ភ្នំពេញ ៖ ជនសង្ស័យម្នាក់ ដែលជាអ្នកផលិតនិងបង្ហោះចែកចាយលើបណ្តាញសង្គមហ្វេសប៊ុក នូវវីដេអូកាត់តជនជាតិចិនមួយក្រុម កាន់កាំបិតកាប់គ្នា ត្រូវបានចាប់ខ្លួនហើយ នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៨នេះ។ ជនសង្ស័យរូបនេះ កំពុងត្រូវបានសួរនាំនៅនាយកដ្ឋាននាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ដើម្បីចាត់ការតាមច្បាប់។
លោកឧត្តមសេនីយ៍ឯក ជា ពៅ ប្រធាននាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានប្រាប់ថា ករណីបង្ហោះវីដេអូ លើបណ្តាញសង្គមហ្វេសប៊ុក ដោយបានកាត់តជនជាតិចិនមួយក្រុម កាន់កាំបិតកាប់គ្នា កាលពីពេលថ្មីៗនេះ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានធ្វើការស្រាវជ្រាវ រហូតឈានដល់ការឃាត់ខ្លួន ជនសង្ស័យឈ្មោះ អ៊ឹង ហ៊ុម ភេទប្រុស អាយុ២៨ឆ្នាំ ស្នាក់នៅ ភូមិតាង៉ូវ សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។ ជនសង្ស័យនេះ គឺជាអ្នកកាត់តវីដេអូនោះ ដោយផ្ទាល់ដៃ ហើយសមត្ថកិច្ច ក៏បានដកហូតកុំព្យូរទ័រ បានមួយចំនួន។ ករណីបង្ហោះវីដេអូ បង្កអសន្តិសុខនេះ សមត្ថកិច្ចក៏ធ្លាប់បានឃាត់ខ្លួនជនសង្ស័យម្នាក់ នៅខេត្តសៀមរាប តែពេលសួរនាំទៅ ក៏ឈានដល់ការឃាត់ខ្លួន ជនសង្ស័យឈ្មោះ អ៊ឹង ហ៊ុម តែម្តង ដោយជនសង្ស័យរូបនេះ បានសារភាពថា បានទិញវីដេអូពីឈ្មោះ អ៊ឹង ហ៊ុមនេះតែម្តង។
ជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានកាត់តវីដេអូ នោះផ្ទាល់ដៃពិតមែន ដោយមូលហេតុនៃការបង្កើតវីដេអូ ខុសពីការពិតនេះ ដោយសារជនសង្ស័យយល់ថា បច្ចុប្បន្នមានការចាប់អារម្មណ៍ខ្លាំងទៅលើជនជាតិចិន ហើយខ្លួនបានយករឿងចិនហុងកុង មកកាត់បញ្ចូលគ្នា ជាមួយវីដេអូ ដែលក្មេងស្ទាវជនជាតិចិនឈ្លោះគ្នា នៅខណ្ឌទួលគោក ដើម្បីឲ្យគេចូលមើលវីដេអូខ្លួន។
បើតាមផេកហ្វេសប៊ុករបស់នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានផ្សាយថា “នាថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៨ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានបើកការស្រាវជ្រាវ និងសហការជាមួយស្នងការដ្ឋាននគរបាលខេត្តសៀមរាប ជាលទ្ធផលនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាបានតម្រុយរហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះអ៊ឹង ហ៊ុម ភេទប្រុស អាយុ ២៨ឆ្នាំ ស្នាក់នៅ ភូមិតាង៉ូវ សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ យកមកសាកសួរបំភ្លឺ អំពីបញ្ហាបង្ហោះរូបភាពវីដេអូកាត់ត ក្នុងបណ្តាញសង្គមនិយាយពី ជនជាតិចិនមួយក្រុម កាន់កាំបិតដាវ ក្នុងភាពយន្តចិនហុងកុង ដែលមានបង្ហាញខ្លឹមសារថា “ពិតជាមិនធម្មតាមែន!! ឃើញស្រស់ៗ ផ្ទាល់ភ្នែកមែន ហើយបងប្អូន បងធំស្រុកចិនចេញប្រយុទ្ធ ដណ្តើមទីក្រុងគ្នាគ្រប់គ្រងក្នុងដីខ្មែ” ក្នុងគោលបំណងទាក់ទាញការចូលចិត្ត(Like) ចែករំលែក(Share) និងការទស្សនាវីដេអូឲ្យបានច្រើន ដើម្បីខ្លួនបានចំណូលពីបណ្ដាញសង្គមហ្វេសប៊ុក និង Google Adsence ឲ្យបានច្រើន។ ក្នុងនោះយើងបានដកហូតបានវត្ថុតាង រួមមានទូរស័ព្ទ ១ គ្រឿង កុំព្យូទ័រ ១ គ្រឿង កុំព្យូទ័រយួរដៃ ២ គ្រឿង ស៊ីមកាត metfone ជាច្រើន និង ឧបករណ៍តបណ្តាញអ៊ិនធឺណែតមួយចំនួន។ បច្ចុប្បន្ននាយកដ្ឋានកំពុងកសាងសំណុំរឿង និងបញ្ជូនជនសង្ស័យទៅតុលាការ”។
ជាមួយនឹងករណីនេះ ក្នុងឱកាសអញ្ជើញប្រកាសបើកជាផ្លូវការនូវពិធីបុណ្យសមុទ្រ នៅយប់ថ្ងៃទី១៥ ខែធ្នូនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងអំពី វីដេអូកាត់តនោះដែរ។ ពេលសម្តេចទទួលបានភ្លាម សម្តេចបានបញ្ជូនទៅកាន់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ, នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងនាយឧត្តមសេនីយ៍ ឆៃ ស៊ីណារិទ្ធិ អគ្គស្នងការរងនគរបាលជាតិ និងលោកឧត្តមសេនីយ៍ ស ថេត ស្នងការនគរបាលរាជធានីភ្នំពេញ ហើយត្រូវបានលោកឧត្តមសេនីយ៍ស្នងការ បានឆ្លើយតបមកសម្តេចថា ជាវីដេអូកាត់ត។
សម្តេចបានរិះគន់ និងចាត់ទុកថា ការបង្កើតវីដេអូនោះ គឺដើម្បីបង្កភាពចលាចល និងបង្កើតភាពយល់ច្រឡំ នាំឲ្យប៉ះពាល់ដល់សង្គមកម្ពុជា។
កាលពីថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៨ បន្ទាប់ពីមានការចែកចាយតៗ ចំពោះវីដេអូខាងលើនេះ លើបណ្តាញសង្គមហ្វេសប៊ុកនាយឧត្តម សេនីយ៍ នេត សាវឿន តាមរយៈអ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ ក៏បានធ្វើការបដិសេធចោលទាំងស្រុង នូវខ្សែវីដេអូឃ្លីប ដែលអះអាងថា បានកើតនៅរាជធានីភ្នំពេញ ហើយរឿងនេះមិនមានការកើតឡើង ក្នុងប្រទេសកម្ពុជាឡើយ។ ចំណែកសំឡេង ដែលបានថតក្នុងសាច់រឿងនោះ គឺជាសំឡេងថតបញ្ចូល ក្នុងបំណងធ្វើឲ្យមានការយល់ច្រឡំ ដើម្បីចង់បំពុលបរិយាកាសសន្តិសុខតែប៉ុណ្ណោះ៕ ដោយ ៖ បញ្ញាស័ក្តិ