ប្រព័ន្ធភាពស៊ាំ គឺជារបស់ដែលការពាររាងកាយ មិនឲ្យឆ្លងជំងឺ និងជាតិពុលដូចជា វីរុស បាក់តេរី មេរោគផ្សិត និងប៉ារ៉ាសិតជាដើម។ មានហេតុផលច្រើនណាស់ ដែលអាចធ្វើឲ្យប្រព័ន្ធភាពស៊ាំរបស់អ្នកចុះខ្សោយ។ ខាងក្រោមនេះ ខ្ញុំនឹងបង្ហាញអំពីអាការៈ ៥ យ៉ាងដែលបញ្ជាក់ថា ប្រព័ន្ធភាពស៊ាំរបស់អ្នក កំពុងតែចុះខ្សោយហើយ។
– បើសិនជាអ្នក ងាយនឹងមានជំងឺផ្តាសាយ ក្អក និងឈឺបំពង់កជាញឹកញាប់នោះ វាពិតជាសញ្ញាមួយបញ្ជាក់ថា អ្នកកំពុងតែមានប្រព័ន្ធភាពស៊ាំខ្សោយហើយ។
– ម្យ៉ាងវិញទៀត អ្នកក៏ងាយនឹងមានការបង្ករោគនៅផ្លូវដង្ហើមដែរ ទោះបីជាអ្នកញ៉ាំរបស់អ្វី ត្រជាក់តិចតួចក៏ដោយ។ ករណីបែបនេះ គ្រូពេទ្យបានណែនាំថា អ្នកគួរតែចៀសវាងអាហារមានជាតិសាច់ និងញ៉ាំបន្លែឲ្យបានច្រើន ជាពិសេស បន្លែពណ៌បៃតង និងរមៀតជាដើម ដើម្បីពង្រឹងដល់ប្រព័ន្ធភាពស៊ាំឡើងវិញ។
– បើសិនជាអ្នកមានដំបៅ ឬដាច់ដោចស្បែកតិចតួច អ្នកសម្គាល់ឃើញថា វាត្រូវការប្រើពេលច្រើនថ្ងៃទើបជា នោះមានន័យថា អ្នកកំពុងតែមានប្រព័ន្ធភាពស៊ាំចុះខ្សោយហើយ។
– បញ្ហាក្រពះ និងការឧស្សាហ៍មានអាការៈរាករូស គឺជាសញ្ញាមួយ នៃការចុះខ្សោយរបស់ប្រព័ន្ធភាពស៊ាំដែរ។ ក្រៅពីរាក អ្នកក៏នឹងងាយកើតជំងឺនៅផ្លូវទឹកម៉ូត និងឈឺអញ្ចាញធ្មេញដែរ។
– ការរមាស់លើស្បែកជាប់រហូត អាចជាសញ្ញាមួយនៃការបង្ករោគផ្សិត។ ដូច្នេះ ស្បែកដែលងាយនឹងមានការបង្ករោគផ្សិតបែបនេះ ពិតជាអាចបញ្ជាក់ច្បាស់ថា ប្រព័ន្ធភាពស៊ាំកំពុងតែចុះខ្សោយហើយ។ បើសិនជាអ្នកមានប្រតិកម្មអាលែកស៊ី ច្រើនជាងមនុស្សធម្មតា វាអាចជាសញ្ញាមួយ នៃការចុះខ្សោយរបស់ប្រព័ន្ធភាពស៊ាំដែរ។ យ៉ាងណាមិញ ការដែលអាលែកស៊ី មិនមែនមានន័យថា ប្រព័ន្ធភាពស៊ាំកំពុងតែចុះខ្សោយខ្លាំងនោះទេ។ ករណីខ្លះ វាអាចជាសញ្ញានៃប្រព័ន្ធភាពស៊ាំ ធ្វើការច្រើនជ្រុលដែរ ព្រោះវាជារបៀបដែលប្រព័ន្ធភាពស៊ាំការពារាងកាយ ឆ្លើយតបនឹងភាពមិនធម្មតាណាមួយក្នុងខ្លួន៕ ដោយ ៖ សុភ័ក្ត្រ
ប្រភព៖ Health