នេះគឺជាត្រី ដែលមានឈ្មោះវិទ្យាសាស្ត្រថា Dog-eating catfish ។ ត្រីនេះ គឺជា ត្រី១ ប្រភេទនៅក្នុងចំណោមត្រី ៤ ប្រភេទដែលអង្គការមូលនិធិសត្វព្រៃពិភពលោក អះអាងថា នឹងមានផលប៉ះពាល់ដោយសារតែការកសាងទំនប់វារីអគ្គីសនី (រូបថត WWF)
ភ្នំពេញ: ផ្អែកតាមរបាយការណ៍ថ្មីមួយរបស់អង្គការមូលនិធិសត្វព្រៃពិភពលោក (WWF)បានអះអាង ថាចំនួនត្រីរាជនៅតំបន់មេគង្គនឹងឈានទៅប្រឈមនឹងការ ផុតពូជប្រសិនបើផែនការអភិវឌ្ឍន៍វារី អគ្គិសនីក្នុងតំបន់ទន្លេមេគង្គនៅតែបន្ត ។
របាយការណ៍ដែលមានចំណងជើងថា “ ពពួកត្រីទំហំធំៗនៃមេគង្គ ” រៀបរាប់ត្រីទំហំធំៗចំនួន ៤ប្រភេទ ដែលកំពុងរស់នៅក្នុងទន្លេមេគង្គហើយស្ថិតនៅក្នុង លំដាប់ត្រីទឹកសាបដែលមានទំហំធំជាង គេបង្អស់ចំនួន ១០ប្រភេទ នៅលើពិភពលោក ។
ពពួកត្រីទឹកសាបដែលអង្គការ WWF អះអាងថា នឹងទទួលរងនូវគ្រោះថ្នាក់ដោយសារតែផែនការ អភិវឌ្ឈន៍ទំនប់វារីអគ្គីសនីនៅតាមដងទន្លេមេគង្គ ទាំងនោះរួមមាន ប្រភេទត្រីបបែលទឹក សាប ត្រីរាជ ត្រីគល់រាំង និង ប្រភេទត្រីមួយទៀតដែលមានឈ្មោះវិទ្យាសាស្ត្ររបស់វាថា Dog-eating catfish ។
ប្រភពដដែលនោះបានឱ្យដឹងថា ប្រភេទត្រីបបែលទឹកសាបគឺជាប្រភេទត្រីដែលមានទំហ៊ំធំ ហើយមានប្រវែងស្មើពាក់កណ្តាលឡានក្រុង ពោលវាអាចមានទំងន់រហូត ៦០០គីឡូក្រាម ។ វាគឺជាត្រីទីកឹសាបធំជាងគេបង្អស់ នៅលើពិភពលោក ។ ចំណែកឯត្រីរាជ ស្ថិតក្នុងលំដាប់លេខ៣មានប្រវែង រហូតដល់ ៣ម៉ែត្រ និងមានទំងន់ ៣៥០គីឡូក្រាម ហើយជាប្រភេទរងការគំរាមកំហែងជិតផុតពូជ ។
របាយការណ៍ដដែលនោះក៏បានរៀបរាប់ផងដែរ ត្រីដែលមានឈ្មោះវិទ្យាសាស្ត្ររបស់វាថា Dog-eating catfish និងត្រីគល់រាំងដែលជាប្រភេទត្រីនិមិត្តរូប នៃជាតិកម្ពុជា ក៏ជាត្រីដែលមានទំហំធំ ជាងគេបំផុតលើសាកលលោកដែរ ។ ត្រីទាំងពីរប្រភេទនេះអាមានទំងន់ ៣០០គីឡូក្រាមស្ថិតនៅលំដាប់ទី៥ក្នុង ចំណោម ប្រភេទធំៗទាំង១០ នៅលើសាកលលោក ។
យោងតាមរបាយការណ៍មួយរបស់គណកម្មាធិការទន្លេមេគង្គដែលបានចេញផ្សាយកន្លងទៅ នេះបានឱ្យដឹងថានៅទូទាំងអាងទន្លេមេគង្គក្រោមនោះបណ្តា ប្រទេសសមាជិកមានគម្រោងនឹង កសាងទំនប់វារីអគ្គីសនីចំនួន ១២ កន្លែង នៅក្នុងនោះមាន ២ កន្លែងទៅក្នុងទឹកដីកម្ពុជា និង ១០កន្លែងនៅក្នុងប្រទេសឡាវ និង ព្រំដែនរវាងឡាវ និង ថៃ ។
ជុំវិញផែនការកសាងទំនប់វារីអគ្គីសនីទាំងអស់នោះ លោក រូជ័រ មូឡូត (Roger Mollot) ជា អ្នកជីវវិទូនៃអង្គការ WWF ប្រចាំប្រទេសឡាវនិយាយថា ពពួកត្រីទាំងនោះមិនអាចហែលឆ្លងទំនប់ វារីអគ្គីសនីទៅធ្វើការពងកូននៅផ្នែកខាងលើនៃទន្លេមេគង្គបានទេ ។
លោកបានបញ្ជាក់ថា “ ត្រីដែលមានទំហំធំប៉ុនត្រីរាជមិនអាច ហែលកាត់របាំងធំប៉ុន ទំនប់វារីអគ្គីសនីដើម្បីទៅផ្នែកខាងលើមេគង្គដើម្បីធ្វើការពង កូនបានឡើយ ” ។ លោកបានបន្តទៀត ថា “ សភាពបែបនេះនឹងអាចនាំឱ្យចំនួនត្រីទឹកសាបដ៏សំខាន់ដ៏កម្រទាំងនេះប្រឈមនឹងការបាត់បង់ ” ។
យោងទៅតាមទិន្នន័យវិទ្យាសាស្ត្របច្ចុប្បន្នបង្ហាញថាត្រីរាជគឺជាប្រភេទត្រីដែលធ្វើចរាចរណ៍ឆ្ងាយ ។ វាធ្វើចរាចរណ៍ចេញពីទន្លេសាបក្នុងកម្ពុជាឆ្ពោះទៅ ទន្លេមេគង្គ ដើម្បីទៅធ្វើការពងកូននៅ ប៉ែកខាងជើងប្រទេសថៃ និងឡាវ ដែលទីនោះរដ្ឋាភិបាលឡាវនិងថៃទំនងជារួមគ្នាកសាងទំនប់វារីអគ្គីសនីទីមួយ នៅក្នុងតំបន់នៅពេលឆាប់ៗខាងមុខ ។ អ្នកវិទ្យាសាស្ត្រព្រួយបារម្ភថាទំនប់វារីអគ្គិ សនី ដែលគេគ្រោងសាងសង់នឹងរាំងស្ទះដល់ការធ្វើចរាចរដើម្បីពងកូន របស់ត្រីប្រភេទនេះ ។
នៅក្នុងចំណោមគម្រោងទាំង១២ កន្លែងនោះគម្រោងសាងសង់ទំនប់វារីអគ្គីសនីនៅលើទន្លេ មេគង្គ ក្នុងខេត្តសាយ៉ាប៊ូលីភាគខាងជើងប្រទេសឡាវគឺជាការ គម្រាមកំហែងដល់ការរស់នៅរបស់ ត្រីរាជ។ ទំនប់នេះគឺជាទំនប់ទីមួយដែលមាននៅលើទន្លេមេគង្គផ្នែកខាងក្រោមដែលនឹងត្រូវយកទៅធ្វើការវាយតម្លៃមុន ពេលដែលប្រទេសទាំងឡាយដែលជាសមាជិកគណៈកម្មាធិការការទន្លេមេគង្គផ្តល់ប្រឹក្សាទៅលើការសាងសង់ ។
កញ្ញា ដាង ធុយ ត្រាង (Dang Thuy Trang)អ្នកសម្របសម្រួលផ្នែកតំបន់អេកូឡូស៊ីមេគង្គ សម្រាប់ កម្មវិធីអភិរក្សមហាតំបន់មេគង្គនៃអង្គការ WWF បានឱ្យដឹងថា ទន្លេមេគង្គគឺជាទន្លេដែល មានត្រីទំហំធំៗរស់នៅក្នុងទន្លេមេគង្គច្រើនជាងនៅទន្លេដទៃទៀតលើសាកលលោក ។
កញ្ញាបន្តទៀតថា បច្ចុប្បន្ននេះលំហូរទន្លេមេគង្គប៉ែកខាងក្រោមនៅមានសភាពល្អប្រសើរដែលផ្តល់នូវឱកាសដ៏ល្អមួយសម្រាប់ការអភិរក្សពពួកត្រីទឹកសាប ទាំងអស់នេះ ៕