សៀមរាប ៖ បើតាមផេក ហ្វេសប៊ុក Dr. Beat Richner បានចេញសេចក្តីសេក្តីជូនដំណឹង ដល់បងប្អួន សាធារណៈជនទាំងអស់ ជាពិសេសប្រជាពលរដ្ឋ ដែលរស់នៅក្នុងខេត្តសៀមរាបឲ្យបានជ្រាបថា៖ មន្ទីរពេទ្យគន្ធបុប្ផាទាំង៥ មានកិត្តិយស សូមជម្រាបជូនអំពីកម្មវិធីបុណ្យដង្ហែរអដ្ឋិធាតុ ឯកឧត្តមសាស្ត្រាចារ្យ.វេជ្ជបណ្ឌិត បេអាត រិចឈ្នឺរ នៅថ្ងៃពុធ ទី៥ ខែធ្នូ ឆ្នាំ២០១៨ ក្រោមអធិបតីភាពដ៍ខ្ពង់ខ្ពស់បំផុតរបស់សម្តេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រីង្គារ គង់ សំអុល ។
នៅថ្ងៃព្រហស្បតិ ទី៦ ខែធ្នូ ឆ្នាំ២០១៨ ក្រោមព្រះរាជធិបតីព្រះករុណា ជាអង្គម្ចាស់ជីវិតលើត្បូងជាទីគោរពសក្ការៈដ៍ខ្ពង់ខ្ពស់ បំផុត និង សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈ ដ៍ខ្ពង់ខ្ពស់បំផុត យាងថ្វាយគ្រឿងសក្ការបូជានៅចេតិយឯកឧត្តមសាស្ត្រាចារ្យ.វេជ្ជបណ្ឌិត បេអាត រិចឈ្នឺរ។
តាមសេចក្ដីជូនដំណឹងរបស់រដ្ឋបាលខេត្តសៀមរាប បានឲ្យដឹងថា ផ្អែកតាមបណ្ដាំចុងក្រោយរបស់ឯកឧត្ដមសាស្ត្រាចារ្យវេជ្ជបណ្ឌិត Beat Richner អតីតនាយកស្ថាបនិកមូលនិធិមន្ទីរពេទ្យគន្ធបុប្ផា អដ្ឋិធាតុឯកឧត្ដមវេជ្ជបណ្ឌិត នឹងត្រូវបញ្ជូនពីប្រទេសស្វីស មកតម្កល់ទុកនៅចេតិយនៅមន្ទីរពេទ្យគន្ធបុប្ផា ខេត្តសៀមរាប ហើយបើតាមការគ្រោងទុក អដ្ឋិធាតុឯកឧត្ដមសាស្ត្រាចារ្យវេជ្ជបណ្ឌិត នឹងត្រូវបញ្ជូនមកដល់អាកាសយានដ្ឋានអន្តរជាតិសៀមរាប នាថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៨នេះ ដោយដង្ហែឆ្លងកាត់តាមផ្លូវជាតិលេខ០៦ បន្តមកដល់ស្តុបសណ្ឋាគារសុខាអង្គរ បត់តាមផ្លូវស៊ីវុត្ថា ឆ្ពោះទៅកាន់ផ្សារចាស់ តាមរង្វង់មូលនាគបាញ់ទឹក បន្តឆ្លងកាត់ស្ពានវត្តដំណាក់ បត់ស្របតាមផ្លូវបណ្ដោយស្ទឹងសៀមរាប មកកាន់ស្ពានព្រះរាជដំណាក់ និង បន្តតាមផ្លូវហ្សាដឺហ្គោលឆ្ពោះទៅមន្ទីរពេទ្យគន្ធបុប្ផាខេត្តសៀមរាប ។
តាមខ្លឹមសារនៃសេចក្ដីជូនដំណឹងបានអំពាវនាវដល់ប្រជាពលរដ្ឋទូទាំងខេត្តសៀមរាប អញ្ជើញមកឈរអមសងខាងផ្លូវ ដោយត្រូវប្រមូលផ្ដុំគ្នាចាប់ពីកែងស្តុបសុខា ឆ្ពោះតាមគោលដៅផ្លូវក្បួនរថយន្តឆ្លងកាត់ រហូតដល់មន្ទីរពេទ្យគន្ធបុប្ផាខេត្តសៀមរាប ដើម្បីចូលរួមសម្ដែងនូវកតញ្ញូតាធម៌ ចំពោះការលះបង់កម្លាំងកាយចិត្ត ក្នុងការជួយសង្គ្រោះកុមារ និងមាតាកម្ពុជានាពេលកន្លងមក ។
ក្នុងខណៈពេលដែលអដ្ឋិធាតុឯកឧត្ដមសាស្ត្រាចារ្យវេជ្ជបណ្ឌិត តម្កល់ទុកនៅចេតិយនៅមន្ទីរពេទ្យគន្ធបុប្ផា ខេត្តសៀមរាបនោះ នៅថ្ងៃទី៦ ខែធ្ន ឆ្នាំ២០១៨នេះ នឹងរៀបចំពិធីបុណ្យបង្សុកូល ឧទ្ទិសកុសលផលបុណ្យ ដល់ដួងវវិញ្ញាណក្ខន្ធឯកឧត្ដមសាស្ត្រាចារ្យវេជ្ជបណ្ឌិត ក្រោមព្រះរាជាធិបតីភាព ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង និង សម្ដេចព្រះមហាក្សត្រី នរោត្ដម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្ដីថ្លៃថ្នូរ និង សុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ៕ ដោយ ៖ បញ្ញាស័ក្តិ