ភ្នំពេញ ៖ ដោយសារមានធនាគារមួយចំនួនបានឡើងការប្រាក់ចំពោះកម្ចីផ្សេងៗហើយដោយខ្លាចប្រជាពលរដ្ឋមិនបានដឹង និងពិនិត្យឱ្យច្បាស់ជាមុននោះ លោកស្រី ជា សិរី ទេសាភិបាលរងធនាគារជាតិនៃកម្ពុជា បានអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ សូមពិនិត្យឱ្យបានច្បាស់លាស់ និងហ្មត់ចត់នូវកិច្ចសន្យាខ្ចីប្រាក់ពីធនាគារនីមួយៗ មុនសម្រេចចិត្តចុះហត្ថលេខា ឬផ្ដិតមេដៃលើកិច្ចសន្យា ដើម្បីជៀសវាងបញ្ហាជម្លោះរវាងគ្នា និងគ្នានាពេលក្រោយ ប្រសិនបើមានលក្ខខណ្ឌណាមួយប្រែប្រួល។
ការយកចិត្តទុកដាក់ដល់ប្រជាពលរដ្ឋចំពោះបញ្ហាកម្ចីប្រាក់របស់ លោកស្រី ជា សិរី ធ្វើឡើងជាការឆ្លើយតបទាក់ទិននឹងពេលថ្មីៗនេះ មានធនាគារមួយចំនួន ប្រកាសចាប់ផ្តើមឱ្យអត្រាការប្រាក់បន្ថែមពីលើអត្រាការប្រាក់មុន។

លោកស្រី ជា សិរី បានថ្លែងលើកឡើងអំពីការប្រាក់ធនាគារឡើងចុះនារយៈពេលប៉ុន្មានថ្ងៃនេះ តាមរយៈ facebook របស់លោកស្រីឱ្យដឹងថា កន្លងមក លោកស្រីបានពន្យល់ពីមូលហេតុ ដែលធនាគារមួយចំនួន ដំឡើងអាត្រាការប្រាក់លើឥណទានរបស់ខ្លួន ដោយសារអាត្រាការប្រាក់លើទីផ្សារអន្តរជាតិកើនឡើង ហើយធនាគារនៅកម្ពុជា ត្រូវរងឥទ្ធិពលពីការកើនឡើងនេះដែរ ដែលធ្វើឱ្យតម្លៃដើមទុនរបស់ពួកគាត់កើនខ្ពស់ជាងមុន។ ធនាគារដែលខ្ចីប្រាក់ពីបរទេសត្រូវបង់ការប្រាក់ខ្ពស់ជាងមុន, ចំណែកធនាគារប្រើប្រាស់ទុនក្នុងស្រុកវិញ ក៏បានចំណាយការប្រាក់ខ្ពស់ជាងមុន ឱ្យអ្នកដាក់ប្រាក់បញ្ញើ បើសង្កេតមើលអាត្រាប្រាក់បញ្ញើរ មានការកើនឡើងសឹងតែគ្រប់ធនាគារ, ដូច្នេះ ស្ថានភាពនៅធនាគារមានការប្រែប្រួល។
ជាធម្មតា អាជីវកម្ម សេវាកម្មធនាគារ គឺអ្នកដាក់ប្រាក់បញ្ញើចង់បានការប្រាក់ខ្ពស់, ឯអ្នកខ្ចីចង់បានអត្រាការប្រាក់ទាប, ដូចនេះធនាគារមួយចំនួន ក៏បានសម្រេចចិត្តដំឡើងអាត្រាការប្រាក់លើឥទានអតិថិជនរបស់ខ្លួន, ត្រង់ចំណុចនេះប្រជាពលរដ្ឋ ឬអតិថិជនអ្នកខ្ចីប្រាក់ពីធនាគារ មុននឹងសម្រេចចុះហត្ថលេខា ឬផ្ដិតមេដៃលើកិច្ចសន្យាកម្ចីនោះ ត្រូវពិនិត្យពិច័យឱ្យបានច្បាស់ ឱ្យដឹងថាអត្រាការប្រាក់កម្រិតណាជាមុន ទើបមិនមានបញ្ហាជម្លោះកើតឡើង។

ឆ្លើយនឹងសំណួរថា តើការដំឡើងការប្រាក់របស់ធនាគារទាំងនោះ ខុស ឬត្រូវ ? លោកស្រី ជា សិរី ទេសាភិបាលរងធនាគារជាតិនៃកម្ពុជា បានបញ្ជាក់ថា ជាការពិតខ្ញុំក៏មិនដឹងថា កិច្ចសន្យារបស់ធនាគារនីមួយៗ បានសរសេរយ៉ាងដូចម្តេចនោះទេ? ប៉ុន្ដែអាស្រ័យលើការឯកភាពគ្នារវាងភាគីទាំងសងខាង ជាទូទៅកិច្ចសន្យាខ្លះ គឺផ្អែកលើអាត្រាអណ្តែតអន្តរជាតិ, បានន័យថា បើអាត្រាអន្តរជាតិឡើង អាត្រាឥណទានក៏ឡើង, ហើយបើអាត្រាអន្តរជាតិធ្លាក់ថ្លៃ អាត្រាឥណទានក៏ត្រូវបន្ទាបតាមហ្នឹងដែរ, ប៉ុន្តែក៏មានឥណទានខ្លះ អាត្រាការប្រាក់ត្រូវបានកំណត់ទុកជាមុន ក្នុងរយៈពេលសរុបនៃការខ្ជី។
ដូច្នេះក្នុងករណីនេះ ធនាគារត្រូវចរចាឡើញវិញជាមួយអតិថិជន បើមានការប្រែប្រួលលក្ខខណ្ឌ, ដូចគ្នានឹងអតិថិជនផងដែរ គឺសូមពិនិត្យមើលកិច្ចសន្យារបស់ខ្លួនឱ្យបានហ្មត់ចត់មុននឹងចុះហត្ថលេខា ហើយត្រូវយល់ពីសិទ្ធិ និងកាតព្វកិច្ចខ្លួនឯងឱ្យបានច្បាស់លាស់ ដើម្បីជៀសវាងជម្លោះនាថ្ងៃក្រោយ៕ រក្សាសិទ្ធដោយ ៖ ពិសិដ្ឋ CEN
























