តាកែវ: ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១០ ក្រុមការងាររបស់មជ្ឈមណ្ឌលឯកសារកម្ពុជា បានចុះធ្វើការផ្សាយបន្តផ្ទាល់ អំពីការប្រកាសសាលក្រមសំណុំរឿង០០១ ពីតុលាការកាត់ទោសខ្មែរក្រហមនៅតាមបណ្តាខេត្តចំនួន ៧ ផ្សេងៗគ្នា ដូចជា: ខេត្តកណ្តាល ស្វាយរៀង កំពង់ចាម ពោធិសាត់ កំពង់ធំ តាកែវ និងខេត្តបន្ទាយមានជ័យ ។ ខេត្តតាកែវដឹកនាំដោយលោក ញាណ សុជាតិ ប្រធានគម្រោង និងការផ្សាយទស្សនាវដ្តីស្វែងរកការពិតនៅមជ្ឈ មណ្ឌលឯកសារកម្ពុជា បានចុះមកធ្វើការផ្សាយបន្តផ្ទាល់អំពីសាលក្រមនេះ ។
នៅព្រឹកថ្ងៃទី២៦ កក្កដា វេលាម៉ោង ៦ និង ៣០ នាទី ត្រូវនឹងថ្ងៃ១៥ កើត ខែទុតិយាសាធ ដែលជាថ្ងៃចូលព្រះវស្សានៅក្នុងសាសនាព្រះពុទ្ធ តម្រូវឱ្យព្រះសង្ឃគង់នៅក្នុងវត្តរយៈពេល ៣ខែ ដោយមិនឱ្យនិមន្តទៅបិណ្យបាត ឬត្រូវនិមន្តចេញពីវត្តហួសពេលថ្ងៃលិចនោះឡើយ ។ ពុទ្ធបរិស័ទបានរៀបចំចង្ហាន់ដែលលម្អដោយផ្កាភ្ញីដើម្បីយកមកប្រគេនព្រះសង្ឃគង់នៅក្នុងទីអារាម ។ នៅព្រឹកនេះដែរ ក្រុមការងារបានរៀបចំធ្វើការផ្សាយបន្តផ្ទាល់នូវការប្រកាសសាល ក្រមរបស់អង្គជំនុំជម្រះវិសមាញ្ញក្នុងតុលាការកម្ពុជាករណី០០១ លើរូបលោក ឌុច អតីតប្រធានគុកទួលស្លែង ។ ឌុច ជាអ្នកចាត់ចែង និងគ្រប់គ្រងមន្ទីរស-២១ ឬគុកទួលស្លែង ដែលក្រោយរបបកម្ពុជាប្រជាធិបតេយ្យដួលរលំ គេរកឃើញថា មានអ្នកទោសប្រមាណជិតពីរម៉ឺននាក់ត្រូវបានសម្លាប់ ។ អ្នកទោសទាំងអស់ត្រូវបានចោទប្រកាន់ថា ជាខ្មាំងរបស់អង្គការ ឬក្បត់បដិវត្តន៍ ហើយត្រូវបានចាប់បញ្ជូនមកមន្ទីរស-២១ ដើម្បីសួរចម្លើយ និងបញ្ជូនទៅ កំទេចចោលក្រោយពេលសារភាពរួច ។ មានអ្នកទោសតិចតួចណាស់ដែលបានរួចរស់ជីវិតពីមន្ទីរសរ-២១ ក្នុង ចំណោមអ្នកទោសទាំងអស់មានតែអ្នកទោសចំនួនជាង ១០នាក់ប៉ុណ្ណោះ ដែលនៅរស់ដោយសារអ្នកទាំងនោះមាន ជំនាញពិសេសដែលមន្ទីរសរ-២១ ត្រូវប្រើ និងមួយចំនួនទៀតយកទៅសម្លាប់មិនទាន់ ដោយសារតែការចូលមក សង្គ្រោះទាន់ពេលវេលារបស់កងទ័ពរណសិរ្សនៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ ។
ទោះបីជាសវនាការកាត់ទោស ឌុច បានចំណាយពេលអស់ជាច្រើនថ្ងៃក៏ដោយ យើងសង្ឃឹមថា តុលាការ នឹងកាត់ទោស ឌុច ទៅតាមនីតិវិធីនៃច្បាប់ និងដាក់ទោសយ៉ាងធ្ងន់ធ្ងរតាមដែលអាចធ្វើទៅបាន ។ ប្រជាជនដែល ជាជនរងគ្រោះ ប្រជាជនដែលមានបងប្អូនស្លាប់នៅក្នុងរបបខ្មែរក្រហម និងអ្នកទោសដែលជាប់នៅមន្ទីរស-២១ ទាំងអស់ តែងតែមានការរំពឹងទុកផ្សេងៗគ្នាចំពោះលទ្ធផលនៃការកាត់ក្តីនេះ ។ នៅកន្លែងដែលនឹងត្រូវធ្វើការផ្សាយ បន្តផ្ទាល់អំពីសាលក្រមរបស់ ឌុច នៅខេត្តតាកែវ ប្រជាជនទាំងក្មេងទាំងចាស់ បានមកអង្គុយរង់ចាំទស្សនាការផ្សាយ បន្តផ្ទាល់យ៉ាងច្រើនកុះករ ហើយបានជជែកគ្នាអំពីលទ្ធផលដែលនឹងបង្ហាញឱ្យឃើញច្បាស់នៅក្នុងពេលបន្តិចទៀតនេះ ។
សម្លេងរបស់ជនរងគ្រោះ នៃរបបកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩)
ប្រជាជនជាច្រើនដែលមករង់ចាំទស្សនាការប្រកាសសាលក្រមនេះ មានអារម្មណ៍តក់ក្រហល់នៅមិនសុខទេ នៅពេលការប្រកាសសេចក្តីសាលក្រមរបស់ ឌុច កាន់តែខិតចូលមកដល់ ។ អ្នកខ្លះនិយាយថា គួរតែមានការដាក់ទោសឱ្យធ្ងន់ធ្ងរទើបសម អ្នកខ្លះថាគួរដាក់គុកអស់មួយជីវិត អ្នកខ្លះថាគួរតែយកមកធ្វើការវាយដំដើម្បីឱ្យមេដឹកនាំរូបនេះ បានដឹងថាពេលដែលខ្លួនធ្វើទារុណកម្មទៅលើប្រជាជនកម្ពុជា ពេលនោះវាវេទនាយ៉ាងណា ។
លោក សុំ វ៉ាន អាយុ ៦៤ឆ្នាំ រស់នៅភូមិស្រែពោធិ៍ ឃុំចារ ស្រុកព្រៃកប្បាស ខេត្តតាកែវ បានបញ្ចេញ មតិនៅមុនពេលដែលសវនាការនៃការប្រកាសសាលក្រមរបស់ ឌុច ថា “ តុលាការកាត់ទោសមេដឹកនាំខ្មែរក្រហមនេះពិតជាល្អ ។ ខ្ញុំគិតថា តុលាការនឹងស្វែងរកយុត្តិធម៌ជូនប្រជាជនកម្ពុជាទាំងអ្នកនៅរស់ និងអ្នកដែលបានស្លាប់ទៅក្នុង របបកម្ពុជាប្រជាធិបតេយ្យ ” ។ លោក សុំ វ៉ាន បានបន្ថែមទៀតថា “ ខ្ញុំមិនមានបងប្អូនស្លាប់នៅមន្ទីរស-២១ ទេប៉ុន្តែ បងប្អូនគេក៏ដូចជាបងប្អូនខ្ញុំដែរ ហើយខ្ញុំយល់ថា តុលាការកំពុងធ្វើកិច្ចការមួយដ៏ត្រឹមត្រូវដែលបានចាប់ពួកមេដឹកនាំទាំងនោះមកកាត់ទោស ” ។
លោក ហេង ថូ ជាប្រជាពលរដ្ឋរស់នៅក្នុងភូមិបាំងបាត់ ឃុំចារ ស្រុកព្រៃកប្បាស បាននិយាយថា “ ខ្ញុំសូមថ្លែងអំណរគុណយ៉ាងខ្លាំង ចំពោះតុលាការជាតិ និងអន្តរជាតិ ដែលបានខិតខំប្រឹងប្រែងដើម្បីនាំយកពួកមេដឹកនាំខ្មែរក្រហមមកធ្វើការកាត់ក្តី ដើម្បីផ្តល់នូវភាពយុត្តិធម៌ជូនប្រជាជនកម្ពុជា ទាំងអ្នកនៅរស់ និងអ្នកស្លាប់បាត់បង់ជីវិតទៅ ។ ខ្ញុំសូមឱ្យយើងទាំងអស់គ្នាជួយថែរក្សាជនដៃដល់ទាំងអស់នេះ ដើម្បីទុកជាប្រវត្តិសាស្ត្ររស់សម្រាប់ក្មេងៗជំនាន់ក្រោយបានដឹង និងស្គាល់មុខជនដែលប្រព្រឹត្តអំពើអាក្រក់សម្លាប់ជាតិសាសន៍ឯង បើទោះត្រូវដាក់ទោសមួយជីវិតក៏ដោយ ”
លោកអ៊ំ អ៊ូច តុង ជាប្រជាពលរដ្ឋរស់នៅក្នុងភូមិចារ ឃុំចារ ស្រុកព្រៃកប្បាស បាននិយាយថា “ ខ្ញុំបានតាមដាននូវដំណើរការកាត់ក្តីនេះ តាមរយៈទូរទស្សន៍ និងវិទ្យុ មិនសូវដាច់ដែរទេ ។ ខ្ញុំចង់ឱ្យតុលាការកាត់ទោស ឌុច ដាក់គុកអស់មួយជីវិត ” ។
ប្រជាជនដែលមកចូលរួមភាគច្រើនមានមតិដូចគ្នាទៅលើការជំនុំជម្រៈក្តីរបស់តុលាការលើករណី០០១ គឺចង់ឱ្យតុលាការដាក់ទោស ឌុច អស់មួយជីវិត ព្រោះមេដឹកនាំរូបនេះ បានប្រព្រឹត្តបទឧក្រិដ្ឋធ្ងន់ធ្ងរណាស់ ។ ម្យ៉ាងទៀត ដើម្បីជាគំរូសម្រាប់មនុស្សជំនាន់ក្រោយកុំយកគំរូតាម ។ ឌុច ជាគ្រូបង្រៀនដែលមានតួនាទីក្នុងការអប់រំសិស្សឱ្យប្រព្រឹត្តអំពើល្អ ឱ្យធ្វើជាពលរដ្ឋល្អ ចុះហេតុអ្វីបានជា ឌុច ខ្លួនឯងបែរជាក្លាយជាឃាតកមុខស្រស់សម្លាប់ប្រជាជនស្លូតត្រង់អស់រាប់់ម៉ឺននាក់ទៅវិញ?
មតិរបស់ជនរងគ្រោះជុំវិញការប្រកាសសាលក្រមរបស់តុលាការ
នៅព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១០ បន្ទាប់ពីតុលាការខ្មែរក្រហមបានប្រកាសសាលក្រមលើសំណុំរឿង លេខ០០១ ដែលមានជនជាប់ចោទឈ្មោះ កាំង ហ្គេកអ៊ាវ ហៅ ឌុច ត្រូវបានចោទប្រកាន់ពីបទឧក្រិដ្ឋកម្មប្រឆាំង មនុស្សជាតិ និងឧក្រិដ្ឋកម្មសង្គ្រាមឱ្យជាប់ពន្ធនាគាចំនួន ៣៥ឆ្នាំ ។ មានប្រជាជនដែលជានរងគ្រោះក្នុងរបប ប៉ុល ពត ជាច្រើនបានសម្តែងការមិនពេញចិត្ត ហើយក៏មានអ្នកខ្លះក៏មានការយល់ស្របជាមួយការសម្រេចនេះដែរ ។ ប្រជាជននៅកន្លែងដែលបានចូលរួមទស្សនាការផ្សាយបន្តបន្ទាល់នៅវត្តចារ្យ ឃុំចារ ស្រុកព្រៃកប្បាស ខេត្តតាកែវ បានការឆ្លើយតបភ្លាមទៅនឹងការសម្រេចរបស់តុលាការផងដែរថា វាហាក់ដូចជាតុលាការធ្វើការសម្រេចក្តីលឿនពេក ប៉ុន្តែប្រជាជនភាគច្រើននៃអ្នកចូលរួមបានយល់ស្របទៅនឹងការសម្រេចរបស់តុលាការ ដែលដាក់ទោស ឌុច ឱ្យជាប់គុករយៈពេល ៣៥ឆ្នាំ ។
លោក ហ៊ីង ជាង ជាប្រជាជនរស់នៅក្នុងភូមិស្វាយចាល់ ឃុំចារ ស្រុកព្រៃកប្បាស បាននិយាយថា “ ខ្ញុំមិនជំទាស់នូវការសម្រេចរបស់តុលាការទេ ។ ខ្ញុំគិតថាវាសមស្របហើយព្រោះ ឌុច ក៏មាន អាយុច្រើនហើយដែរ ប៉ុន្តែប្រសិនបើរយៈពេលជាង ៣០ឆ្នាំនេះ ឌុច មិនទាន់ស្លាប់ ខ្ញុំនឹងនាំប្រជាជនក្នុងភូមិរបស់ ខ្ញុំប្តឹងទៅតុលាការម្តងទៀត ” ៕