ភ្នំពេញ: ក្រុមអ្នកតំណាងរាស្ត្រចំនួន ៨២ រូប មកពីគណបក្សប្រជាជនកម្ពុជា គណបក្សហ្វ៊ុនស៊ិនប៉ិច និងគណបក្សជាតិនិយម (អតីតគណបក្សនរោត្តមរណឫទ្ធិ) ដែលមានវត្តមានក្នុងអង្គប្រជុំវិសាមញ្ញរដ្ឋសភា បានលើកដៃអនុម័ត ដោយឯកច្ឆ័ន្ទលើសេចក្តីព្រាងច្បាប់ប្រឆាំងអំពើពុករលួយ កាលពីព្រឹកថ្ងៃព្រហស្បតិ៍ ទី១១ ខែមីនា ឆ្នាំ២០១០ ។
ក្នុងពេលរដ្ឋសភាពិភាក្សាលើសេចក្តីព្រាងច្បាប់ប្រឆាំងអំពើពុករលួយនោះ ក្រុមអ្នកតំណាងរាស្ត្រគណបក្សសម រង្ស៊ី ចំនួន ១៦ រូប បានដើរចេញពីអង្គប្រជុំរដ្ឋសភា ។ ចំណែកអ្នកតំណាងរាស្ត្រ ៣ រូបរបស់គណបក្សសិទ្ធិមនុស្សរបស់លោក កឹម សុខា បានធ្វើពហិការមិនចូលរួមប្រជុំរដ្ឋសភា តាំងពីថ្ងៃបើកកិច្ចប្រជុំវិសាមញ្ញរដ្ឋសភា ដើម្បីពិភាក្សា និងអនុម័តលើសេចក្តីព្រាងច្បាប់ប្រឆាំងអំពើពុករលួយ កាលពីថ្ងៃទី១០ ខែមីនា ឆ្នាំ២០១០ ។
ពហិការមិនចូលរួមប្រជុំរដ្ឋសភា របស់អ្នកតំណាងរាស្ត្រគណបក្សប្រឆាំង ដោយសារតែរដ្ឋសភា មិនពន្យារពេលប្រជុំ ។ ចំណែកការផ្តល់យោបល់ សុំកែខ្លឹមសារមួយចំនួន ក្នុងច្បាប់ប្រឆាំងអំពើពុករលួយ ក៏មិនត្រូវបានរដ្ឋសភាពិចារណា ដាក់បញ្ចូលក្នុងច្បាប់នោះឡើយ ។
យ៉ាងណាក៏ដោយ អង្គប្រជុំរដ្ឋសភា បានអនុម័តជាឯកច្ឆ័ន្ទលើសេចក្តីព្រាងច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ ដែលមាន ៩ ជំពូក និង ៥៧ មាត្រា នៅវេលាម៉ោង ១២ និង ១០ នាទី ព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០១០ ដោយសម្លេង ៨២ លើ ៨២ សម្លេង ។ ក៏ប៉ុន្តែក្រុមអ្នកតំណាងរាស្ត្រគណបក្សសមរង្ស៊ី ចំនួន ១៦ រូប បានដើរចេញពីកិច្ចប្រជុំរដ្ឋសភា នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០១០ ខណៈដែលអង្គប្រជុំរដ្ឋសភា បញ្ចប់ការពិភាក្សាលើសេចក្តីព្រាងច្បាប់ដល់ជំពូកទី៤ ក្រោមសម្លេងអនុម័ត ៨១ លើ ៩៧ សម្លេង ។
លោក យឹម សុវណ្ណ អ្នកតំណាងរាស្ត្រ និងជាអ្នកនាំពាក្យគណបក្ស សម រង្ស៊ី បានលើកឡើងថា ការដើរចេញពីកិច្ចប្រជុំនេះ ដោយសារតែយើងចំណាយពេលអត់ប្រយោជន៍ ដោយខំតស៊ូមតិគ្មានន័យ គ្មានការប្រែប្រួលអ្វីទាំងអស់ ។ ច្បាប់នេះ ធ្វើគ្រាន់តែបំពេញចិត្តម្ចាស់ជំនួយ និងជាឡប់ឡែ សម្រាប់បិទបាំងនូវទង្វើខុសឆ្គងរបស់មន្ត្រីខិលខូច និងជាសំណាញ់ដែក ដើម្បីការពារជនពុករលួយយ៉ាងរឹងមាំថែមទៀត ។
ក្រោយពីរដ្ឋសភា ផ្តល់ការទុកចិត្ត ដោយឆ្លងច្បាប់ប្រឆាំងអំពើពុករលួយរួចហើយនោះ លោកឧបនាយករដ្ឋមន្ត្រី សុខ អាន រដ្ឋមន្ត្រីទីស្តីការគណៈរដ្ឋមន្ត្រី ដែលតំណាងរាជរដ្ឋាភិបាល ចូលការពារច្បាប់ បានលើកឡើងថា សេចក្តីព្រាងច្បាប់នេះ គឺជាផលិតផលមួយដែលកើតចេញពីដំណើរការយ៉ាងវែង គឺរយៈពេល ១៥ ឆ្នាំមកហើយ ។
លោកឧបនាយករដ្ឋមន្ត្រី សុខ អាន បានបន្ថែមថា ច្បាប់ប្រឆាំងអំពើពុករលួយនេះច្បាប់រស៊ើប និងមានសារៈសំខាន់ចំពោះប្រទេសជាតិ ។ ច្បាប់នេះត្រូវបានដាក់បញ្ចូលដោយយោបល់អ្នកជំនាញការ និងអង្គការក្រៅរដ្ឋាភិបាល ដោយយកមកធ្វើជាសំយោគ ដើម្បីបង្កើតជាផលិតផលនេះឡើងឲ្យក្លាយជាសេចក្តីព្រាងច្បាប់ ហើយត្រូវរដ្ឋសភា បានអនុម័តនាពេលនេះ។
លោកឧបនាយករដ្ឋមន្ត្រី សុខ អាន បានបញ្ជាក់ថា ច្បាប់ប្រឆាំងអំពើពុករលួយនេះ នឹងក្លាយជាឧបករណ៍ថ្មីមួយទៀត ដើម្បីប្រយុទ្ធប្រឆាំងអំពើពុករលួយ ជាពិសេសអង្គភាពប្រឆាំងអំពើពុករលួយរបស់រាជរដ្ឋាភិបាល នឹងក្លាយជាមធ្យោបាយ និងក្លាយទៅជាឧបករណ៍កាន់តែមុតស្រួច ដើម្បីបំពេញនូវភារៈកិច្ចដ៏ធ្ងន់ធ្ងរនេះ ជូនរាជរដ្ឋាភិបាល ។
ចំណែកលោក យឹម សុវណ្ណ បានលើកឡើងថា គណបក្សសមរង្ស៊ី មិនអាចសុំកែប្រែសូម្បីតែមួយចំណុច ។ គណបក្សប្រឆាំងមានការខកចិត្តយ៉ាងខ្លាំង ច្បាប់ប្រឆាំងអំពើពុករលួយនេះ នឹងក្លាយទៅជាច្បាប់ការពារអំពើពុករលួយ ដោយសារតែនិយមន័យមិនច្បាស់លាស់ សមាសភាពក្រុមប្រឹក្សាជាតិ និងអង្គភាពប្រឆាំងអំពើពុករលួយ គឺជាសមាសភាព ដែលគ្រប់គ្រងដោយរដ្ឋាភិបាល ស្ទើរតែទាំងអស់ ។ ចំណែកអ្នកដែលប្រព្រឹត្តអំពើពុករលួយច្រើនតែជាមន្ត្រីស្ថិតនៅក្នុងជួររដ្ឋាភិបាល ។
លោក យឹម សុវណ្ណ បានបន្ថែមថា យោងតាមច្បាប់នេះ ប្រជាពលរដ្ឋមិនអាចដឹងពីការប្រកាសទ្រព្យសម្បត្តិបានទេ ដូច្នេះមានន័យថា គ្មានតម្លាភាពឡើយ ។ ម្យ៉ាងទៀង អ្នកចូលរួមដាក់ពាំក្យបណ្តឹង ឬសាក្សី ដែលផ្តល់ព័ត៌មានទាក់ទងនឹងអំពើពុករលួយ ទៅឲ្យស្ថាប័ប្រឆាំងអំពើពុករលួយ ហើយបើស្រាវជ្រាវរកទៅពុំពុំច្បាស់លាស់ គឺអ្នកផ្តល់ព័ត៌មាននោះ ត្រូវបានចាប់ខ្លួន និងជាប់ពន្ធនាគារ ។ ដូច្នេះនឹងពុំមានអ្នកណា ហ៊ានប្តឹង និងហ៊ានធ្វើជាសាក្សីប្រឆាំងការប្រព្រឹត្តអំពើពុករលួយទេ ។
ជាមួយគ្នានោះ លោកមេធាវី សុខ សំអឿន នាយកប្រតិបត្តិអង្គការក្រុមអ្នកច្បាប់ការពារសិទ្ធិកម្ពុជា បានក៏បានសម្តែងការខកចិត្តចំពោះរដ្ឋសភា ដែលប្រញាប់ប្រញាល់អនុម័តច្បាប់ប្រឆាំងអំពើពុករលួយ ដោយគ្មានការកែប្រែអ្វីនោះ។
លោក សុក សំអឿន បានគូសបញ្ជាក់ថា សង្គមស៊ីវិល នៅរង់ចាំមើលការអនុវត្តន៍ច្បាប់នេះ ថាតើវាមានប្រសិទ្ធភាពដល់កម្រិតណា? ។ ហើយសង្គមស៊ីវិល បានត្រៀមខ្លួន សហការជាមួយរដ្ឋាភិបាល ដើម្បីជួយរដ្ឋាភិបាល ក្នុងការអនុវត្តន៍ច្បាប់ ឬក៏ស៊ើបអង្កេតលើករណីពុករលួយ ប្រសិនបើរដ្ឋាភិបាលត្រូវការសង្គមស៊ីវិល ៕