យោធាអាមេរិចបានបើកយន្តហោះទម្លាក់គ្រាប់បែកដ៏មានអនុភាពបំផុតមួយគ្រឿង លើប្រទេសកូរ៉េខាងត្បូង ដែលការហោះហើរនេះគឺជាផ្នែកមួយនៃការចូលរួមធ្វើសមយុទ្ធវាយប្រហារ ដែនអាកាសទ្រង់ទ្រាយធំមិនធ្លាប់មានពីមុនមក។ វត្តមានរបស់យន្តទម្លាក់គ្រាប់បែកប្រភេទ B-1B នៅឧបទ្វីបត្រូវបានគេមើលឃើញថា ជាការព្រមានដល់ប្រទេសកូរ៉េខាងជើង។
កូរ៉េខាងត្បូង និសម្ព័ន្ធមិត្តរបស់ខ្លួនគឺអាមេរិច កំពុងធ្វើសមយុទ្ធដែនអាកាសចាប់តាំងពីថ្ងៃច័ន្ទមក ហើយសមយុទ្ធនឹងបន្តរហូតដល់ថ្ងៃសុក្រសប្តាហ៍នេះ។ សមយុទ្ធនេះកើតឡើងមួយសប្តាហ៏ប៉ុណ្ណោះក្រោយពេលទីក្រុងព្យុងយ៉ាងបានបាញ់មីស៊ីលរយៈចំងាយឆ្ងាយ ដែលខ្លួនអះអាចថា ជាប្រភេទមីស៊ីលឆ្លងទ្វីបប្រភេទថ្មី ដែលអាចវាយប្រហារអាមេរិចបាន។
អាមេរិចពីមុនក៏ធ្លាប់បង្ហាញវត្តមានយន្តហោះទម្លាក់គ្រាប់បែករបស់ខ្លួនផងដែរ ដើម្បីបង្ហាញអនុភាពដាក់កូរ៉េខាងជើង ក្រោយពេលរបបនេះបានបាញ់សាកមីស៊ីល ឬនុយក្លេអ៊ែររួច។
យោធាកូរ៉េខាងត្បូងបាននិយាយថា យន្តហោះទម្លាក់គ្រាប់បែកអាមេរិចបានចូលរួមក្នុងសមយុទ្ធទំលាក់គ្រាប់បែកជាមួយនឹង យន្តហោះចំបាំងកូរ៉េខាងត្បូង និងអាមេរិចជាច្រើនគ្រឿង នៅក្នុងខេត្តកាំងវុន (Gangwon) ដែលមានព្រំប្រទល់ជាប់នឹងកូរ៉េខាងជើង។
យន្តហោះជាង ២០០គ្រឿង ព្រមទាំងកងទ័ពរាប់ពាន់នាក់បានចូលរួមក្នុងសមយុទ្ធដែលអាកាសនេះ ដែលមានឈ្មោះថា Vigilant Ace។
ព្យុងយ៉ាង ដែលជាទម្លាប់តែងតែថ្កោលទោសសមយុទ្ធរួមគ្នារវាងអាមេរិច និងកូរ៉េខាងត្បូង និងបានហៅសមយុទ្ធនោះថាជាការត្រៀមខ្លួនដើម្បីធ្វើសង្គ្រាមឈ្លានពានកូរ៉េខាងជើង។ របបនេះក៏បានហៅសមយុទ្ធរួមគ្នាបច្ចុប្បន្នថាជាការបង្ករឿងឲ្យមានសង្គ្រាមនុយក្លេអ៊ែរ៕ សុភ័ក្ត្រ