ភ្នំពេញ: អង្គការសង្គមស៊ីវិល និងសហជីពនៅកម្ពុជា ចំនួន ៥៨ បានចេញសេចក្តីថ្លែងការណ៍រួម ដោយបដិសេធទាំងស្រុង
នូវរាល់ការលើកឡើង របស់លោក ថេបម៉ុនទ្រី លិមផៈយ៉ង
អ្នកជំនាញឯករាជ្យផ្នែកប្រវត្តិសាស្ត្រថៃ
ជុំវិញបញ្ហាប្រាសាទព្រះវិហាររបស់កម្ពុជា។
សេចក្តីថ្លែងការណ៍ ចុះថ្ងៃទី ២៨
កក្កដា របស់ក្រុមអង្គការសង្គមស៊ីវិល និងសហជីពកម្ពុជា បានប្រឆាំងតបនឹងផ្ញើលិខិតចំហរបស់អ្នកប្រវត្តិសាស្ត្រថៃ ដែលបានផ្ញើទៅកាន់អគ្គនាយកអង្គការ យូណេស្កូ
ហើយត្រូវបានផ្សាយតាមរយៈ ASTV manager online ថ្ងៃទី ២៣ កក្កដា ឆ្នាំ២០១០។
អ្នកប្រវត្តិសាស្ត្រថៃ បានលើកឡើងថា
ការចុះបញ្ជីប្រាសាទព្រះវិហារជាសម្បត្តិបេតិកភណ្ឌពិភពលោក
ជាមូលហេតុនៃការបង្កើតជម្លោះរវាងកម្ពុជា-ថៃ ហើយបានចោទអង្គការ យូណេស្កូ ថា គ្មានអភិបាលកិច្ចល្អ គ្មានសមធម៌
និងមានបុរេវិនិច្ឆ័យ មកលើប្រទេសកម្ពុជា ហើយថែមទាំង
ទាមទារឲ្យអង្គការនេះ សុំទោសដល់ប្រជាជនថៃទៀតផង ។
ក៏ប៉ុន្តែសេចក្តីថ្លែងការណ៍របស់ក្រុមអង្គការ និងសហជីពកម្ពុជា បានចាត់ទុកថា ការថ្លែងរបស់លោក ថេបម៉ុនទ្រី
លិមផៈយ៉ង់ ថាជាយុទ្ធនាការបំពុលបរិយាកាស
មានចរិតជាតិនិយមជ្រុលហួសហេតុ ក្នុងបំណងបំភ័ន្តសាធារណៈមតិជាតិ
និងអន្តរជាតិ ដើម្បីបម្រើមហិច្ឆតានយោបាយរដ្ឋាភិបាល អាប់ភីស៊ីត
សព្វថ្ងៃតែប៉ុណ្ណោះ ។
តាមការពិតតុលាការយុត្តិធម៌អន្តរជាតិទីក្រុងឡាអេ
បានចេញសាលដីកាសម្រេចកាលពីថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ១៩៦២
បញ្ជាក់យ៉ាងច្បាស់ថា ‹ ប្រាសាទព្រះវិហារ
និងបរិវេណជុំវិញប្រាសាទព្រះវិហារស្ថិតក្នុងទឹកដីកម្ពុជាទាំងស្រុង
› ។
សេចក្តីសម្រេចនេះ ផ្អែកទៅលើផែនទីឧបសម្ព័ន្ធមួយ
ដែលជាលទ្ធផលនៃអនុសញ្ញា ចុះថ្ងៃទី១៣ កុម្ភៈ ឆ្នាំ១៩០៤
ដែលបានចែងយ៉ាងច្បាស់លាស់ពីព្រំដែន នៅតំបន់ភ្នំដងរែក
និងសៀមក្នុងការកំណត់ខ្សែបន្ទាត់ព្រំដែន ។
សេចក្តីថ្លែងការណ៍រួមបន្តថា យោងតាមផែនទីនេះ តុលាការយុត្តិធម៌អន្តរជាតិ បានសម្រេចដូចខាងក្រោម៖
១:
ប្រាសាទព្រះវិហារស្ថិតនៅក្នុងទឹកដីក្រោមអធិបតេយ្យ
របស់ប្រទេសកម្ពុជា ។ ដូចនេះថៃ ត្រូវមានកាតព្វកិច្ច ក្នុងការដកកងទ័ព
តម្រួត អ្នករក្សា និងឆ្មាំនានាដទៃទៀត
ដែលថៃបានដាក់ក្នុងប្រាសាទនេះ ឬក៏នៅក្បែរប្រាសាទ
ដែលស្ថិតក្នុងទឹកដីកម្ពុជា ហើយថៃត្រូវប្រគល់វត្ថុបូរាណ
និងវត្ថុផ្សេងៗទៀត ដែលបានលួចចេញពីតំបន់ប្រាសាទព្រះវិហារ ។
២:
ដោយសំអាងទៅលើសេចក្តីសម្រេចរបស់តុលាការយុត្តិធម៌អន្តរជាតិ
និងការពិនិត្យពិច័យយ៉ាងម៉តចត់របស់ក្រុមប្រឹក្សាអន្តរជាតិ
សម្រាប់បូជនីយដ្ឋាន និងតំបន់ប្រាសាទ (ICOMOS) ។
គណកម្មាធិការបេតិកភណ្ឌពិភពលោក បានសម្រេចចុះបញ្ជីប្រាសាទព្រះវិហារ
ជាសម្បត្តិបេតិកភណ្ឌពិភពលោក កាលពីថ្ងៃទី ៧ កក្កដា ២០០៨
នៅទីក្រុងកេប៊ិច ប្រទេសកាណាដា ។ សេចក្តីសម្រេចនេះ
ត្រូវបានធ្វើឡើងវិញថា ប្រាសាទព្រះវិហារជារបស់កម្ពុជា
ដូចដែលតុលាការអន្តរជាតិ បានសម្រេចរួចហើយ ។
ដោយឡែកការចុះប្រាសាទព្រះវិហារទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោកនេះ
គ្មានពាក់ព័ន្ធអ្វីទៅនឹងបញ្ហាព្រំដែនទេ ។
សេចក្តីថ្លែងការណ៍បញ្ជាក់ជូនក្រោយថា យើងខ្ញុំទាំងអស់គ្នា
ជាតំណាងឲ្យអង្គការសង្គមស៊ីវិល និងសហជីពឯករាជ្យ
នៃព្រះរាជាណាចក្រកម្ពុជា ចំនួន ៥៨ សូមអំពាវនាវដល់រដ្ឋាភិបាល
អាប់ភីស៊ីត និងលោក ថេបម៉ុនទ្រី លិមផៈយ៉ង
ក៏ដូចជាក្រុមជ្រុលនិយមថៃមួយចំនួន គប្បីបញ្ឈប់នូវការលើកឡើង
ដោយភាពវង្វេងប្រវត្តិសាស្ត្រ គ្មានមូលដ្ឋានច្បាប់ត្រឹមត្រូវ
និងការប្រើប្រាស់ព័ត៌មានបំផ្លើស
ដែលនាំឲ្យមានការភ័ន្តច្រឡំដល់សាធារណៈមតិជាតិ និងអន្តរជាតិ
ដើម្បីបញ្ចៀស បាននូវការប៉ះពាល់ដល់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ
នៃប្រទេសទាំងពីរ ។
តំណាងអង្គការសង្គមស៊ីវិល និងសហជីពដែលចុះហត្ថលេខា
និងត្រារួមមាន: លោក សោម អូន
ប្រធានអង្គការសង្គមស៊ីវិលកម្ពុជាអាស៊ាន, លោក ថៅ វាសនា
ប្រធានសហព័ន្ធសិទ្ធិមនុស្ស និងអភិវឌ្ឍន៍កម្ពុជា, លោក សុង ធាវុធ
ប្រធានសមាគមយុវជនកម្ពុជា-អាស៊ាន, លោក សួន ងួនអ៊ី
ប្រធានសមាគមសិទ្ធិមនុស្សកម្ពុជា-អាស៊ាន, លោក អ៊ឹង មល្លីវណ្ណ
ប្រធានទីភ្នាក់ងារប្រឹក្សាយោបល់សង្គមកម្ពុជា, លោក គឹម ចាន់សំណាង
ប្រធានសភាសម្ព័ន្ធសហជីពជាតិកម្ពុជា ។ល។ ៕