ភ្នំពេញ ៖ ករណីបាញ់នៅមជ្ឈមណ្ឌលកម្សាន្ត Rock អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចោទប្រកាន់ ជនសង្ស័យ២នាក់ ជាបក្ខពួករបស់ជនប្រដាប់អាវុធឈ្មោះ ឌុច សុវណ្ណារ៉េត ដែលបាញ់ប្រហារបណ្តាលឲ្យឌីជេម្នាក់រងរបួសនៅមជ្ឈមណ្ឌល Rock ពីបទ ហឹង្សាមានស្ថានទម្ងន់ទោសនៅល្ងាចថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៧។
សមត្ថកិច្ចបាននិយាយថា ជនបង្កក្នុងករណីនេះមានឈ្មោះ ឌុច សុវណ្ណារ៉េត ហៅ រិទ្ធញាញ់ ដែលកំពុងគេចខ្លួននោក្រៅសំណាញច្បាប់នៅឡើយ។ ជនបង្ក ជាកូនប្រុសរបស់ លោក ឌុច សុវណ្ណារី រដ្ឋលេខាធិការក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច។ ចំណែកជនរងគ្រោះមានឈ្មោះ បៀ សំអឿន អាយុជាង៣០ឆ្នាំ ជាឌីជេប្រចាំមជ្ឈមណ្ឌលកម្សាន្ដ Rock ដែលត្រូវរបួសត្រូវកំភួនជើង និងគូទ ក្រោយពីជនដៃដល់បាញ់ចំនួន៤គ្រាប់។
បើតាម លោក លី សុផាណា អ្នកនាំពាក្យនៃតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញបានបញ្ជាក់ថា ក្រោយពេលចោទប្រកាន់ហើយនោះ នៅល្ងាចថ្ងៃអង្គារនេះ ជនសង្ស័យទាំងពីរនាក់ ត្រូវបានតំណាងអយ្យការបញ្ជូនទៅចៅក្រមស៊ើបសួរ ប៉ុន្តែចៅក្រមស៊ើបសួរមិនទាន់សម្រេចយ៉ាងណាទេ ដោយរង់ចាំការសាកសួរបន្ត៕ ដោយ៖កូឡាប