ភ្នំពេញ: កាកបាទក្រហមនរ័វស្សេន៍ បានចាប់ដៃគូរជាមួយកាកបាទក្រហមកម្ពុជា ជួយលើកកម្ពស់ ការអប់ រំផ្សព្វផ្សាយពីមីន និងផ្តល់ប្រាក់កម្ចីដល់ជនពិការដោយសារមីន និងគ្រួសារដែលងាយរងគ្រោះ រស់នៅតំបន់មីន ដើម្បីធ្វើឱ្យជីវភាពរបស់ពួកគេកាន់តែមានភាពល្អប្រសើរឡើង ។
កាលពីថ្ងៃទី ២៩ ខែ កក្កដា លោកស្រី អាន្នី សុខអាន អនុប្រធានកាកបាទក្រហមកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់របស់លោកជំទាវ ប៊ុន រ៉ានី ហ៊ុន សែនប្រធានកាកបាទក្រហមកម្ពុជា បានជួបសវនាការ ពិភាក្សាការងារជាមួយលោក ស្វិន ម៉ូលី (Sven Mollekleiv) ប្រធានកាកបាទក្រហមនរ័វេស្សន៍ និង លោកស្រី អាន់ កាទ្រីន ម័រ (Anne Kathrine Moore) ប្រធានប្រតិភូកាកបាទក្រហមនរ័វេស្សន៍ នៅទីស្នាក់ការកណ្តាលកាកបាទក្រហមអូរបែកក្អម ។
លោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការរងកាកបាទក្រហមកម្ពុជា ដែលបានចូលរួមនៅក្នុង ការពិភាក្សាការងារនោះ បានមានប្រសាសន៍ឱ្យដឹងថា នៅក្នុងដំណើរទស្សនកិច្ចរបស់ប្រធានកាកបាទក្រ ហមនរ័វេស្សន៍ មកដល់កម្ពុជានៅថ្ងៃទី ២៦ ខែ កក្កដា ត្រឡប់ទៅវិញនៅរាត្រីថ្ងៃទី ២៩ ខែ កក្កដា ឆ្នាំ ២០១០ ។ ដំណើរទស្សនកិច្ចនេះ ក្នុងគោលបំណងចាប់ផ្តើម នៃកិច្ចសហប្រតិបត្តិការជាមួយកាក បាទក្រហមកម្ពុជា ក្នុងវិស័យមីន។ កន្លងមកកាកបាទក្រហមនរ័វេស្សន៍ ជួយតាមសហព័ន្ធតែពេលនេះ គឺមកធ្វើកិច្ចព្រមព្រៀងសហការផ្ទាល់ជាមួយកាកបាទក្រហមកម្ពុជា ដែលក្នុងនោះមានដៃគូរដូចជា ICRC .អូស្ត្រាលី នរ័វេស្សន៍។
នាឱកាសជួបជាមួយលោកស្រីអនុប្រធាន កាកបាទក្រហមកម្ពុជា លោក ស្វិន ម៉ូលី(Sven Mollekleiv ) បានប្រាប់ថា នៅក្នុងដំណើរទស្សនកិច្ចនេះ លោក មានការចាប់អារម្មណ៍យ៉ាងខ្លាំងទៅលើការ រីកចម្រើនរបស់កាកបាទក្រហមកម្ពុជា ជាពិសេសក្រោមការដឹកនាំរបស់លោកជំទាវ ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ។ លោកក៏មានការចាប់អារម្មណ៍ផងដែរទៅលើសកម្មភាពស្ម័គ្រចិត្តរបស់ អ្នកស្ម័គ្រចិត្ត នៅតាមសហគមន៍នៅក្នុងការអប់រំលើកកម្ពស់ការយល់ដឹងពីមីន ក៏ដូចជាមានការចាប់អា រម្មណ៍លើការជួយរបស់កាកបាទក្រហមកម្ពុជា និងដៃគូររបស់កាកបាទក្រហមកម្ពុជា គឺបានធ្វើឱ្យជីវភាព របស់អ្នករងគ្រោះ និងក្រុមគ្រួសារប្រឈមនឹងហានិភ័យខ្ពស់ មានការផ្លាស់ប្តូរជីវភាព រីកចម្រើន ។
លោកក៏បានមើលឃើញពីការរីកចម្រើនរបស់សាខាខេត្ត-រាជធានី របស់កាកបាទក្រហមកម្ពុជា ដែលមានរចនាសម្ព័ន្ធរឹងមាំ តាំងពីថ្នាក់កណ្តាល រហូតទៅដល់ថ្នាក់មូលដ្ឋាន ដោយសារតែមានការរឹងមាំ នេះហើយ បានធ្វើឲ្យមានការជឿរបស់ដៃគូរកាន់តែមានទំនុកចិត្តក៏ដូចជាធ្វើឱ្យលោកមានទឹកចិត្ត ។
ជាការឆ្លើយតបលោកស្រី អាន្នី សុខអាន ក្នុងនាមលោកជំទាវប្រធាន និងគណៈកម្មាធិការ កណ្តាល កាកបាទក្រហមកម្ពុជា បានសម្តែងនូវការស្វាគមន៍ និងកោតសរសើរចំពោះការយកចិត្តទុកដាក់ របស់កាកបាទក្រហមន័រវ៉ែស្សន៍ នៅក្នុងការជួយដល់ប្រជាពលរដ្ឋកម្ពុជា និងក្នុងការជ្រើសរើសឱ្យកាកបាទ ក្រហមកម្ពុជា ធ្វើជាដៃគូរជួយដល់ជនងាយរងគ្រោះ និងជនពិការដោយសារមីនហើយតាមរយៈនៃការ ជួយរបស់កាកបាទក្រហមន័ររវ៉ែស្ស នេះ គឺបានធ្វើឱ្យគ្រួសារដែលរងគ្រោះមានក្តីសង្ឃឹមនិងការជឿជាក់ នៅក្នុងអនាគតរបស់ខ្លួន ។ ជាមួយគ្នានោះយើងជឿជាក់ថា កាកបាទក្រហមន័រវ៉ែស្សន៍នឹងបន្តស្ថិតនៅ ជាមួយកាកបាទក្រហមកម្ពុជានៅក្នុងការពង្រឹងភាពជាដៃគូរ ។
ក្នុងនាមលោកជំទាវប្រធានលោកស្រី អាន្នី សុខអាន សូមថ្លែងអំណរគុណចំពោះកាកបាទក្រហម ន័រវ៉ែស្សន៍ រដ្ឋាភិបាល និងប្រជាជនន័រវ៉ែស្សន៍ ដែលបានជួយដល់កាកបាទក្រហមកម្ពុជានៅក្នុងស្មារតីសកម្ម ភាពសាមគ្គីភាពហើយចាប់តាំងពីឆ្នាំ ២០០៤ មកដល់ឆ្នាំ ២០០៩ បានជួយឧបត្ថម្ភដល់កាកបាទក្រហម កម្ពុជាដែលមានថវិកាសរុបចំនួន ២.០៥០.០៨៦ ដុល្លារអាមេរិក ដែលជំនួយភាគច្រើនជួយដល់ការងារ អភិវឌ្ឍន៍ស្ថាប័ន សុខភាព ការស្តារឡើងវិញ មាតុភូមិនិវត្តន៍ និងគ្រោះមហន្តរាយ ។
គួរំលឹកថា ឆ្នាំ ២០១០ នេះកាកបាទក្រហមន័រវ៉ែស្សន៍ បានមកជួយកាកបាទក្រហមកម្ពុជា ជាថ្មី ឡើងវិញដោយចាប់យកកម្មវិធីអប់រំមីន ព្រោះកម្មវិធីនេះបានផ្សព្វផ្សាយពីផែនការយុទ្ធសាស្ត្ររបស់ខ្លួន និងមានផ្សាយជាបន្តបន្ទាប់ ពីលទ្ធផលនៃការជួយសង្គ្រោះរបស់ខ្លួន និងរួមសម្ព័ន្ធជាមួយកាកបាទក្រហម អូស្ត្រាលី មានថវិកាសរុប ២០១០-២០១១ ចំនួន ២៣.២៤៤.២១០ ដុល្លារអាមេរិក ៕