ខេត្តព្រៃវែង ៖ កំលាំងអាវុធហត្ថចុះទៅដល់សង្វៀនជល់មាន់១កន្លែង ធ្វើអោយក្រុមអ្នកវក់និងល្បែងជល់មាន់រាប់សិបនាក់ ផ្អើលរត់ចែកជើងគ្នាទាំងព្រលឹងចុងសក់ ដោយមិននឹកស្មានថា មានសមត្ថកិច្ចចុះទៅចាប់សោះ ព្រោះចរចាអស់ហើយ។
ប្រតិបត្តិការឆ្មក់ចុះបង្ក្រាបទីតាំងសង្វៀនជល់មាន់ខាងលើនេះ បានធ្វើឡើងកាលពីវេលាម៉ោង១និង៣០នាទីរសៀល ថ្ងៃទី១៦ធ្នូ នៅចំណុចភូមិគោកព្រាល ឃុំស្មោងជើង ស្រុកកំចាយមារ ខេត្តព្រៃវែង។ កំលាំងអាវុធហត្ថ ដែលចុះប្រតិបត្តិការនេះមានគ្នាចំនួន១២នាក់ ដឹកនាំដោយលោកវរសេនីយឯក ញ៉ែម វីរៈជួប មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តព្រៃវែង ។
លោកវរសេនីយត្រី ផាត់ សុជោត ប្រធានមន្ទីរយុត្តិធម៌ នៃកងរាជអាវុធហត្ថខេត្តព្រៃវែង បានអោយដឹងថា ក្នុងប្រតិបត្តិការនេះកំលាំងអាវុធហត្ថចាប់បានមាន់ជល់ចំនួន៤ក្បាល មេអាប៉ោងចំនួន៣ និងម៉ូតូអ្នកទៅលេងមាន់ជល់ចំនួន៣៩គ្រឿង វត្ថុតាងទាំងអស់នេះក្រោយពីត្រូវចាប់បាន គឺត្រូវបានបញ្ជូនមកកាន់បញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តព្រៃវែងទាំងអស់ ដើម្បីបំពេញនិតិវិធី។
សូមបញ្ជាក់ថា ទីតាំងសង្វៀនជល់មាន់នេះ បានបើកលេងយូរណាស់មកហើយ ចំណែកសមត្ថកិច្ចក្នុងមូលដ្ឋានវិញ កុំថាឡើយទៅចាប់ សូម្បីតែទៅក្បែរក៏មិនដែលទៅដែរ ព្រោះម្ចាស់សង្វៀននេះគេបានសែនត្រូវអស់ហើយ៕ ដោយ ៖ រចនា