ភ្នំពេញ: សកម្មជនមីន ប្រហែល ៥០០ នាក់ រួមមាន អ្នកនៅរស់រានជីវិតពីគ្រាប់មីន និងកាកសំណល់ជាតិផ្ទុះសល់ពីសង្គ្រាម ជនពិការ អ្នកដឹកនាំតាមសហគមន៍ ព្រះសង្ឃ ប៉ូលីស សិស្ស សាស្ត្រាចារ្យ និងអ្នកតំណាងមកពីកាកបាទក្រហមកម្ពុជា រួមទាំងអង្គការផ្នែកជំនួយដោះមីននៅកម្ពុជា នឹងជួបជុំគ្នា នៅទីរួមស្រុកសំឡូត ខេត្តបាត់ដំបង នាព្រឹកថ្ងៃសុក្រ ទី២៣ ខែកក្កដា ឆ្នាំ២០១០ ។ ពិធីជួបជុំនោះ ដើម្បីឆ្លុះបញ្ចាំងពីស្ថានភាពបច្ចុប្បន្ននៃគ្រាប់មីន និងកាកសំណល់ មិនទាន់ផ្ទុះពីសង្គ្រាម ព្រមទាំងការប្រឹងប្រែងជួយជនរងគ្រោះ នៅក្នុងប្រទេសកម្ពុជា ។
ពិធីជួបជុំ ដើម្បីបង្កើននូវការយល់ដឹងដល់ប្រជាជនអំពីគ្រោះថ្នាក់គ្រាប់មីន និងកាកសំណល់ជាតិផ្ទុះសល់ពីសង្គ្រាម ត្រូវបានរៀបចំជួបជុំ ដូចគ្នានេះ កាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១០ នៅស្រុកស្នួល ខេត្តក្រចេះ ។
តាមសេចក្តីប្រកាសព័ត៌មានរួម ចុះថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១០ បានបង្ហាញថា
ព្រឹត្តិការណ៍ជួបជុំ នៅស្រុកសំឡូត ដែលជាអតីតតំបន់សង្គ្រាមស៊ីវិលរ៉ាំរ៉ៃនោះ នឹងផ្តល់នូវឱកាស សម្រាប់អ្នកទទួលផលប្រយោជន៍ជាងគេបំផុត ពីសន្ធិសញ្ញា ហាមប្រើប្រាស់គ្រាប់មីនប្រឆាំងមនុស្ស ដែលបានចូល ជាច្បាប់មនុស្សធម៌អន្តរជាតិ អស់ពេលមួយទស្សវត្សមកហើយ ។
សេចក្តីប្រកាស បានបញ្ជាក់ថា ព្រឹត្តិការណ៍នេះ ក៏មានគោលបំណង ដើម្បីសាទរដល់សន្ធិសញ្ញា គ្រាប់បែកចង្កោម ដែលនឹងក្លាយជា ច្បាប់អន្តរជាតិ
នៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០១០។ សន្ធិសញ្ញានេះ បានបើកឱ្យប្រទេស លើពិភពលោកចុះហត្ថលេខា នៅទីក្រុង អូស្លូ នាខែធ្នូ ឆ្នាំ២០០៨ និងហាមប្រទេសជាសមាជិកប្រើប្រាស់ ផលិត ផ្ទេរ និង រក្សាទុកគ្រាប់បែកចង្កោម ដែលបង្កគ្រោះថ្នាក់យ៉ាងលើសលប់ដល់ជនស៊ីវិល ។
សេចក្តីប្រកាស បានកត់សម្គាល់ថា ប្រទេសកម្ពុជា គឺជាប្រទេសរងគ្រោះមួយក្នុងចំណោម ប្រទេសជាច្រើនទៀតពីគ្រាប់បែកចង្កោម ដែលបានទម្លាក់ដោយទ័ពអាកាសរបស់សហរដ្ឋអាមេរិក។ ទោះបីជាយ៉ាងណា សេចក្តីប្រកាសរួម បានកត់សម្គាល់ថា ប្រទេសកម្ពុជា គួរតែចុះហត្ថលេខាលើសន្ធិសញ្ញានេះ ខណៈពេលដែលមានប្រទេសប្រមាណ ១០៦ បានចុះហត្ថលេខា ហើយនឹងជួបជុំគ្នា នៅទីក្រុងវៀងច័ន្ទ ប្រទេសឡាវ នៅខែវិច្ឆិកា ឆ្នាំ ២០១០ខាងមុខនេះ ដើម្បីប្រកាសពីសកលភាព និង ភាពទាក់ទងនឹងគោលការណ៍របស់សន្ធិសញ្ញា ព្រមទាំង ដើម្បីសន្យាជាផ្លូវការក្នុងការគាំទ្រលើការជួយអ្នកនៅរស់រានជីវិត និង ការបោសសំអាតមីន និងកាកសំណល់ជាតិផ្ទុះសល់ពីសង្គ្រាម ។ សម្លេងរបស់អ្នកដែលនៅរស់រាន នឹងក្លាយទៅជាគោលដៅ
នៃការពិចារណាដ៏សំខាន់នាពេលនោះ ។
ប្រព័ន្ធព័ត៌មានជនរងគ្រោះ ដោយសារមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ បន្សល់ទុកពីសម័យសង្គ្រាម បានបង្ហាញរបាយការណ៍ថា ៥ ខែដើមឆ្នាំ២០១០នេះ ជនរងគ្រោះដោយសារគ្រាប់មីន កើនឡើងដល់ ១៣៤ នាក់។ ចំនួននេះ ច្រើនជាងចំនួនជនរងគ្រោះ ដែលត្រូវបានកត់ត្រាទុក ក្នុងរយៈពេល ៥ ខែដើមឆ្នាំ២០០៩ រហូតដល់ទៅ ៥ នាក់ ។ ចំនួនជនរងគ្រោះ ដោយសារគ្រាប់មីន នៅឆ្នាំ២០០៩ មានចំនួន ២៤៤ នាក់ ។
អាជ្ញាធរជាតិកម្ចាត់មីនកម្ពុជា បានលើកឡើងថា រដ្ឋាភិបាលកម្ពុជា ត្រូវការថវិកាប្រមាណ ៣៣០ លានដុល្លារ សម្រាប់ផែនការបោសសម្អាតមីន និងគ្រាប់មិនទាន់ផ្ទុះ ក្នុងរយៈពេល ១០ ឆ្នាំ ចាប់ពីឆ្នាំ២០១០។ រដ្ឋាភិបាល ទទួលបានថវិកាប្រមាណ ២៩ ទៅ ៣០ លានដុល្លារ ក្នុងមួយឆ្នាំៗ សម្រាប់កម្មវិធីបោសសម្អាតមីន កាលពីពេលកន្លងមក ៕