ភ្នំពេញ ៖ រថយន្តដឹកទំនិញមួយគ្រឿងបើកដោយបុរសម្នាក់ បុកម៉ូតូពីក្រោយហើយកិនបណ្ដាលឲ្យយុវជនម្នាក់ស្លាប់នៅនឹងកន្លែង កាលពីវេលាម៉ោង១០ និង៣០នាទីយប់ ថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៨ ស្ថិតនៅតាមបណ្ដោយផ្លូវម៉ៅសេទុងកែងផ្លូវលេខ១៩៣ ស្ថិតក្នុងសង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌចំការមន ក្រុងភ្នំពេញ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញ រថយន្តប្រភេទដឹងទំនិញមួយគ្រឿងពណ៌សពាក់ស្លាកលេខ ត្បូងឃ្មុំ3A-1004បានធ្វើដំណើរតាមបណ្ដោយផ្លូវម៉ៅសេទុង ក្នុងទិសដៅពីត្បូងទៅជើងលុះមកដល់ចំណុចកើតហេតុ កែងផ្លូវលេខ១៩៣ ស្រាប់តែរថយន្តទៅបុកម៉ូតូពីក្រោយ ចំពេញមួយទំហឹងបណ្ដាលឲ្យយុវជនម្នាក់ ត្រូវរថយន្តកិនពីលើបណ្ដាលឲ្យស្លាប់ភ្លាមៗនៅនឹងកន្លែងម។ ភ្លាមៗនោះដែរ អ្នកបើកបររថយន្តបង្ក បានបើកទ្វាររត់គេចខ្លួនបាត់ស្រមោល នៅតែព្រូឡានដែលរួមដំណើរជាមួយតែប៉ុណ្ណោះ។
សពឈ្មោះ ញឹម ប៊ុនថា មានអាយុ២៣ឆ្នាំ មានទីលំនៅស្ថិតនៅផ្ទះលេខ១០E1ផ្លូវលេខ១៩៧ សង្កាត់ទំនប់ទឹកខណ្ឌចំការមន ក្រុងភ្នំពេញ មធ្យោបាយធ្វើដំណើរម៉ូតូម៉ាកSuzuki let’s ពណ៌សពាក់ស្លាកលេខភ្នំពេញ1FD-1998។
វត្ថុតាងទាំង២ត្រូវបានអាជ្ញាធរយកទៅរក្សាទុករងចាំដោះស្រាយគ្នានៅពេលក្រោយ៕ ដោយ ៖ បញ្ញាស័ក្តិ