ភ្នំពេញ: ប្រតិភូគណៈកម្មាធិការជាតិត្រួតពិនិត្យគ្រឿងញៀន អេដស៍ និងពេស្យាចារនៃប្រទេសវៀតណាម បានអះអាងថា ភាគីវៀតណាម បានឯកភាពលើគម្រោងការសាងសង់មជ្ឈមណ្ឌលជាតិព្យាបាល និងស្ដារនីតិសម្បទាអ្នកញៀនគ្រឿងញៀននៅកម្ពុជា បន្ទាប់ពីបានពិភាក្សាលើការងារបច្ចេកទេស កាលពីព្រឹកថ្ងៃទី២៦ ខែកក្កដានេះ នៅសណ្ឋាគារកាំបូឌីយ៉ាណា ជាមួយនឹងក្រុមបច្ចេកទេសរបស់ភាគីកម្ពុជារួចមក ស្ដីពីការរៀបចំកសាងមជ្ឈមណ្ឌលជាតិព្យាបាល និងស្ដារនីតិសម្បទាអ្នកញៀនគ្រឿងញៀន នៅក្នុងប្រទេសកម្ពុជា ។
បើតាមការផ្ដល់ព័ត៌មានដោយលោក សួន ខឿន អនុប្រធាននាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានឱ្យដឹងកាលពីព្រឹកថ្ងៃទី២៩ ខែកក្កដានេះ នៅឯទីស្ដីការគណៈរដ្ឋមន្ដ្រីថា លោក ហ័ង អាញ់ទ្វៀន(Hoang Anh Tuyen) អគ្គលេខាធិការរងគណៈ កម្មាធិការជាតិត្រួតពិនិត្យគ្រឿងញៀន អេដស៍ និងពេស្យាចារវៀតណាម បានចូលជួបសំដែងការគួរសម និងរាយការណ៍ជូនលោកឧបនាយករដ្ឋមន្ដ្រី កែ គឹមយ៉ាន ប្រធានអា្ញជាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន អំពីលទ្ធផល និងកិច្ចពិភាក្សា ជាមួយនឹងក្រុមបច្ចេកទេសកម្ពុជា ដឹកនាំដោយលោកឧត្ដមសេនីយ៍ឯក ម៉ឹក ដារ៉ា អគ្គលេខាធិការនៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនស្ដីពីការបង្កើតមជ្ឈមណ្ឌលជាតិព្យាបាល និងស្ដារនីតិសម្បទាអ្នកញៀនគ្រឿងញៀននៅកម្ពុជា ។ លោក ហ័ង អាញ់ទ្វៀន បានអះអាងថា ភាគីវៀតណាម ឯកភាពលើការគ្រោងរបស់អគ្គលេខាធិការដ្ឋាន អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដែលគ្រោងសាងសង់មជ្ឈមណ្ឌលជាតិព្យាបាល និងស្ដារនីតិសម្បទាអ្នកញៀនគ្រឿងញៀន នៅលើផ្ទៃដីដែលមានទំហំ ២០ ហិកតា នៅតំបន់កែវផុស ដែលជាតំបន់អភិវឌ្ឍន៍កសិ-ឧស្សាហកម្មរបស់ក្រុមហ៊ុនម៉ុង ឫទ្ធី គ្រូប ស្ថិតនៅក្នុងភូមិសាស្ដ្រឃុំ ជើងគោ ខ័ណ្ឌព្រៃនប់ ខេត្ដព្រះសីហនុ មានចម្ងាយប្រមាណ ១៧០ គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ ។ ភាគីវៀតណាម ឯកភាពជាមួយភាគីកម្ពុជា អំពីការរៀបចំលិខិតបទដ្ឋានមួយចំនួន សម្រាប់គាំទ្រដល់ការបង្កើតមជ្ឈមណ្ឌលជាតិព្យាបាល និងស្ដារនីតិសម្បទាអ្នកញៀនគ្រឿងញៀន ។ ភាគីវៀតណាម ឯកភាពលើការព្រាងឯកសារនៃរចនាសម្ព័ន្ធ និងយន្ដការរបស់មជ្ឈមណ្ឌលជាតិ ដែលខាងភាគីអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ជាអ្នករៀបចំសេចក្ដីព្រាង ។ ភាគីវៀតណាម ឯកភាពលើកម្មវិធីដំណើរការរបស់មជ្ឈមណ្ឌលថ្នាក់ជាតិនេះ រួមទាំងបានឯកភាពលើការគ្រោងទុក ស្ដីពីប្រភពធនធានមនុស្ស និងតម្រូវការសំណង់អគារ និងសម្ភារៈ ។ ទន្ទឹមនឹងនេះ លោក ហ័ង អាញ់ទ្វៀន ក៏បានរាយការណ៍ជូនឧបនាយករដ្ឋមន្ដ្រី ពីចំណុចដែលត្រូវបំពេញបន្ថែមមួយចំនួន ក្នុងការសាងសង់មជ្ឈមណ្ឌលនេះផងដែរ។
នៅក្នុងឱកាសនេះ លោកឧបនាយករដ្ឋមន្ដ្រី កែ គឹមយ៉ាន បានលើកឡើងអំពីចំណុចសំខាន់ៗទាក់ ទងទៅនឹងការឈានទៅបង្កើតមជ្ឈមណ្ឌលជាតិនេះ ក្នុងនោះលោកបានបញ្ជាក់អំពីការងារចាំបាច់ចំពោះមុខនៅកម្ពុជា ក្នុងការដោះស្រាយបញ្ហាអ្នកប្រើបំពានគ្រឿងញៀននៅកម្ពុជា ។
ដោយសង្កេតឃើញថា កន្លងមកនេះ កម្ពុជាមានមជ្ឈមណ្ឌលបណ្ដោះអាសន្នចំនួន ១១ កន្លែង ក៏ប៉ុន្ដែមជ្ឈមណ្ឌលទាំងនោះ បាននិងកំពុងប្រព្រឹត្ដទៅដោយមិនទាន់មានស្ដង់ដារត្រឹមត្រូវទេ គឺគេធ្វើទៅ តាមឆន្ទៈរបស់អង្គភាពនីមួយៗ ដែលមានការយល់ឃើញរៀងៗខ្លួននោះ លោក កែ គឹមយ៉ាន បានមានប្រសាសន៍ថា “ ដូច្នេះយើងត្រូវតែរៀបចំកសាងមជ្ឈមណ្ឌលជាតិនេះ ឱ្យបានទៅតាមតម្រូវការចាំបាច់ នៃសង្គមជាតិកម្ពុជា ដើម្បីដោះស្រាយបញ្ហាអ្នកដែលស្ថិតនៅក្រោមឥទ្ធិពលគ្រឿងញៀន ” ។
គួរបញ្ជាក់ថា មជ្ឈមណ្ឌលថ្នាក់ជាតិនេះអាចទទួលជនរងគ្រោះដោយសារគ្រឿងញៀនពី ១.៥០០ នាក់ ដល់ ២.០០០ នាក់ ឱ្យចូលព្យាបាលស្ដារនីតិសម្បទា និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ មុនពេលពួកគេ ត្រូវបានធ្វើសមាហរណកម្មទៅកាន់សហគមន៍វិញ ។
គណៈប្រតិភូគណៈកម្មាធិការជាតិត្រួតពិនិត្យគ្រឿងញៀន អេដស៍ និងពេស្យាចារ នៃប្រទេសវៀតណាមនេះ បានមកដល់រាជធានីភ្នំពេញ កាលពីថ្ងៃទី២៥ ខែកក្កដានេះ ហើយបញ្ចប់ដំណើរទស្សនកិច្ចការងារនៅកម្ពុជា នៅរសៀលថ្ងៃទី២៩ ខែកក្កដានេះ បន្ទាប់ពីបានចូលជួបសំដែងការគួរសមជាមួយលោកឧបនាយករដ្ឋមន្ដ្រី កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ៕