រុស្ស៊ីប្រកាសថា គេមានបណ្តាញទាក់ទងទាំងឡាយជាមួយកូរ៉េខាងជើង ហើយត្រៀមខ្លួនជាស្រេចក្នុងការប្រើប្រាស់ឥទ្ធិពលដែលខ្លួនមានទៅលើក្រុងព្យុងយ៉ាង ។
ទីភ្នាក់ងារសារព័ត៌មាន RIA Novosti បានដកស្រង់សម្តីរបស់អនុរដ្ឋមន្ត្រីការបទេសរុស្ស៊ី Igor Morgulov ថ្លែងក្នុងសន្និសីទមួយក្រុងបែឡាំង ប្រទេសអាល្លឺម៉ង់ ថ្ងៃទី ៥/១២។ “យើងខ្ញុំមានខ្សែរយៈទាក់ទង ហើយកំពុងប្រើប្រាស់វាដើម្បីចរចា។ យើងខ្ញុំត្រៀមជាស្រេចក្នុងការដាក់វាប្រើប្រាស់ជារួម ហើយក៏ត្រៀមប្រើឥទ្ធិពលរបស់ខ្លួនចំពោះកូរ៉េខាងជើង”។
តាមលោក Morgulov អាមេរិកនិងកូរ៉េខាងជើងសុទ្ធសឹងពុំចង់ឲ្យកើតមានសង្គ្រាមឡើង ប៉ុន្តែពេលនេះបញ្ហានោះពុំអាចមើលរំលងបានទេ។
កូរ៉េខាងជើងបានសាកល្បងនុយក្លេអ៊ែរលើកទី៦ ដែលមានកម្លាំងខ្លាំងជាងគេ កាលពីថ្ងៃទី៣/៩ ហើយបានសាកល្បងកាំជ្រួចអន្តរទ្វីបជាច្រើន ទោះបីមានបទបញ្ជាដាក់ទណ្ឌកម្មរបស់អង្គការសហប្រជាជាតិក្តី ។ លោក Morgulov អំពាវនាវឲ្យមានវិធានការផ្សេងជំនួសឲ្យការឯកោប្រទេសនេះ ក្នុងដំណោះស្រាយបញ្ហានៅឧបទ្វីបកូរ៉េ។
លោក Morgulov សង្កត់ធ្ងន់ថា “យើងខ្ញុំជឿជាក់ថា ការធ្វើឲ្យប្រទេសនេះឯកោពុំមានប្រសិទ្ធភាពទេ។ តាមរយៈវិធីនោះយើងកាន់តែធ្វើឲ្យស្ថានការណ៍ដែលកំពុងតែគ្រោះកាន់តែគ្រោះថ្នាក់ខ្លាំងជាងមុន។ យើងកំពុងស្ថិតនៅមាត់ជ្រោះនៃសង្គ្រាម”។
នៅក្រុងវ៉ាស៊ីនតោនវិញ អ្នកនាំពាក្យក្រសួងការបរទេសអាមេរិកអះអាងថា អាមេរិកនៅតែចង់មានដំណោះស្រាយសន្តិភាព ការទូតមួយសម្រាប់បញ្ហានុយក្លេអ៊ែរ។
តាមលោក Morgulov ឲ្យដឹងនោះកូរ៉េខាងជើងកំពុងស្វែងរកវិធីចរចាដោយផ្ទាល់ជាមួយអាមេរិក ហើយពុំតម្រូវឲ្យមានការធនាសន្តិសុខពីសំណាក់ចិន ឬរុស្ស៊ីទេ៕ សូយន