Sunday, December 22, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នៅ​ឆ្នាំ​២០១៨ ផ្លែស្វាយ​របស់​កម្ពុជា នឹង​នាំ​ទៅកាន់​ទីផ្សារ​កូរ៉េ​

​ភ្នំពេញ​៖​ទូត​សាធារណរដ្ឋ​កូរ៉េ បាន​បញ្ជាក់ថា នៅ​ឆ្នាំ​២០១៨​ខាងមុខនេះ ផ្លែស្វាយ​របស់​កម្ពុជា នឹងមាន​ក្នុង​ទីផ្សារ​កូរ៉េ ហើយ​កូរ៉េ នឹង​បន្ត​ជំរុញ​ការវិនិយោគ​នៅ​កម្ពុជា រួមទាំង​ការវិនិយោគ ក្នុងការ​ធ្វើការ​កែច្នៃ ផលិតផល​កសិកម្ម​។​

​លោក Kim Weon-jin ឯកអគ្គរដ្ឋទូត​ផុត​អាណត្តិ​សាធារណរដ្ឋ​កូរ៉េ បាន​ជម្រាប​សម្តេច​តេ​ជោ ថា បេសកកម្ម​របស់លោក រយៈពេល​៣​ឆ្នាំ​កន្លងមកនេះ គឺ​លោក​ពិត​ជាមាន​កិត្តិយស​ណាស់ ដែល​បានមក​បំពេញបេសកកម្ម ការទូត​នៅ​កម្ពុជា ក្នុង​គោលដៅ​ជំរុញ​ទំនាក់ទំនង កិច្ចសហប្រតិបត្តិការ​រវាង​ប្រទេស​ទាំងពីរ​។​

​នៅ​វិមាន​សន្តិភាព រសៀល​ថ្ងៃទី​៥ ខែធ្នូ ឆ្នាំ​២០១៧​នេះ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ជួបពិភាក្សា​ការងារ​ជាមួយ​លោក គីម វ៉ុ​ន​ជីន (Kim Weon-jin) ឯកអគ្គរដ្ឋទូត​ផុត​អាណត្តិ របស់​សាធារណរដ្ឋ​កូរ៉េ​។

​លោក​បាន​បន្តថា នេះ​គឺជា​ខួប​២០​ឆ្នាំ​នៃ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ រវាង​កម្ពុជា​និង​សាធារណរដ្ឋ​កូរ៉េ ហើយ​ទំនាក់ទំនង​នេះ​ទៀតសោត បើ​គ្មាន​សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី​ទេ ទំនាក់ទំនង​នេះ ក៏​មិន​អាចមាន​មកដល់​ចំណុច​នេះដែរ​។ លោក បាន​គោរព​និង​វាយតម្លៃ​ខ្ពស់ ចំពោះ​ការដឹកនាំ​ដ៏​ឈ្លាសវៃ របស់​សម្តេច​តេ​ជោ ដែល​បាន​អភិវឌ្ឍន៍​កម្ពុជា មានរ​ការរីកចម្រើន​មកទល់​សព្វថ្ងៃ​។​

​ទន្ទឹមនឹងនេះ លោក Kim Weon-jin បាន​ជម្រាបជូន សម្តេច​តេ​ជោ អំពី​វឌ្ឍនៈភាព​ការងារ​ពាក់ព័ន្ធ​នឹង​ផ្លូវជាតិ​លេខ​៤៨ និង​ផ្លូវជាតិ​លេខ​២១ ហើយនឹង​ការនាំ​ផ្លែស្វាយ​កម្ពុជា​ចេញទៅ​សាធារណរដ្ឋ​កូរ៉េ​។ នៅ​ឆ្នាំ​២០១៨ ផ្លែស្វាយ​របស់​កម្ពុជា នឹងមាន​ក្នុង​ទីផ្សារ​កូរ៉េ​ហើយ ហើយ​កូរ៉េ​នឹង​បន្ត​ជំរុញ​ការវិនិយោគ​នៅ​កម្ពុជា រួមទាំង​ការវិនិយោគ ក្នុងការ​ធ្វើការ​កែច្នៃ ផលិតផល​កសិកម្ម​ផងដែរ​។​

​សម្តេច​តេ​ជោ ហ៊ុន សែន បាន​មានប្រសាសន៍ថា យើង​អាច​ប្រកាស​បាន​ថា ទំនាក់ទំនង​ការទូត​រវាង​កម្ពុជា និង​សាធារណរដ្ឋ​កូរ៉េ គឺជា​ទំនាក់ទំនង​ដ៏​ជោគជ័យ​ដ៏​ធំ​បំផុត​មួយ​ដែល​បាន​វិវត្តន៍​យ៉ាង​ឆាប់រហ័ស​។ ជាអាទិ៍​គឺ​យើង​អាច​ឃើញ​តាមរយៈ​ការហោះហើរ​ជាច្រើន​ជើង​ពី​កម្ពុជា​ទៅ​កូរ៉េ និង​ពី​កូរ៉េ​មក​កម្ពុជា ហើយ​តាមរយៈ​ទំនាក់ទំនង​ការងារ​, ទំនាក់ទំនង​ប្រជាជន​និង​ប្រជាជន ហើយ​ជាមួយនឹង​ជំនួយ ដែល​កូរ៉េ​បាន​ជួយ​ដល់​កម្ពុជា​រហូតមកដល់​ពេលនេះ​បាន​ចូលរួមចំណែក​ក្នុងការ​អភិវឌ្ឍន៍​ប្រទេស​។​

​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី បាន​សម្តែង​នូវ​ការរីករាយ អបអរសាទរ ចំពោះ​ការនាំចេញ​ផ្លែស្វាយ​កម្ពុជា ទៅកាន់​ទីផ្សារ​របស់​សាធារណរដ្ឋ​កូរ៉េ នៅ​ឆ្នាំ​ក្រោយនេះ​។ សម្តេច ក៏បាន​សម្តែង​នូវ​ការរីករាយ ចំពោះ​វឌ្ឍនភាព ការងារ​ដែល​លោក Kim Weon-jin បាន​រាយការណ៍​ជូន​សម្តេច​៕ ដោយ​៖​បញ្ញា​ស័ក្តិ​

×