ភ្នំពេញ ៖ លោកមេធាវី ចាន់ ចេន មេធាវីការពារក្តីជូនលោក កឹម សុខា បានប្រកាសជំហរគាំទ្រចំពោះសេចក្តីថ្លែងការណ៍របស់រាជរដ្ឋាភិបាលកម្ពុជា ដោយចាត់ទុកថា ជាការបន្ធូរស្ថានភាព និងធ្វើឡើងដើម្បីលទ្ធិប្រជាធិបតេយ្យ។ ចំណែកឯកញ្ញា កឹម មនោវិទ្យា កូនស្រីរបស់លោក កឹម សុខា បានផ្ញើសារដ៏មានទម្ងន់ទៅកាន់ទណ្ឌិត សម រង្ស៊ីថាគឺជាមនុស្សភូតកុហក និងដើរលាបពណ៌គេ។
លោក ចាន់ ចេន មេធាវីការពារក្តីជូនលោក កឹម សុខា បានបញ្ជាក់នៅរសៀលថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៨ ឱ្យដឹងថា លោក កឹម សុខា បានស្វាគមន៍ចំពោះសេចក្តីថ្លែងការណ៍របស់រាជរដ្ឋាភិបាល ហើយអះអាងថា ឱ្យតែអ្វីៗធ្វើឡើងដើម្បីប្រជាធិបតេយ្យលោកនឹងគាំទ្រទាំងអស់។
លោកបានបញ្ជាក់យ៉ាងដូច្នេះ៖ “ឯកឧត្តម កឹម សុខា កូនក្តីរបស់ខ្ញុំគាត់បានសម្តែងការស្វាគមន៍។ ជាងនេះទៅទៀតលោកថា អ្វីក៏ដោយឱ្យតែមានដំណោះស្រាយ ដើម្បីផលប្រយោជន៍ប្រទេសជាតិ(ទី១), ទី២ ដើម្បីលទ្ធិប្រជាធិបតេយ្យ និងទី៣ ដើម្បីសិទ្ធិមនុស្ស គឺកូនក្តីរបស់ខ្ញុំបាទគាត់គាំទ្រ”។
ឆ្លើយតបនឹងការលើកឡើងរបស់ទណ្ឌិត សម រង្ស៊ី និងក្រុមគាំទ្រ ដែលបានប្រកាសថា រាល់ការបញ្ចេញទស្សនៈ ឬការលើកឡើងរបស់លោក កឹម សុខា មិនឆ្លុះបញ្ចាំងពី ភាពត្រឹមត្រូវនោះ នៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៨នេះ កញ្ញា កឹម មនោវិទ្យា កូនស្រីរបស់លោក កឹម សុខា បានផ្ញើសារទៅកាន់ទណ្ឌិត សម រង្ស៊ី ថាគឺជាមនុស្សភូតកុហក និងដើរលាបពណ៌គេ។
សាររបស់កញ្ញា កឹម មនោវិទ្យា បានសរសេររៀបរាប់យ៉ាងដូច្នេះថា “លោក សម រង្ស៊ី បាននិយាយកុហកជាសាធារណម្តងទៀតហើយថា សាររបស់លោក កឹម សុខា គឺក្លែងក្លាយ និងមិនត្រឹមត្រូវ បើទោះបីជាមានការបញ្ជាក់ពីមេធាវី និងគ្រួសាររបស់លោក កឹម សុខា អំពីភាពត្រឹមត្រូវ និងពិតប្រាកដនៃសារទាំងនោះក៏ដោយ។ ចាប់តាំងពីលោក កឹម សុខា ជាប់ពន្ធនាគារ លោក សម រង្ស៊ី បានដឹកនាំយុទ្ធនាការលាបពណ៌ ដើម្បីធ្វើឲ្យគេមើលឃើញថា ក្រុម CNRP ដែលនៅខាងលោក កឹម សុខា គឺសុទ្ធតែជាគិញ”។
សូមជំរាបថា តាមរយៈសន្និសីទនៅទីក្រុងអាតាឡង់តា រដ្ឋចចា សហរដ្ឋអាមេរិក អតីតថ្នាក់ដឹកនាំ និងសមាជិក អតីតគណបក្សសង្គ្រោះជាតិ ដែលគាំទ្រលោក សម រង្ស៊ី បានសម្រេចឱ្យលោក សម រង្ស៊ី ក្លាយជាប្រធានស្តីទី ខ្មោចគណបក្សសង្គ្រោះជាតិ តាមវិធីខុសលក្ខន្តិកៈបក្ស។
លោក គង់ គាំ អតីប្រធានគណបក្សសម រង្ស៊ី (គណបក្សភ្លើងទៀន) និងជាដៃគូនយោបាយជាមួយលោក សម រង្ស៊ី រយៈពេលជាងម្ភៃឆ្នាំ បានសរសេរលើទំព័រហ្វេសប៊ុករបស់លោក កាលពីថ្ងៃទី៣ ខែធ្នូ ដោយបានរិះគន់លោក សម រង្ស៊ី ថា ៖ “គិតមិនត្រូវ យល់មិនច្បាស់ និងធ្វើអ្វីមិនកើត គឺជាទ្រព្យជាប់ខ្លួនរបស់លោក សម រង្ស៊ី និងគូរកន។ ប្រធានចលនា ឬប្រធានស្តីទី CNRP វាដូចតែគ្នាទេ។ តែផ្ទៃក្នុងCNRP មិនទទួលស្គាល់ផង ឲ្យអន្តរជាតិណាគេទទួលស្គាល់ទៅកើត។”
លោកម៊ុត ចន្ថា នាយខុទ្ទកាល័យរបស់លោកកឹម សុខា បានបញ្ជាក់ថា ការសម្រេចរបស់អ្វីដែលហៅថាសន្និសីទពិភព នៅថ្ងៃទី២ ធ្នូ នៅអត្លង់តា សហរដ្ឋអាមេរិក ដែលអញ្ជើញលោក សម រង្ស៉ី មកដឹកនាំជាប្រធានស្តីទី ផ្ទុយពីលក្ខន្តិកៈរបស់គណបក្ស និងមិនអាចយកការបានជាដាច់ខាត!។ ដោយហេតុថា ៖ ទី១. អ្នកចូលរួមធ្វើសេចក្តីសម្រេច ក្នុងសន្និសីទនោះ មិនមាននីតិសម្បទា ដែលមានសិទ្ធិស្នើ ឬ ជ្រើសតាំងប្រធានស្តីទីគណបក្ស ស្របតាមលក្ខន្តិកៈគណបក្សនោះទេ។ ទី២. យោងតាមលក្ខន្តិកៈ អាចធ្វើជាប្រធានស្តីទីណបក្សបាន លុះត្រាតែអវត្តមានប្រធាន ដែលត្រូវផ្ទេរសិទ្ធិឲ្យទៅអនុប្រធានមួយរូបដែលមានអាយុច្រើនជាងគេ (ប្រការ ៤៥ថ្មី នៃលក្ខន្តិកៈ)។ មិនអាចយកអ្នកដទៃណាដែលសមាជគណបក្សមិនបានជ្រើសតាំងជាអនុប្រធានហើយនោះ មកធ្វើជាប្រធានស្តីទីបានឡើយ។ ទី៣. ចំពោះសេចក្តីសម្រេច ឬសំណើណាមួយរបស់សន្និសីទនេះ គឺគ្រាន់តែជាមតិរបស់មនុស្សមួយក្រុមតែប៉ុណ្ណោះ ដែលមិនអាចចាប់បង្ខំឲ្យគណៈកម្មាធិការអចិន្ត្រៃយ៍ យកមកពិនិត្យ និងឆ្លើយតបឡើយ៕ ដោយ ៖ រចនា