ភ្នំពេញ ៖ សិស្សសាលា២នាក់ បានបង្កើតមុខរបរថ្មីទាំងវ័យក្មេង គឺជិះម៉ូតូឆក់កាបូបតាមផ្លូវសាធារណៈ។ ជាមួយនឹងករណីនេះ ជនសង្ស័យ២នាក់ ត្រូវនគរបាលចាប់វាយខ្នោះ បន្ទាប់ពីធ្វើសកម្មភាពឆក់កាបូប ពីស្ត្រីជនបរទេសម្នាក់ បានសម្រេច តែរត់គេចខ្លួនមិនរួច ហើយត្រូវកម្លាំងសមត្ថកិច្ចប៉ុស្តិ៍បឹងកេងកងទី១ កំពុងល្បាតក៏បានដេញឃាត់បានភ្លាមៗ ទាំងកណ្ដាលអធ្រាត្រឈានចូលថ្ងៃទី១៦ ខែធ្នូ ឆ្នាំ ២០១៨ នៅចំណុចផ្លូវ៣០២ កែងផ្លូវ៥១ ស្ថិតនៅភូមិ៧ សង្កាត់បឹងកេងកងទី១ ខណ្ឌចំការមន រាជធានីភ្នំពេញ។
សមត្ថកិច្ចប៉ុស្តិ៍បឹងកេងកងទី១ បានឲ្យដឹងថា ជនសង្ស័យទី១ ឈ្មោះ ឈន សាយសុគី អាណាន់ ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរសិស្ស ស្នាក់នៅផ្ទះលេខ៩១E ផ្លូ២៧១ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក (អ្នកបើកបរម៉ូតូ)។ ជនសង្ស័យទី២ ឈ្មោះ នៅ រតនៈ ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរសិស្ស ស្នាក់នៅផ្ទះលេខ១៨៦ ផ្លូវលេខ៣១បេតេ សង្កាត់បឹងទំពុន១ ខណ្ឌមានជ័យ ។ ចំណែកជនរងគ្រោះឈ្មោះ NIAMH ELIZABTH ជនជនជាតិអាយឡែន ភេទស្រី អាយុ២៥ឆ្នាំ មុខរបរទេសចរណ៍ ស្នាក់នៅផ្ទះលេខ២៦ ផ្លូវ៣០២ សង្កាត់បឹងកេងកងទី១ ខណ្ឌចំការមន ក្នុងកាបូបស្ពាយពណ៌ខ្មៅ ក្នុងនោះ មានលុយ២៤ដុល្លារ និងលុយខ្មែរ២០០០រៀល។
សមត្ថកិច្ចបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុ ជនសង្ស័យ២នាក់ បានជិះម៉ូតូម៉ាកឌ្រីមសង់ សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ ១BE-៤៨៤១ ទៅពីខាងក្រោយ ក៏បានមកធ្វើសកម្មភាពឆក់កាបូប ពីស្ត្រីជនបរទេសម្នាក់ ដែលកំពុងដើរតាមផ្លូវ៥១ មានគ្នា៥នាក់ប្រុស២នាក់ រួចបម្រុងជិះគេចខ្លួន តែត្រូវកម្លាំងសមត្ថកិច្ចប៉ុស្តិ៍បឹងកេងកងទី១ កំពុងល្បាតប្រទះឃើញ បើកម៉ូតូដេញទៅចាប់បាននៅផ្លូវព្រះមុនីវង្ស កែងផ្លូវ៣១០ សង្កាត់បឹងកេងកងទី២ ខណ្ឌចំការមន ចាប់វាយខ្នោះយកមកស្នាក់ការប៉ុស្តិ៍បឹងកេងកងទី១។
ជនសង្ស័យ ត្រូវបានសមត្ថកិច្ចប៉ុស្តិ៍បឹងកេងកងទី១ កសាងសំណុំរឿងបញ្ជូន ទៅអធិការដ្ឋាននគរបាលខណ្ឌចំការមន ដើម្បីចាត់ការតាមច្បាប់ ។
ចំណែកកាបូបស្ពាយពណ៌ខ្មៅ ក្នុងនោះមានលុយ២៤ដុល្លារ និងលុយខ្មែរ២០០០រៀល ត្រូវបានសមត្ថកិច្ច ប្រគល់ជូនឲ្យជនរងគ្រោះវិញ ៕ ដោយ ៖ បញ្ញាស័ក្តិ