ចិនបានឆ្លើយតបនឹងសមយុទ្ធរួមថ្ងៃទី ៤/១២ របស់អាមេរិក និងកូរ៉េខាងត្បូង តាមរយៈសកម្មភាពសមយុទ្ធ ពុំធ្លាប់មាននៅជិតឧបទ្វីកូរ៉េ -នេះបើតាមកាសែត Business Insider ។
តាមនោះក្រុងប៉េកាំង កំពុងអះអាងតួនាទីរបស់ខ្លួនជាសម្ព័ន្ធមិត្តមួយ ក្នុងសន្ធិសញ្ញាជាមួយក្រុងព្យុងយ៉ាង នៅអំឡុងពេលភាពតានតឹង កាន់តែកើនឡើងរវាងអាមេរិក និងកូរ៉េខាងជើង។
ការរារាំងជម្លោះមួយទាក់ទងដល់កូរ៉េខាងជើង គឺជាផលប្រយោជន៍ជាតិរបស់ចិន -ប្រទេសដែលធ្លាប់រួមដៃគ្នាជាមួយក្រុងព្យុងយ៉ាង ក្នុងសង្គ្រាមឧបទ្វីបកូរ៉េអំឡុងឆ្នាំ ១៩៥០ សតវត្សរ៍មុន។
តាម Li Jie អ្នកជំនាញការយោធានៅប៉េកាំង បានប្រាប់កាសែត SCMP ថា ៖ “អំឡុងពេលដែល កងទ័ពរំដោះចិនប្រកាសពីការធ្វើសមយុទ្ធទ័ពអាកាសនៅខ្សែបន្ទាត់ និងតំបន់ដែលពួកគេពុំធ្លាប់ហោះហើរកាត់នោះ វាជាការព្រមានដល់ក្រុងវ៉ាស៊ីនតោន និងក្រុងសេអ៊ូលថា ពុំត្រូវញុះញង់ទីក្រុងព្យុងយ៉ាងបន្ថែមទៀតទេ”។
ជាដៃគូពាណិជ្ជកម្មសំខាន់បំផុតជាមួយកូរ៉េខាងជើង ចិនអាចរាំងស្កាត់ចរន្តទុនហូរចូលប្រទេសឯកោមួយនេះបានយ៉ាងល្អ ហើយតាមរយៈនោះវាធ្វើឲ្យឈានដល់ការដួលរំលំរបស់ក្រុងព្យុងយ៉ាង -នេះបើតាម Business Insider ។ ប៉ុន្តែផលប្រយោជន៍ជាតិរបស់ចិន គឺកូរ៉េខាងជើងចាំបាច់ត្រូវជាប្រទេសរបាំង ដើម្បីរារាំងកុំឲ្យអាមេរិក បញ្ជូនទ័ពមកកៀកព្រំដែនចិនបាន។
ទង្វើសមយុទ្ធព្រមៗគ្នាលើអាកាសទាំង ២នេះ អាចបញ្ជាក់ថា ប្រសិនបើកូរ៉េខាងជើងរងការវាយលុកនេះ មហាអំណាចទាំង២ អាចប្រឈមមុខគ្នាសារជាថ្មីម្តងទៀត ក្រោយការប្រយុទ្ធដ៏សាហាវនៅឧបទ្វីបកូរ៉េ កាលពីឆ្នាំ ១៩៥០-១៩៥៣៕ សូយន