ភ្ជាប់ទំនាក់ទំនងជាមួយយើងតាមរយៈ

នគរវត្ត កាសែត​ភាសា​ខ្មែរ​មុនដំបូង​បំផុត​

(ថ្ងៃទី 18 មេសា 2012, ម៉ោង 09:46:AM) | ដោយ: ខឿន សាឃៀន

ក- ក+ | Print

នគរវត្ត កាសែត​ភាសា​ខ្មែរ​មុនដំបូង​បំផុត​
រូបសំណៅដើមមួយរបស់កាសែតនគរវត្ត

 
ភ្នំពេញ​: កាសែត​ជា​ភាសា​ខ្មែរ​មុនដំបូង​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​ខ្មែរ​មាន​ឈ្មោះថា “ នគរវត្ត​” ត្រូវបាន​បង្កើតឡើង​ដោយ សឺ​ន ង៉ុ​ក ថា​ញ់ និង លោក ប៉ាច ឈឺ​ន នៅ​ឆ្នាំ​១៩៣៦ គឺជា​កាសែត​ជាតិនិយម​ដែល​បាន​បំផុសស្មារតី​ខ្មែរ​ឱ្យ​ភ្ញាក់រលឹក​ខិតខំ​រៀនសូត្រ​, ចេះ​ប្រកប​របរ​អាជីវកម្ម និងមាន​ស្មារតី​ស្នេហា​ជាតិ ទាមទារ​ឯករាជភាព​ពី​បារាំង ហើយ​ត្រូវបាន​បារាំង​បិទ​ជា​និរន្តរ៍​បន្ទាប់ពី​មាន​បាតុកម្ម​ទាមទារ​ឱ្យ​បារាំង​ដោះលែង​អាចារ្យ ហែម ចៀវ។​

​ដោយ​មើលឃើញនូវភាពអវិជ្ជមាន និង កម្សោយ​ដូចជា​ភាព​ឆោតល្ងង់ នៃប្រជាជន​ខ្មែរ នៅ​ចំពោះមុខ​ភាព​ឆ្លាត​ឆ្លំនៃប្រជាជន​ដទៃ​ ដូចជា​ចិន និងយួន និង ឃើញ​ការឈឺចាប់​របស់​ខ្មែរ ស្ថិតក្រោម​ការគ្រប់គ្រង​របស់​បារាំង ទើប​នៅ​ឆ្នាំ​១៩៣៦ កាសែត​មួយ​ត្រូវបាន​បង្កើត​ឡើង មាន​ឈ្មោះថា “​នគរវត្ត​” ។ នគរវត្ត ជា​កាសែត​ជា​ភាសា​ខ្មែរ​មុនដំបូង​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​ខ្មែរ។ នោះ​ជា​កាសែត​ជាតិនិយម ដែល​បាន​បំផុសស្មារតី​ខ្មែរ​ឱ្យ​ភ្ញាក់រលឹក​ខិតខំ​រៀនសូត្រ​, ចេះ​ប្រកប​របរ​អាជីវកម្ម និងមាន​ស្មារតី​ស្នេហា​ជាតិ ទាមទារ​ឯករាជភាព​ពី​អាណានិគម​​បារាំង​មក​ជូន​ជាតិខ្មែរ​វិញ។ កាសែត​នេះ​បាន​ត្រូវ​បង្កើតឡើង​ដោយ​លោក សឺ​ន ង៉ុ​ក ថា​ញ់ និង លោក ប៉ាច ឈឺ​ន។​

​លោក សឺ​ន ង៉ុ​ក ថា​ញ់ មាន​ដើមកំណើត​ជា​ខ្មែរ​កម្ពុជា​ក្រោម ធ្លាប់បាន​ទៅ​សិក្សា​មានចំណេះ​វិជ្ជា​ជ្រៅជ្រះ​នៅ​ប្រទេស​បារាំង បាន​ចូល​បម្រើ​ការងារនៅមន្ទីរ​ពុទ្ធសាសនបណ្ឌិត្យ នៅ​ឆ្នាំ​១៩៣៥ ហើយ​ក្រោយមក​បាន​ឡើង​ឋានៈ​ជា​អគ្គលេខាធិការរង នៃស្ថាប័ន​អ្នកប្រាជ្ញ​ខាង​ព្រះពុទ្ធសាសនា​ដ៏​ល្បីល្បាញ​ទូទាំង​ឥណ្ឌូចិន​មួយ​នេះ។​

 លោក ប៉ាច ឈឺ​ន ជា​ចាងហ្វាង​កាសែត​នេះ មាន​ភារកិច្ច​ចុះទៅ​មើល​ស្ថានភាព​នយោបាយ​នៅតាម​ទី​នានា ចំណែក​អ្នកប្រាជ្ញ​ទាំងឡាយ​ដែលជា​អ្នកមាន​គំនិត​ស្នេហា​ជាតិ​ដែរ ប៉ុន្តែ​ដោយសារ​ពួកលោក​មាន​តួនាទី​ជា​មន្ត្រីរាជការ ពុំមាន​សិទ្ធិ​ធ្វើ​នយោបាយ​ដូចជា​លោក សឺ​ន ង៉ុ​ក ថា​ញ់ , ស៊ីម វ៉ា , ពិ​ទូរ ឈឹម ក្រ​សេម​, ញ៉ុ​ក ថែម និង ជុំ មួង ជាដើម ទទួលខុសត្រូវ​ច្រើន​ក្នុងការ​សរសេរ​អត្ថបទ​ដោយ​លួចលាក់​សម្រាប់​ចុះផ្សាយ​ក្នុង​កាសែត​នេះ។​

​រដ្ឋបាល​អាណាព្យាបាល​បារាំង​បាន​ត្បិតត្បៀត​រឹតបន្តឹង​សេរីភាព​នៃ​ការចេញផ្សាយ​កាសែត​នេះ​ដោយសារ​ពួកគេ​យល់ថា កាសែត​នេះ​ចេញផ្សាយ​ប៉ះពាល់​ការគ្រប់គ្រង​របស់​ពួកគេ​មកលើ​ប្រទេស​កម្ពុជា។​

​អ្នក​បោះពុម្ពផ្សាយ​កាសែត នគរវត្ត បាន​ព្យាយាម​ស្វែងរក​ការគាំទ្រ​ពី​ព្រះមហាក្សត្រ​ខ្មែរ ប៉ុន្តែ​ពាក្យស្នើសុំ​របស់​ពួកគេ ត្រូវបាន​ព្រះអង្គម្ចាស់ មុនី​រ៉េត ជា​បុត្រ​ច្បង​នៃ​ព្រះករុណា​មុនី​វង្ស បដិសេធ។

​ពួក​អ្នក​បោះពុម្ពផ្សាយ​ទាំងនោះ​ក៏បាន​បន្ត​ការស្នើសុំ​របស់​ពួកគេ​ទៀត​ទៅ​ព្រះអង្គម្ចាស់ សុរា​ម្រឹត (​បិតា នៃ ព្រះបាទ សីហនុ​) ។ ព្រះអង្គម្ចាស់ សុរា​ម្រឹត បាន​យល់ព្រម​គ្រប់គ្រង​សារព័ត៌មាន​នេះ ហើយ​ព្រះអង្គ​បាន​ស្ថិតនៅ​ជិតដិត​ជាមួយ​ពួក​អ្នកសារព័ត៌មាន​នេះ​រហូតដល់​ឆ្នាំ​១៩៤១។​

​ស​ប្តា​នុប្ប​វ​ត្តិ នៃកាសែត​នេះ​មាន​ចេញផ្សាយ​៥.០០០ ច្បាប់ ប៉ុន្តែ​ត្រូវគេ​ដឹងថា អ្នកអាន​មាន​ចំនួន​ច្រើនជាង​នេះ​ឆ្ងាយ​ណាស់ ជាពិសេស​នៅតាម​វត្ត​អារាម។​
​កាសែត​នេះ​ទទួលបាន​ការគាំទ្រ​យ៉ាងខ្លាំង​ពី​ប្រជារាស្ត្រ​ខ្មែរ​ ហើយក៏​បាន​លទ្ធផល​ជោគជ័យ​ណាស់ដែរ ដោយ​ប្រជាជន​ខ្មែរ​ជាច្រើន​បានភ្ញាក់រលឹក​ខំ​ចាប់ផ្តើម​ធ្វើ​មុខ​ជំនួញ​ជួញដូរ ខិតខំ​សិក្សា​រៀនសូត្រ។ ល។

​ព្រះសង្ឃ​ដែលមាន​ចំណេះដឹង​ជ្រៅជ្រះ និងមាន​ទំនោរ​ជាតិនិយម​នា​សម័យ​នោះ និង ជា​ព្រះសង្ឃ​ល្បីល្បាញ​ក្នុង​ប្រវត្តិសាស្ត្រ​ខ្មែរ ដូចជា​អាចារ្យ ប៉ាង ខាត​, អាចារ្យ ខៀវ ជុំ និង អាចារ្យ ហែម ចៀវ ជាដើម​ សុទ្ធតែជា​មនុស្ស​ស្និទ្ធ​នឹង​កាសែត នគរវត្ត នេះ។

​ថ្ងៃទី​១៧​ខែកក្កដា ឆ្នាំ​១៩៤២ ព្រះ​ភិក្ខុ  ហែម ចៀវ ជា​សាស្ត្រាចារ្យ ភាសាបាលី នៅ​សាលា​បាលី​ជាន់ខ្ពស់ និង ជា​ព្រះ​បាឡាត់ នៃសម្តេចព្រះ​មហាសង្ឃរាជ ជួន ណាត ត្រូវបាន​បារាំង​ចាប់​ផ្សឹក និង ឃុំខ្លួន នៅពេល​ព្រះអង្គ​កំពុង​ទេសនា​ប្រៀនប្រដៅ​ប្រជាជន​ខ្មែរ​ឱ្យ​ចេះ​ស្រឡាញ់​សេរីភាព និង ឯករាជភាព​ជាតិ។ ការចាប់​ផ្សឹក​ទាំង​កំរោល​បែបនេះ បាន​បង្ក​ជា​កំហឹង​ដល់​ប្រជារាស្ត្រ​ខ្មែរ ដោយ​ពួកគេ​យល់ថា រដ្ឋបាល​អាណានិគម​បារាំង​ប្រមាថ​ដល់​ព្រះពុទ្ធសាសនា​ជាទីគោរព​សក្ការៈ​របស់​ពួកគេ។
​ទំនងជា​មានសង្ឃឹម និងការសន្យា​ថា​នឹង​ទទួលបាន​ការគាំទ្រ​ពី​សំណាក់​កងទ័ព​ជប៉ុន​ផង ទើប​នៅ​ថ្ងៃទី​២០ ខែ និង ឆ្នាំ​ដដែល​នោះ មហា​បាតុកម្ម​មួយ​ដែល​គេ​ហៅថា “ សង្គ្រាម​ឆត្រ​” បាន​ត្រូវ​រៀបចំឡើង ដោយមាន​លោក សឺ​ន ង៉ុ​ក ថា​ញ់ ជា​អ្នក​ផ្តួចផ្តើម ហើយ​ដឹកនាំ​ប្រតិបត្តិការ​ផ្ទាល់​ដោយ​លោក ប៉ាច ឈឺ​ន និង លោក ប៊ុន ច័ន្ទ​ម៉ុ​ល ដើម្បី​ទាមទារ​ឱ្យ​អគ្គទេសាភិបាល​បារាំង​ដោះលែង​ព្រះ​អាចារ្យ​ហែម ចៀវ របស់​ពួកគេ​មកវិញ។​ ប៉ុន្តែ នៅពេល​បាតុកម្ម​បាន​កំពុងដំណើរការ គេ​ពុំ​ឃើញ​មានការ​គាំទ្រ ឬ អន្តរាគមន៍​ណាមួយ​ពី​កងទ័ព​ជប៉ុន​ឡើយ ។ រដ្ឋការ​បារាំង​មិនបាន​ដោះលែង​អាចារ្យ ហែម ចៀវ តាម​ការទាមទារ​រប​ស់​ពួក​បាតុករ​ឡើយ ហើយ​ថែមទាំង​បាន​ចាប់ខ្លួន​មនុស្ស​សំខាន់ៗ​ដូចជា​លោក ប៉ាច ឈឺ​ន និង លោក ប៊ុន ចន្ទ​ម៉ុ​ល  ជាដើម​ទៅ​ដាក់គុក​នៅ​កោះ​ត្រឡាច​ទៀតផង។ លោក សឺ​ន ង៉ុ​ក ថា​ញ់ បាន​រត់គេចខ្លួន​ទៅ​បាត់ដំបង បន្ទាប់មក​ទៅដល់​បាងកក​ប្រទេស​ថៃ និងហួស​ទៅ​នៅ​ប្រទេស​ជប៉ុន រយៈពេល​ប្រមាណ​ជា​២​ឆ្នាំ។ មន្ទីរ​ពុទ្ធសាសនបណ្ឌិត្យ ត្រូវបាន​បិទទ្វារ​ជា​បណ្តោះអាសន្ន ចំណែក​កាសែត នគរវត្ត ត្រូវបាន​បារាំង​បិទ​ជា​រៀងរហូត។​

​ព្រះ​ភិក្ខុ មួយរូប​ដែល​គេ​ស្គាល់​ថា អាចារ្យ មាន គង់នៅ​វត្ត​ឧណ្ណ​លោម ដែល​បាន​ចូលរួម​ក្នុង​មហា​បាតុកម្ម ឬ សង្គ្រាម​ឆត្រដែរនោះ បាន​រត់​ភៀសខ្លួន​ទៅ​ខេត្តកំពង់ឆ្នាំង ហើយ​បាន​បង្កើត​ក្រុម​តស៊ូ​ប្រដាប់អាវុធ​នៅ​ទីនោះ ។ អាចារ្យ មាន នេះឯង​ហើយ​ជា​មនុស្ស​ម្នាក់​ក្នុងចំណោម​មនុស្ស​២​រូប​ដែល​បាន​នាំ​លទ្ធិ​កុ​ម្មុយ​និ​ស្ត មក​សាបព្រោះ​នៅលើ​ទឹកដី​ខ្មែរ​មុនគេ​បំផុត៕ S
     ​

E-Newspaper (រស្មីកម្ពុជា)
cen
រូបភាព
  • Neay kroch (1)
  • Prim liza
  • 2-lumbini-garden-nepal
  • 1
  • 09

Our Partners