ថ្លើមជាផ្នែកដ៏អស្ចារ្យមួយក្នុងសរីរាង្គមនុស្ស ។ រាល់ថ្ងៃ វាបង្កើតប្រមាត់, បំប្លែងសារជាតិជីវជាតិពីរបបទទួលទាន, សម្អាតជាតិពុលចេញពីឈាម, បំផ្លាញជាតិខ្លាញ់, ស្រា និងថ្នាំ, គ្រប់គ្រងបរិមាណស្ករក្នុងឈាម និងកម្រិតអ័រម៉ូន, ស្តុកជាតិដែក… ។
បណ្ឌិត, វេជ្ជបណ្ឌិត Saleh Alaqahtani នាយកយកស្រាវជ្រាវផ្នែកថ្លើម នៅសកលវិទ្យាល័យវេជ្ជសាស្រ្ត Johns Hopkins ឲ្យដឹងថា អ្នកមិនត្រូវរង់ចាំរោគសញ្ញារបស់ថ្លើមលេចឡើង ទើបចាប់ផ្តើមយកចិត្តទុកដាក់ដល់ជំងឺថ្លើម ។ ល្អបំផុតគឺអ្នកគួរទប់ស្កាត់ជំងឺថ្លើមមុនពេលវាប្រែជាធ្ងន់ធ្ងរជ្រុល ។
លោកបានលើកឡើងកត្តាហានិភ័យធំៗ ៥ ដែលនាំដល់ការកើតជំងឺថ្លើម ។
. ប្រាស្រ័យជាមួយជាតិពុល
ទោះបីថ្លើមមានភារកិច្ចសម្អាតជាតិពុលចេញពីឈាម តែប្រសិនត្រូវប្រាស្រ័យហួសកម្រិតជាមួយជាតិពុល នោះនៅតែអាចបង្កគ្រោះថ្នាក់ឲ្យថ្លើម ។ ដូច្នេះ ចូរអ្នកអានសញ្ញាព្រមានអំពីសារជាតិគីមីដែលខ្លួនប្រើប្រាស់ជុំវិញផ្ទះ និងលាងបន្លែផ្លែឈើឲ្យបានស្អាត មុនពេលទទួលទាន ។
. ប្រើប្រាស់អាហារបំប៉នមានគ្រោះថ្នាក់
ផលិតផលបំប៉នសុខភាពត្រូវបានបិទផ្លាក «ធម្មជាតិ» ពុំមានន័យថាវាល្អសម្រាប់អ្នក ព្រោះមានប្រភេទឱសថរុក្ខជាតិខ្លះធ្វើឲ្យគ្រោះថ្នាក់ថ្លើម ។ បណ្ឌិត Alqahtani ឲ្យដឹងថា៖ «២០% នៃជំងឺថ្លើមនៅអាមេរិក គឺបង្កឡើងដោយឱសថរុក្ខជាតិ» ។
. ទទួលទានស្រាច្រើន
ខ្លាញ់រុំថ្លើមមានពាក់ព័ន្ធដល់កម្រិតអាល់កុល ជាមូលហេតុមួយក្នុងចំណោមមូលហេតុបង្កការរលាកថ្លើម (នៅហៅថារលាកថ្លើមដោយសារស្រា), ក្រឹនថ្លើម និងថែមទាំងមហារីកថ្លើម ។ ទទួលទានស្រាច្រើន (ជាង ៤ កែវ ក្នុង១ថ្ងៃចំពោះបុរស និង២កែវក្នុង១ថ្ងៃចំពោះស្រ្តី) ជាផ្លូវជិតបំផុតនាំដល់ជំងឺនេះ ។
. ធាត់, ទឹកនោមផ្អែម ឬ កូឡេស្តេរ៉ូលខ្ពស់
ស្ថានភាពនេះអាចបង្កជាជំងឺខ្លាញ់រុំថ្លើម មិនដោយសារស្រា (មិនពាក់ព័ន្ធដល់ស្រា) ដោយសារជាតិខ្លាញ់ «លុកលុយ» ចូលទាំងបណ្តាផ្នែកផ្សេងៗ រួមមានទាំងថ្លើម ។ ស្ថានពេលនេះក៏អាចនាំដល់ជំងឺក្រឹនថ្លើម និងមហារីកថ្លើម ។ វេជ្ជបណ្ឌិត Alqahtani ឲ្យដឹងថា៖ «ជំងឺខ្លាញ់រុំថ្លើមរីកចម្រើនយ៉ាងលឿន និងជាមូលហេតុមួយក្នុងចំណោមមូលហេតុ ត្រូវប្តូរថ្លើមច្រើនបំផុតលើពិភពលោក» ។
. មានប្រវត្តិគ្រួសារកើតជំងឺថ្លើម
ទោះបីអ្នក ឬសមាជិកម្នាក់ក្នុងគ្រួសារបានកើតជំងឺថ្លើម, ថ្លើមរបស់អ្នកនឹងងាយត្រូវរងរបួសជាង ។ និយាយម្យ៉ាងទៀត គឺប្រសិនមានប្រវត្តិគ្រួសារកើតជំងឺថ្លើម, អ្នកមានហានិភ័យកើតជំងឺថ្លើមខ្ពស់ជាង ៕លីសា