ភ្នំពេញ: បុរស ៤នាក់ ត្រូវបានឃាត់ខ្លួន និងនារី ៤៩នាក់ ទៀត បានរំដោះចេញពីហាងម៉ាស្សាមួយយីហោ “ហេវិន” ដែលលួចលាក់មានការរួមភេទនោះ បានត្រូវសាលាឧទ្ធរណ៍ សម្រេចលើកពេលប្រកាសសាលដីកាទៅ ព្រឹកថ្ងៃទី១២ ខែ សីហា ឆ្នាំ២០១០ ខាងមុខនេះវិញ បន្ទាប់ពីបុរស ៤នាក់ នេះ បានប្តឹងឧទ្ធរណ៍ប្រឆាំងនឹងការម្រេច របស់សាលាដំបូងរាជធានីភ្នំពេញ ដែលផ្តន្ទាទោសពួកគេដាក់ពន្ធនាគារ ក្នុងម្នាក់ៗរយៈពេល ៥ឆ្នាំ ពីបទសញ្ចារកម្ម។
កាលពីថ្ងៃទី២២ ខែ តុលា ឆ្នាំ២០០៨ លោក អៀម រតនា នាយការិយាល័យប៉ូលិសប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជនរាជធានីភ្នំពេញ ដឹកនាំដោយលោក ហៀង សុភក្ត្រ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ សហការណ៍ជាមួយអាជ្ញាធរមូលដ្ឋាន បានធ្វើការចុះបង្ក្រាបហាងម៉ាស្សាមួយ ស្ថិតនៅផ្ទះលេខ១២ ផ្លូវ១៤៦ សង្កាត់វាលវង់ ខណ្ឌ ៧មករា ដែលលួចលាក់មានការរួមភេទ។ ក្នុងយុទ្ធនាការនោះ ប៉ូលិសបានឃាត់ខ្លួនមនុស្សចំនួន ៥៣នាក់ និងស្រោម អនាម័យមួយចំនួន ទុកជាវត្ថុតាងទើបបញ្ចូនមកការិយាល័យប៉ូលិស ដើម្បីធ្វើការសាកសួរ។ ក្រោយការសួរដេញដោលអង្កេតយកចម្លើយរួចហើយ ប៉ូលិសបានកសាងសំនុំរឿងនឹងបញ្ចូនជនសង្ស័យទាំង ៤នាក់ ទៅតុលាការ ចំណែកស្ត្រី ៤៩នាក់ ផ្សេងទៀតនោះ ត្រូវបានប្រគល់ទៅអង្គការដើម្បីរកកន្លែងស្នាក់នៅបណ្តោះអាសន្ន ទុកសម្រាប់ធ្វើការអប់រំកែប្រែសាជាថ្មី។
ជនជាប់ចោទដែលជាប់ពាក់ព័ន្ធក្នុងរឿងក្តីនេះឈ្មោះ ហួង សុខហៀប ភេទប្រុស អាយុ ២៨ឆ្នាំ ជាអ្នកគ្រប់គ្រងក្នុងហាងម៉ាស្សា បានត្រូវសាលាដំបូងរាជធានីភ្នំពេញ ផ្តន្ទាទោសដាក់ពន្ធនាគាររយៈពេល ៥ឆ្នាំ ៦ខែ ឈ្មោះ តាំង សុខឡេង ភេទប្រុស អាយុ ២៧ឆ្នាំ អ្នកស្រង់វត្តមានបុគ្គលិកស្រីៗ ឈ្មោះ គេត អ៊ូ ភេទប្រុស អាយុ ២៨ឆ្នាំ ជាប្រធានសន្តិសុខផ្នែកប្រុស ឈ្មោះតឹក ចាន់ផល ភេទប្រុស អាយុ ៣២ឆ្នាំ ជាអ្នកគិតលុយ ដាក់ពន្ធនាគារក្នុងម្នាក់ៗ ៥ឆ្នាំ ពីបទសញ្ចារកម្ម តាមអំណាចសាលក្រមព្រហ្មទណ្ឌលេខ ១០៨ ក្រ២ ចុះថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០០៩។ ប៉ុន្តែសាលក្រមនេះ ត្រូវបានជនជាប់ចោទទាំង ៤នាក់ ប្តឹងឧទ្ធរណ៍ ត្រង់សេចក្តីសម្រេចទាំងមូល។
នៅព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១០ សាលាឧទ្ធរណ៍បានលើកយកបណ្តឹងឧទ្ធរណ៍របស់ជនជាប់ចោទទាំង ៤ នេះ មកបើកសវនាការជំនុំជម្រះ ដោយមានលោក ឃុន លាងម៉េង ជាប្រធានក្រុមប្រឹក្សាជំនុំជម្រះ លោក អ៊ុំ សារិទ្ធ លោកស្រី ចាន់ ម៉ាឌីណា ជាចៅក្រមប្រឹក្សា ចូលរួមដោយលោក ប៉ាន់ គឹមលាន ជាតំណាងមហាអយ្យការ។
នាពេលសវនាការ ជនជាប់ចោទទាំង ៤នាក់ បានឆ្លើយបដិសេធប្រហាក់ប្រហែលគ្នាថា ហាងម៉ាស្សានេះបានដាក់ បទបញ្ជាផ្ទៃក្នុង យ៉ាងតឹងរឹងដោយមិនអនុញ្ញាតឱ្យបុគ្គលិកស្រីៗ រួមភេទជាមួយភ្ញៀវនោះទេ ប្រសិនជាក្រុមហ៊ុនដឹងនឹង បញ្ឈប់ការងារភ្លាមៗ ហើយក្នុងហាងពិតជាមិនមានការរួមភេទនោះទេ ពោលគីធ្វើអាជីវកម្មម៉ាស្សាធម្មតាជូនភ្ងៀវតែ ប៉ុណ្ណោះ។
ចំណែកជនរងគ្រោះ ២នាក់ បានឆ្លើយបញ្ជាក់ប្រាប់តុលាការថា មុនពេលសុំចូលធ្វើការឈ្មោះ តាំង សុខឡេង បានប្រាប់អំពីការម៉ាស្សាដល់ខ្លួន គឺម៉ាស្សាមាន ៣ប្រភេទ ម៉ាស្សាធម្មតា ម៉ាស្សា body នឹងម៉ាស្សា VIP ។ ហើយបើម៉ាស្សា ធម្មតាធ្វើនៅបន្ទប់ជាន់ក្រោមតម្លៃ ៥ដុល្លារ។ ប៉ុន្តែបើសិនម៉ាស្សា body គឺក្រុមហ៊ុនតម្រូវឱ្យបុក្គលិកស្រីៗម៉ាស្សាលើ ប្រដាប់ភេទរបស់ភ្ញៀវ ហើយរួមភេទថែមទៀតផង ដោយចែកស្រោមអនាម័យឱ្យម្នាក់១ ក្នុងតម្លៃ ៣០ដុល្លារ ក្រុមហ៊ុន បាន ១០ដុល្លារ ថ្លៃបន្ទប់ ខ្លួនយើងផ្ទាល់បាន ២០ដុល្លារ។
ជនរងគ្រោះបញ្ជាក់បន្ថែមទៀតថា នេះជាលក្ខន្តិកៈដែលក្រុមហ៊ុនតម្រូវឱ្យយើងទទួលយក ប៉ុន្តែប្រសិនជាយើង មិនព្រមក៏គ្មាននរណាបង្ខំយើងដែរ។ បានជាខ្លួនសុខចិត្តធ្វើបែបនេះ គឺដោយសារបញ្ហាជីវភាពគ្រួសារ ទោះជាយ៉ាងនេះក្តី នៅក្នុងហាងម៉ាស្សានេះ ពិតជាមានការរួមភេទពិតប្រាកដមែន។
គួរបញ្ជាក់ផងដែរថា ហាងម៉ាស្សាយីហោ “ហេវិន” នេះ មានបុគ្គលិកស្រីៗជាង ៥០នាក់ មាន ១០បន្ទប់ នៅជាន់ ក្រោម និង ១០បន្ទប់ ទៀតនៅជាន់លើ។ ស្រីៗដែលចាំទទួលភ្ងៀវ ត្រូវឈរក្នុងទូកញ្ចក់មានពាក់ស្លាកលេខគ្រប់ៗគ្នា ពេលភ្ញៀវត្រូវការគឺគ្រាន់តែប្រាប់ស្លាកលេខទៅអ្នកទទួលខុសត្រូវនៅទីនោះជាការស្រេច។ ក្នុងបន្ទប់ម៉ាស្សាជាន់ លើគឺមានកញ្ចក់អាចមើលឃើញអ្នកនៅខាងក្នុង ប៉ុន្តែទ្វារនោះគឺមានវាំងនននៅខាងក្នុងមួយទៀតពេលទាញបិទគឺមិន អាចមើលឃើញអ្វីៗនៅខាងក្នុងបន្ទប់បានទេ ៕