ភ្នំពេញ ៖ លោក ហេង រតនា អគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា (ស៊ីម៉ាក់) ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៨ បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា រវាងCMAC និងអង្គការ APOPO លើគម្រោងសមាហរណកម្មកណ្តុរហិតមីននិងការបោសសម្អាតមីន ដែលមានថវិកា គាំទ្រចំនួន១៩៧.៧៨៦,៥៩ដុល្លារអាមេរិក ។ គម្រោងនេះមានរយ:ពេល១២ខែ (ថ្ងៃទី១ ខែមករា ឆ្នាំ២០១៩ ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩) ដោយប្រតិបតិ្តការបោសសំអាតតំបន់ចំការមីន ស្ថិតនៅខេត្តសៀមរាប។
លោក ហេង រតនា បានលើកឡើងថា ស៊ីម៉ាក់ជាអង្គភាពប្រតិបត្តិការដោះមីនរបស់ជាតិ ដែលមានគ្រឿងចក្រគ្រប់គ្រាន់ ប្រកបដោយប្រសិទ្ធភាព ហើយទន្ទឹមនឹងនេះស៊ីម៉ាក់ក៏មានការបោសសំអាតមីនដោយប្រើសុនខ (ឆ្កែ) ផងដែរ។ នៅឆ្នាំ២០១៤ ស៊ីម៉ាក់ជាមួយនឹងអង្គការ APOPO បាននាំយកនូវកណ្តុលហិតមីន មកធ្វើការសាកល្បងដើម្បីធ្វើតេស្ត និងហ្វឹកហ្វឺនគាំទ្រដល់ការបោសសំអាតមីន បន្ថែមលើការងារសុនខហិតមីន។ ដោយឆ្លងកាត់ការហ្វឹកហ្វឺន និងធ្វើតេស្តរយៈពេល២ឆ្នាំ ស៊ីម៉ាក់បានដាក់កណ្តុរនេះ ទៅកាន់ចំការមីនជាក់លាក់ហើយទទួលលទ្ធផលល្អ ទើបមានការសហការបន្តទៀតនៅពេលនេះ។
សូមជម្រាបថា ស៊ីម៉ាក់មានផែនការ សម្រាប់ឆ្នាំ២០១៩ គ្រោងរំដោះផ្ទៃដីមានបញ្ហាគ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមឲ្យបានចំនួន១១៦គីឡូម៉ែត្រក្រឡា ជាមួយសកម្មភាពអប់រំ ការស្រាវជ្រាវតំបន់គំរាមកំហែង និងការជួយសង្គ្រោះជនពិការដោយសារមីន ដែលនឹងពង្រាយកម្លាំងប្រតិបតិ្តការប្រមាណ១.៧០០នាក់ សុនខ ៦៨ក្បាល គ្រឿងចក្រកម្ទេចមីនចំនួន៤៥គ្រឿង និងកម្លាំងអន្តរាគមន៍ បណ្តាញស្ម័គ្រចិត្តជាង២.៥០០នាក់។
ដើម្បីសម្រេចគោលដៅផែនការនេះ អង្គភាពស៊ីម៉ាក់ត្រូវអនុវត្តគម្រោងនានាចំនួន២៩គម្រោង គិតជាថវិកាចំនួនជាង១៦លានដុល្លារ ហើយគិតមកត្រឹមថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៨ អង្គភាពមានគម្រោងមួយចំនួនបានទទួលការអនុម័តរួចហើយ ដែលមានថវិកាសរុបប្រមាណ១២លានដុល្លារ គម្រោងនៅសល់ស្ថិតក្នុងដំណាក់កាលចរចា ដើម្បីទទួលបានការឯកភាព៕ ដោយ ៖ បញ្ញាស័ក្តិ