សិក្ខាសិលាស្តីពី ’ការគ្រប់គ្រងវដ្គនៃគម្រោង” និង ’វិធីសាស្ត្រនៃការរៀបចំករណីសិក្សា” ត្រូវបានប្រារព្ធនៅទីស្តីការគណៈរដ្ឋមន្ត្រី ត្រូវបានធ្វើនាព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១០
ភ្នំពេញ: គម្រោងអភិវឌ្ឍន៍សមត្ថភាពមន្ត្រីរាជការស៊ីវិលកម្ពុជា ត្រូវបានប្រារព្ធនៅទីស្តីការគណៈរដ្ឋមន្ត្រី កាលពីព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១០ ដោយមានមន្ត្រីមកពីស្ថាប័នជំនាញចំនួន ៦០ នាក់ ចូលរួមសិក្សាលើមុខវិជ្ជាចំនួន២ គឺសិក្សាលើគំរោង ’ការគ្រប់គ្រងវដ្គនៃគម្រោង” និង ’វិធីសាស្ត្រនៃការរៀបចំករណីសិក្សា” ។ វគ្គសិក្សាមានរយៈពេល ៤ ថ្ងៃ ពីថ្ងៃទី២៧ ដល់ ៣០ កក្កដា ឆ្នាំ២០១០ ។
សិក្ខាសាលាស្តីពី ’ការគ្រប់គ្រងវដ្គនៃគម្រោង” និង ’វិធីសាស្ត្រនៃការរៀបចំករណីសិក្សា” ក្នុងក្របខ័ណ្ឌនៃគម្រោងស្តីពីការអភិវឌ្ឍន៍សមត្ថភាពមន្ត្រីរាជការ នៅប្រទេសកម្ពុជាត្រូវបាន សហការរៀបចំដោយក្រុមប្រឹក្សាកំណែទម្រង់រដ្ឋបាល និងមូលនិធិសន្តិភាពសាសាកាវ៉ា របស់ប្រទេសជប៉ុន ។
លោក យ៉ាសុតូស៊ី យូសស៊ីដា មន្ត្រីអមកម្មវិធី របស់មូលនិធិសន្តិភាពសាសាកាវ៉ា បានលើកឡើងពីគោលបំណងនៃសិក្ខាសាលាថា ៖ សិក្ខាសាលានេះមានគោលបំណង ដើម្បីធ្វើការលើកកំពស់សមត្ថភាពមន្ត្រីរាជការស៊ីវិលរបស់កម្ពុជា ក្នុងការកែរលំអគុណភាព និងការផ្តល់សេវាសាធារណៈ ដើម្បីរួមចំណែកដល់ការអភិវឌ្ឍន៍ប្រទេសជាតិ និងការកាត់បន្ថយភាពក្រីក្រ ដែលទាំងនេះឆ្លើយតបដល់គោលបំណងរួមរបស់កម្មវិធី កំណែទម្រង់រដ្ឋាបាល គឺបំរើប្រជាជនឲ្យកាន់តែប្រសើរឡើង ។
លោក ង៉ោ ហុងលី អគ្គលេខាធិការក្រុមប្រឹក្សាកំណែទម្រង់រដ្ឋបាល បានមានប្រសាសន៍ថា ៖ កម្មវិធីជាតិកំណែទម្រង់រដ្ឋបាលមានគោលដៅប្រែក្លាយរដ្ឋបាលសាធារណៈ ឲ្យក្លាយជាអ្នកផ្តល់សេវាដ៏សក្តិសិទ្ធ តាមរយៈយន្តការពីដែលប្រទាក់ក្រឡាគ្នា និងបំពេញឲ្យគ្នាទៅវិញទៅមក ។ ទី១. ការធ្វើឲ្យរដ្ឋបានសាធារណៈកាន់តែមានតម្លាភាព ឆ្លើយតបនិងប្រសិទ្ធភាព និងទី២ លើកកំពស់ឆន្ទៈម្ចាស់ការ ភក្តីភាព មនសិកាវិជ្ជាជីវៈ និងវប្បធម៌សេវាសាធារណៈ ។
លោកបានបន្តថា ៖ ការអភិវឌ្ឍន៍ធនធានមនុស្ស និងការអភិវឌ្ឍន៍សមត្ថភាពរបស់មន្ត្រីរាជការ គឺការវិនិយោគមួយ ដែលមានលក្ខណៈជាយុទ្ធសាស្ត្រ ដោយផលចំណេញមានលក្ខណៈអរូបី និងត្រូវការរយៈពេលយូរសំដៅឈានទៅលើកកំពស់ប្រសិទ្ធភាពការងារ ។ ក៏ប៉ុន្តែ ការអភិវឌ្ឍន៍ធនធានមនុស្សនេះមិនប្រាកដថា ជោគជ័័យទេប្រសិនបើគេមិនបានយក ទៅអនុវត្តជាក់ស្តែងនោះ ។ លោកបានបន្តទៀតថា ៖ ការអភិវឌ្ឍន៍ធនធានមនុស្ស ជាការសំខាន់ហើយ ក៏ប៉ុន្តែសំខាន់ជាងនេះទៅទៀតនោះ គឺការយកចំណេះដឹងទៅប្រើប្រាស់បំរើឲ្យប្រទេសជាតិ និងបំរើប្រជាជន ។
គួរបញ្ជាក់ថា ៖ គំរោងអភិវឌ្ឍន៍ធនធានមនុស្សធ្លាប់ធ្វើម្តងរួចមកហើយ កាលពីខែវិច្ឆិកា និង ខែធ្នូ ឆ្នាំ២០០៩ ដោយបានរៀបចំសិក្ខាសាលាសាកល្បងចំនួន២ លើករួចមកហើយ ស្តីពីការគ្រប់គ្រងគម្រោង និងវិធីសាស្ត្រនៃការរៀបចំករណីសិក្សា ក្នុងគោលបំណងដើម្បីប្រមូលផ្តុំមូលដ្ឋាននៃចំណេះដឹង និងបទពិសោធន៍ សំរាប់រៀបចំគម្រោងអភិវឌ្ឍន៍សមត្ថភាព មន្ត្រីរាជការនៅប្រទេសកម្ពុជា ។ ឆ្លងតាមការរៀបចំសិក្ខាសាលាសាកល្បងរួចមក ក្រុមប្រឹក្សាកំណែទម្រង់រដ្ឋបាល និងមូលនិធិសន្តិភាពសាសាកាវ៉ា បានរៀបចំគម្រោងរយៈពេល ៣ ឆ្នាំ ២០១០-២០១២ សំរាប់អភិវឌ្ឍន៍សមត្ថភាពមន្ត្រីរាជការកម្ពុជា ៕