ភ្នំពេញ ៖ ផ្សាររាត្រីកុងតឺន័រ (Jet’s Container Night Market)នៅទីក្រុងភ្នំពេញ ក្បែរស្ថានទូតរុស្ស៊ី ត្រូវបានទីបំផុតត្រូវបានបិទជាស្ថាពរ និងត្រូវបានរុះរើសម្ភារចេញអស់ទៅហើយ បើគិតត្រឹមថ្ងៃទី១១ខែធ្នូនេះ។ ចំណែកក្រុមយុវជនដែលតែងតែណាត់គ្នាមកជួបក្នុងផ្សារនេះ បានសម្តែងការសោកស្តាយ ព្រោះទើបតែបើកថ្មី ហើយកំពុងមានការពេញនិយម ក៏ត្រូវបិទទាំងបង្ខំបែបនេះ។
ទីតាំងផ្សាររាត្រីកុងតឺន័រ Jet’s Container Night Market មានទំហំជិត ២ ហិកតា ជាកម្មសិទ្ធិរបស់ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប របស់លោកគិត ម៉េង ហើយត្រូវបានក្រុមហ៊ុន Jet Group របស់លោកឧកញ៉ា ស្រី ចាន់ថន ជួលយកមកបើកជាផ្សាររាត្រី Jet’s Container Night Market។
Jet’s Container Night Market គឺជាផ្សាររាត្រីកុងតឺន័រធំជាងគេក្នុងរាជធានីភ្នំពេញ ដែលបានបើកដំណើរការកាលពីជាង ២ ឆ្នាំមុនដោយមានហាងលក់ម្ហូបអាហារ ភេសជ្ជៈ និងវត្ថុអនុស្សាវរីយ៍ ចន្លោះពី ២០០-៣០០ ហាងតូប។
មូលហេតុដែលផ្សាររាត្រី កុងតឺន័រ Jet’s Container Night Market ត្រូវបិទនោះ ដោយសារតែកិច្ចសន្យាជួលដីត្រូវអស់ ស្របពេលម្ចាស់ដីដំឡើងថ្លៃ និងមានបញ្ហាក្នុងការសុំច្បាប់មួយចំនួននោះ ក្រុមហ៊ុនក៏បានសម្រេចបិទ និងម្យ៉ាងទៀតមានការប្តឹងពីស្ថានទូតរុស្ស៊ីដែលបង្កការរំខាន និងសំឡេងខ្លាំងៗ ប៉ះពាល់ដល់ស្ថានទូត។
ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ គេឃើញមានក្រុមកម្មករ រថយន្តដឹកទំនិញ និងរថយន្តស្ទូចកំពុងធ្វើការរុះរើទីតាំងខាងលើ។
ក្រុមយុវជនដែលចូលចិត្តទៅពិសាអាហារនិងផឹកស៊ី នៅក្នុងផ្សាររាត្រីកុងតឺន័រ បានសម្តែងការសោកស្តាយដែលផ្សារដ៏ទាន់សម័យ នេះត្រូវបិទ ព្រោះកំពុងតែពេញនិយមយ៉ាងខ្លាំងពីសំណាក់យុវវ័យ ដែលមកពិសាអាហារ ជជែកលេងកម្សាន្តជាមួយមិត្តភក្តិនាពេលរាត្រី។ ទោះយ៉ាងណា ពួកគាត់ក៏បានព្រលយពាក្យផងដែរថាទំនងជាកន្លែងនេះ ដីត្រូវប៉ាន់ហើយ ជាម្ចាស់ដីឈប់ជួល ហើយយកទៅលក់ក្នុងតម្លៃត្រូវប៉ាន់ ក៏មិនដឹង។ ចំណែកក្រុមអ្នករត់ម៉ូតូឌុប ដែលតែងតែអង្គុយរង់ចាំដឹកភ្ញៀវចេញពីកន្លែងនេះ បាននិយាយរអូថា ពេលផ្សារនេះបិទដាក់ម៉ូយអស់ហើយ ហើយគេឈប់លក់ដូរ ដោយយកដីទៅលក់ឲ្យអ្នកវិនិយោគធ្វើជាអគារខ្ពស់ៗទំនើបទាន់ សម័យ ពីព្រោះដីកន្លែងនេះថ្លៃដូចមាស ពេជ្រអីចឹងនរណាមករកស៊ីយកលុយបន្តិចបន្តួចបែបនេះ ៕ ដោយ ៖ បញ្ញាស័ក្តិ