សពទណ្ឌិតវ័យ ១៦ឆ្នាំពេលយកចេញពីមន្ទីរពេទ្យ នៅមានសោ និងច្រវ៉ាក់ជាប់ជើង
កំពត: ក្រោយពីរក្សាទុកអស់មួយយប់នូវសពទណ្ឌិតម្នាក់បានបង្កឱ្យមានការងឿងឆ្ងល់ជាទូទៅ ព្រោះតែការបិទបាំងព័ត៌មាន និងភាពរឹតបណ្ដឹងចំពោះការថតរូបសពពីសំណាក់អ្នកកាសែត និងអ្នកសង្កេតការណ៍ ។ រឿងដែលចម្លែកនោះ អនុរក្សពន្ធនាគារអះអាងថា ជនរងគ្រោះបានស្លាប់ក្រោយដឹកដល់មន្ទីពេទ្យ ឯក្រុមគ្រូពេទ្យថា ពេលដឹកមកដល់មិនមែនអ្នកជំងឺទេ គឺជាសព ។
ក្នុងការចុះដល់មន្ទីរពេទ្យដើម្បីស្វែងរកព័ត៌មានពិតជុំវិញការងឿងឆ្ងល់នេះ អនុរក្សពន្ធនាគារម្នាក់បានសំណូមពរចំពោះអ្នកកាសែត រួមទាំងមន្ដ្រីអង្គការសិទ្ធមនុស្សផងដែរ កុំឱ្យមានការថតរូបសព ព្រោះខ្លាចមេស្ដីបន្ទោស ។ តែមន្ដ្រីរូបនោះបានឱ្យដឹងថា សពឈ្មោះ សំ ភារុណ ភេទប្រុស អាយុ ១៦ឆ្នាំ ទីលំនៅភូមិក្រាំង សង្កាត់ក្រាំងអម្ពិល ក្រុងកំពត ជាប់ពន្ធនាគាររយៈពេល ៣០ខែ ពីបទប្លន់ ដោយមកដល់ថ្ងៃស្លាប់ ត្រូវបានជាប់ឃុំអស់រយៈពេល ២៣ខែហើយ ។ អនុរក្សរូបនោះ ឱ្យដឹងទៀតថា ទណ្ឌិតរូបនេះមានជំងឺចុក ហើយនាំមកកាន់មន្ទីរពេទ្យនាវេលាម៉ោង ៩ និង ៣០នាទីយប់ ថ្ងៃទី២៨ ខែ កក្កដា ឆ្នាំ២០១០ តែក្រោយមកក៏បាត់បង់ជីវិតតែម្ដង ។
រៀបរាប់ហាក់ផ្ទុយពីនេះ អ្នកគ្រូពេទ្យម្នាក់បាននិយាយថា អ្នកទោសដែលស្លាប់នោះ បានដឹកមកដល់មន្ទីរពេទ្យនាវេលាម៉ោង ៩ និង ៣០នាទីយប់ ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១០ តែកាលដឹកមកដល់នោះគឺសូន្យ មានន័យថា បានស្លាប់ទៅហើយ ត្រង់ថាស្លាប់តាមផ្លូវ ឬត្រឹមណាមកក៏មិនដឹងដែរ ។ អ្នកគ្រូពេទ្យរូបនោះបន្ដទៀតថា បើជំងឺចុកក៏អាចបណ្ដាលឱ្យស្លាប់រហ័សដែរ ព្រោះប៉ះពាល់ដល់ចលនាបេះដូង ។
ទាក់ទិននឹងកាលវេលានៃការស្លាប់ និងប្រភេទជំងឺអ្វីពិតប្រាកដនោះ ទោះជាមានការពិនិត្យពីសំណាក់សមត្ថកិច្ចប៉ូលិសបច្ចេកទេស, គ្រូពេទ្យប្រចាំពន្ធនាគារ គ្រូពេទ្យរបស់មន្ទីរសុខាភិបាលក្ដី តែចុងក្រោយត្រូវបានអះអាងថា នឹងយកការវិភាគទៅរួមបញ្ចូលគ្នាសិនទើបដឹងលទ្ធផលពិតប្រាកដនាពេលក្រោយ ។
ជុំវិញបញ្ហានេះ CEN មិនអាចសុំការបំភ្លឺពីលោក ប៉ូច ប៊ុនរិទ្ធ ប្រធានពន្ធនាគារខេត្ដបានទេ ដោយសារទូរស័ព្ទចូលលេខដែលធ្លាប់ទំនាក់ទំនងកន្លងមក អ្នកទទួលប្រាប់ថា “ ច្រឡំលេខហើយ ” ។
ជាមួយទិដ្ឋភាពបែបនេះ មន្ដ្រីម្នាក់នៃអង្គការសិទ្ធិមនុស្សលីកាដូប្រចាំខេត្ដកំពតបានលើកឡើងថា រឿងនេះហាក់បង្កប់នូវភាពអាថ៌កំបាំងច្រើន ខណៈអ្នកដែលស្លាប់ត្រូវបានអះអាងថា “ ដោយសារជំងឺ ” បែរជាអនុរក្សពន្ធនាគារខ្លាចមេស្ដីបន្ទោសរហូតឈានទៅសំណូមពរ និងរារាំងមិនឱ្យអ្នកយកព័ត៌មានថតយករូបភាព ។ មន្ដ្រីរូបនោះ លើកឡើងទៀតថា អាចមានរឿងខ្លះស្ថាប័នមួយនេះធ្វើហួសហេតុពេកក៏ មិនដឹងទើបបញ្ចេញកាយវិកាចង្អៀតចង្អល់ក្នុងការផ្ដល់ភាពទូលំទូលាយដល់បណ្ដាញផ្សព្វផ្សាយ ត្បិតកន្លងមកក៏មានហេតុការណ៍គួរឱ្យរិះគន់មួយកើតឡើង ដែលអ្នកទោសម្នាក់ស្លាប់ទៅហើយ បែរជានៅមានជើងជាប់សោ ជាប់ច្រវ៉ាក់យ៉ាងពិបាកភ្នែកមើលបំផុត ។ មន្ដ្រីសិទ្ធមនុស្សដដែល បង្ហាញពីរបាយការណ៍របស់ខ្លួនថា កាលពីដើមខែកក្កដានេះ ក៏មានអ្នកទោសម្នាក់បានស្លាប់ក្រោយដឹកដល់មន្ទីរពេទ្យ ព្រោះតែជំងឺធ្ងន់ ហើយបើគិតពីដើមឆ្នាំដល់ពេលនេះ អ្នកទោសបានស្លាប់អស់ចំនួន ៦ នាក់ ស្ថិតក្នុងស្ថានភាពជំងឺធ្លាក់ដល់ពិបាកសង្គ្រោះ ទើបខាងពន្ធនាគារ ធ្វើការបញ្ជូនចូលមន្ទីរពេទ្យ ៕