ភ្នំពេញ ៖ នៅយប់ ថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៨ នៅរាជធានីភ្នំពេញ មានអគ្គិភ័យឆេះផ្ទះ២ករណី បណ្ដាលឲ្យ មនុស្ស២នាក់ស្លាប់ និងម្នាក់រងរបួសធ្ងន់ ។
ករណី ទី១ នៅវេលាម៉ោង១២និង១០នាទី យប់រំលងអធ្រាត្រឈានចូលថ្ងៃទី៥ ខែធ្នូ ស្ថិតនៅក្នុងបុរីចំការមន ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ផ្ទះមួយល្វែងនៅក្នុងបុរីចំការមន ត្រូវបានអគ្គិភ័យឆេះ ស្ទើរតែទាំងស្រុង និងបណ្ដាលឲ្យបុរសម្នាក់ស្លាប់ ពេលបញ្ជូនទៅដល់មន្ទីរពេទ្យ និងស្ត្រីម្នាក់កំពុងសង្គ្រោះបន្ទាន់ ។
ករណីទី២ នៅវេលាម៉ោង ២២ និង ១០នាទី យប់ថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៨ មានផ្ទះមួយខ្នង ត្រូវបានភ្លើងឆេះ ស្ថិតនៅផ្ទះសង់ថ្មី ផ្លូវលំ ភូមិដំណាក់ធំ១ ក្រុមទី៣ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
មនុស្សស្នាក់នៅក្នុងផ្ទះមានចំនួន ពីរនាក់ឪពុកនឹងកូនស្រី ៖ ឪពុកឈ្មោះ ហៅ តា រូម៉ា អាយុ ៦៧ ឆ្នាំហើយមានសតិ មិនគ្រប់
ចំណែកកូនស្រីរស់នៅជាមួយមានឈ្មោះ មុំ អាយុ ៣៧ ឆ្នាំហើយមានសតិ មិនគ្រប់ ដូចឳពុកដែរ ។ នេះបើតាមការរាយការណ៍របស់មេភូមិ ហើយឪពុកឈ្មោះ តា រូម៉ា ត្រូវជាប់ឆេះនៅក្នុងផ្ទះ ចំណែកកូនស្រីជួយសង្គ្រោះទាន់ បានរួចផុតជីវិត ។ បើតាមប្រជាពលរដ្ឋ និង មេភូមិបានប្រាប់ថា ឆេះដោយសារតែឪពុកឈ្មោះ តារូម៉ា ជក់បារី ហើយបោះកន្ទុយបារី ចោលទើបបណ្តាលឲ្យបង្កឲ្យមានភ្លើងឆេះឡើង ៕ ដោយ ៖ បញ្ញាស័ក្តិ