បុរសជនជាតិចិនរូបនេះបានត្រូវតុលាការសម្រេចកាលពីថ្ងៃទី២៩ កក្កដា ឃុំខ្លួនដាក់ពន្ធនាគារព្រោះតែជំពាក់ប្រាក់កម្មករប្រមាណ ៣ ម៉ឺនដុល្លារ
ភ្នំពេញ: សាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១០ បានសម្រេចឃុំខ្លួនបុរសជនជាតិចិនម្នាក់ ជាប្រធានក្រុមហ៊ុនកប់ខ្សែកាបអុបទិក ដាក់ពន្ធនាគារក្រោមការចោទប្រកាន់ពីបទរំលោភលើសេចក្តីទុកចិត្ត តាមរូបភាពជំពាក់ប្រាក់ឈ្នួលកម្មករប្រហែល ៣០០ នាក់ ជាថ្លៃកប់ខ្សែកាបអុបទិក ពីស្រុកឆ្លូងដល់ទីរួមខេត្តក្រចេះ មានទឹកប្រាក់ប្រមាណ ៣ ម៉ឺនដុល្លារអាមេរិក រួចរត់គេចខ្លួនបាត់តាំងពីខែឧសភា ឆ្នាំ២០១០ មកម្ល៉េះ ។យោងតាមមាត្រា ៤៦ ស្តីពីច្បាប់ព្រហ្មទណ្ឌអន្តរកាលឃើញថា បុរសជនជាតិចិនរូបនេះប្រឈមមុខ និងការជាប់ពន្ធនាគាររយៈពេល ១ ឆ្នាំ ដល់ ៥ ឆ្នាំ បើសិនជាតុលាការរកឃើញថា មានពិរុទ្ធភាពដូចការចោទប្រកាន់នោះមែន ។
បុរសជនជាតិចិនរូបនេះឈ្មោះ ស៊ី វៃគួ (XU WEIGUO) អាយុ ៣៨ ឆ្នាំ ជាអនុប្រធានក្រុមហ៊ុនហួរ ថៃ (ខេមបូឌា) ខនស្ត្រាក់ស៊ិន ដែលទទួលម៉ៅការកប់ខ្សែកាបអុបទិក ។ ស៊ី វៃគួ បានត្រូវកម្មកររកឃើញ នៅម្តុំសំណង់១២ ខណ្ឌទួលគោក ហើយចាប់ខ្លួនប្រគល់ឲ្យប៉ូលិស កាលពីថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១០ រួចយកមកប្រគល់ឲ្យប៉ូលិសការិយាល័យ ព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ ដើម្បីទារប្រាក់ឈ្នួលដែលបុរសជនជាត់ចិននេះជំពាក់ ពួកគេប្រមាណ ៣ ម៉ឺនដុល្លារអាមេរិក ។ ប៉ុន្តែដោយសារបុរសជនជាតិចិនរូបនេះ ពុំមានលទ្ធភាពរកប្រាក់មកបើក ឲ្យកម្មករតាមសំណូមពរនោះ ប៉ូលិសបានកសាងសំណុំរឿង និងបញ្ជូនបុរសជនជាតិចិនរូបនេះ មកសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១០ ដើម្បីចាត់ការតាមច្បាប់ ។
តាមពាក្យបណ្តឹងរបស់កម្មករបានបញ្ជាក់ បុរសជនជាតិចិនរូបនោះ បានជួលពួកគេដោយមាន ឈ្មោះ អោម ទិត និង ឈិន វ៉ា ជាតំណាងឲ្យជីកប្រឡាយប្រវែង ៦០ គីឡូម៉ែត្រ ជំរៅ ១.២ ម៉ែត្រ តាមផ្លូវលេខ៧៣ ពីស្រុកឆ្លូង ទៅខេត្តក្រចេះ ដើម្បីកប់ខ្សែកាបអុបទិក ។ តាំងពីថ្ងែទី២៥ ខែមករា រហូតដល់ខែឧសភា ឆ្នាំ២០១០ ។
កម្មកររូបនោះបាននិយាយទៀតថា បុរសជនជាតិចិន រូបនេះបានផ្តល់ប្រាក់ឈ្មួលតម្លៃពលកម្ម ដល់ពួកគេចំនួន ៦៥០០ រៀលក្នុងប្រវែងមួយម៉ែត្រ ហើយធ្វើបាន ១០ គីឡូម៉ែត្រក្រុមហ៊ុនបើកប្រាក់ឲ្យ តែ ៩ គីឡូម៉ែត្រទេ លុះពេលធ្វើចប់ទើបក្រុមហ៊ុនបើកប្រាក់ឲ្យទាំងអស់ ។ ប៉ុន្តែក្រោយពេលពួកគេបានធ្វើចប់សព្វហើយ បែរជាបុរសជនជាតិចិនរូបនោះ គេចខ្លួនបាត់ ដោយនៅជំពាក់ឈ្នួលប្រាក់ពួកគេចំនួនបីម៉ឺនដុល្លាអាមេរិកទៀតមិនព្រមបើកឲ្យ ។ កម្មករដែលបុរសជនជាតិចិននោះជំពាក់ប្រាក់ចំនួនប្រហែល ៣០០ នាក់ ដោយកម្មករខ្លះធ្វើ ១០ ម៉ឺនរៀល រហូតដល់អ្នកខ្លះ ២-៣ លានរៀលក៏មាន ។
នៅកន្លែងប៉ូលិសកម្មករបានសម្រួលដោយទារលុយត្រឹម ២ ម៉ឺនដុល្លាអាមេរិក ប៉ុណ្ណោះដោយសុខចិត្ត ឲ្យបុរសជនជាតិចិនរូបនោះសងពួកគេជាតំណាក់កាលក៏បាន ព្រោះពួកគេដឹងថា បុរសជនជាតិចិនរូបនេះ បានទទួលម៉ៅការសំណង់ច្រើនកន្លែង ដោយយកប្រាក់ឈ្មួលគេទៅធ្វើកន្លែងផ្សេងទាំងនោះ ដែលអាចមានលទ្ធភាពសងប្រាក់ទៅគេវិញ ។ ប៉ុន្តែបុរសជនជាតិចិនរូបនោះ បានបដិសេធថា ខ្លួនពុំមានប្រាក់សងទេ ហើយសុខចិត្តជាប់គុក ៕