹង​ទឹកសាប​មួយ​នេះ សម្រាប់​បម្រើ​ដល់​ផលប្រយោជន៍​រួម របស់​សាធារណៈជន​ទូទៅ និង​រួម​គ្នា​ថែរក្សា​បឹង​ព្រែក​ទប់​ឲ្យបាន​គង់វង្ស​។ ប៉ុន្តែ​ការអះអាង​នេះ ត្រូវបាន​សាធារណៈជន ពិសេស​ប្រជាពលរដ្ឋ រស់នៅ​ខេត្ត​ព្រះសីហនុ រិះគន់ និង​ចាត់​ទុក​សកម្មភាព​ចាក់​ដី​អភិវឌ្ឍ​ផ្លូវ​ជុំវិញ​មាត់​បឹង​ព្រែក​ទប់ ថា​នាំឲ្យ​បាត់បង់​ផ្ទៃ​បឹង​ធម្មជាតិ​មួយ​នេះ​ថែម​ទៀត​។

​ផ្តើម​ពី​បញ្ហា​នេះ ប្រជាពលរដ្ឋ​រស់នៅ​ខេត្ត​ព្រះសីហនុ ស្នើ​ដល់​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ឲ្យជួយ​ថែរក្សា​ការពារ​ផ្ទៃ​រង​ទឹកភ្លៀង ឬ​មាត់បឹង​ព្រែក​ទប់ ឲ្យបាន​គង់វង្ស ជាពិសេស​បញ្ឈប់​ការផ្តល់​បណ្ណ​កម្មសិទ្ធិ និង​ជួយ​និរាករណ៍​រាល់​បណ្ណ​កម្មសិទ្ធិ​ទាំងឡាយណា ដែល​មន្ត្រី​ជំនាញ​ចេញ​ឲ្យ​បុគ្គល​ឯកជន ប៉ះពាល់​ដល់​ដី​ចំណី​មាត់បឹង ឬ​ផ្ទៃ​រង​ទឹកភ្លៀង​បឹង​ព្រែក​ទប់​នា​ពេលកន្លងមក​។

​មន្ទីរ​ឧស្សាហកម្ម និង​សិប្បកម្ម ខេត្ត​ព្រះសីហនុ កន្លងមកនេះ ធ្លាប់​បង្ហាញ​របាយការណ៍​ថា បរិវេណ​នៅ​ជំវិញ​មាត់បឹង​ព្រែក​ទប់ ឬ​ផ្ទៃ​រង​ទឹកភ្លៀង ផ្ទៃ​បឹង​ព្រែក​ទប់ ព្រមទាំង​បរិវេណ​ដី​ហ៊ុមព័ទ្ធ នៅ​ជុំវិញ​មាត់​បឹង​ព្រែក​ទប់​ទាំងមូល សរុប​មាន​ជាង ២​រយ​ហិច​តារ​។ ប៉ុន្តែ​ក្រោយមក បន្ទាប់​ពី​មាន​សកម្មភាព​ទន្ទ្រាន​កាន់កាប់​ដី​ផ្ទៃ​រង​ទឹកភ្លៀង​ខុសច្បាប់​ពី​ឈ្មួញ និង​មន្ត្រី​មាន​អំណាច​មួយចំនួន​ជា​បន្តបន្ទាប់ ដោយ​មាន​ការឃុបឃិត​ពី​មន្ត្រី​ស្ថាប័ន​ជំនាញ​ខ្លះ នៃ​រដ្ឋបាល​ខេត្ត​ព្រះសីហនុ​ក្នុង​អាណត្តិ​មុនៗ នាំ​ឲ្យ​ផ្ទៃបឹ​ង​ព្រែក​ទប់ បាន​រួម​នៅ​សល់​ជាង ៩០​ហិច​តារ​  ដែល​កាលណោះ​នៅក្នុង​អាណត្តិ​ដឹកនាំ របស់ លោក សាយ ហាក់ ធ្វើ​ជា​អភិបាលខេត្ត​ព្រះសីហនុ​។ ទាក់ទិន​បឹង​ព្រែក​ទប់​នេះ កន្លងមក លោក សាយ ហាក់ ធ្លាប់​បាន​បញ្ជា ឲ្យ​សមត្ថកិច្ច​វាយកំទេច​ផ្ទះ​វីឡា​ធំ​ស្កឹមស្កៃ របស់ លោក ខាត់ ប៊ុណ្ណា មន្ត្រី​មន្ទីរ​រៀបចំ​ដែនដី​ខេត្ត​ព្រះសីហនុ​ចោល​រាប​ដល់​ដី ដែល​កាលណោះ​រដ្ឋបាលខេត្ត​នេះ​ចោទ​ថា បាន​សង់​នៅលើ​ដី​ចំណី​មាត់បឹង​ព្រែក​ទប់ ប៉ុន្តែ​ពេល​បច្ចុប្បន្ន​ដី​ផ្ទៃ​មាត់​បឹង​ព្រែក​ទប់ និង​ទីតាំង​ផ្ទះ​វីឡា ដែល​ត្រូវ​វាយកំទេច​នោះ ត្រូវ​មន្ត្រី​មានអំណាច និង​ឈ្មួញ បាន​រំលោភ​ស្ទើ​ទាំងស្រុ​ងអស់​ទៅហើយ​។ បន្តបន្ទាប់​មក​ទៀត នៅក្នុង​អាណត្តិ​ទី​៤ ក្រោម​ការដឹកនាំ របស់លោក ស្បោង សារ៉ាត់ ជា​អភិបាលខេត្ត​ព្រះសីហនុ​វិញ គឺ​ដី​ផ្ទៃ​រង​ទឹកភ្លៀង​បឹង​ព្រែក​ទប់ ដែល​នៅសល់​ជាង ៩០​ហិច​តារ ត្រូវបាន​មន្ត្រី​មានអំណាច និង​ឈ្មួញ​មាន​ទ្រព្យ នៅក្នុង​អាណត្តិ​ដឹកនាំ របស់លោក ស្បោង សារ៉ាត់ ឃុបឃិត​គ្នា រំលោភ​ធ្វើជា​កម្មសិទ្ធិ​ស្ទើ​គ្មាន​សល់​។​


សកម្មភាព​ទន្ទ្រាន​កាន់កាប់​ដី​នៅ​ជុំវិញ​បឹង​ព្រែក​ទប់​នេះ លោក ស្បោង សារ៉ាត់ អតីត​អភិបាលខេត្ត​ព្រះសីហនុ និង​អតីត​ប្រធាន​មន្ទីរ​សុរិយោដី​ខេត្ត​ព្រះសីហនុ អាច​ដឹង​រឿង​នេះ​ច្បាស់​ជាង មន្ត្រី​ស្ថាប័ន​ពាក់ព័ន្ធ​ខ្លះទៀត នៅក្រោម​រដ្ឋបាល​ខេត្ត​ព្រះសីហនុ​នៅក្នុង​រជ្ជកាល​នោះ​។ ក្រោយមក លោក ស្ប៉ោ​ង សារ៉ាត់ បានសម្រេច​រក្សា​ផ្ទៃ​បឹង​ព្រែក​ទប់ នៅ​ចន្លោះ​ពី ១៥ ទៅ ១៦​ហិកតារ​តែ​ប៉ុណ្ណោះ​។​

​ទោះយ៉ាងណា លោក យន្ត មីន អភិបាលខេត្ត​ព្រះសីហនុ ដែល​ទើប​មក​ដឹកនាំ​ក្នុង​អាណត្តិ​នេះ មានប្រសាសន៍ថា បញ្ហា​កើត​មាន​នៅ​បឹង​ព្រែក​ទប់ មាន​ទីតាំង​នៅក្នុង​សង្កាត់​លេខ​៣ ដែល​នៅ​សេសសល់​ចុងក្រោយ​នេះ បច្ចុប្បន្ន ក្រុម​ការងារ​ចម្រុះ របស់​រាជរដ្ឋាភិបាល រួមមាន​៖ ក្រសួង​រៀបចំ​ដែនដី មន្ទីរ​សុរិយោដី​ខេត្ត និង​រដ្ឋបាល​ខេត្ត​ព្រះសីហនុ​ជាដើម បាន​អនុវត្ត​តាម​សេចក្តីសម្រេច របស់​រាជរដ្ឋាភិបាល ដើម្បី​ឈាន​ទៅ​អភិរក្ស​ថែរក្សា​ការពារ បឹង​ធម្មជាតិ នៃ​ផ្ទៃ​បឹង​ព្រែក​ទប់ មាន​ទំហំ​ជាង ១៦​ហិច​តារ (១៦,៣​ហិច​តារ​) សម្រាប់​រក្សា​ប្រភព​ទឹកស្អាត​នា​ខេត្ត​ព្រះសីហនុ ឲ្យបាន​គង់វង្ស និង​ដាក់​ឲ្យ​ការពារ​ដោយ​ព្រះរាជ្យក្រឹត្យ​៕ ដែន សីមា​    

spot_img
×