ពោធិ៍សាត់ ៖ ក្រុមសាច់ញាតិខាងកូនកម្លោះ និង កូនក្រមុំបើកឆាកវាយប្រយុទ្ធគ្នា ព្រោះទំនាស់រឿងភ្ញៀវខាងកូនកំលោះទារកស្រាផឹក ហើយខាងកូនក្រមុំដាក់ស្រាឲ្យផឹកមិនបានទាន់ចិត្ត ក៏បោកកែវផ្អើលរោងតែម្តង។
ហេតុការណ៍នេះកើតឡើង នៅវេលាម៉ោង២និង៣០នាទីរសៀលថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៨ នៅនឹងទីតាំងរោងការ ចំណុចឃ្លាំងពោតស្ថិតក្នុងភូមិព្រែកមួយ ឃុំសំរោង ស្រុកភ្នំក្រវ៉ាញ ខេត្តពោធិ៍សាត់។
លោកតាន់ គារិទ្ធ អធិការនគរបាលស្រុកភ្នំក្រវ៉ាញ ប្រាប់ឲ្យដឹងថា ភាគីសាច់ញាតិខាងកូនកម្លោះ មានគ្នា៧នាក់ មកពីស្រុកបាកាន ឯភាគីសាច់ញាតិខាងកូនក្រមុំ មានគ្នា៦នាក់ ។ ទាំងសងខាងរងរបួសធ្ងន់ស្រាល ដូចគ្នា ដោយមាន ខ្លះបែកមុខមាត់។ ដើមហេតុបណ្តាលឲ្យមានអំពើហឹង្សាខាងលើនេះ កើតឡើង ដោយសារភាគីសាច់ញាតិក្រុមខាងកូនកម្លោះ ជាអ្នកបង្កដោយផឹកអស់ស្រាហើយទាររកស្រាផឹកបន្ថែមទៀត តែភាគីខាងកូនក្រមុំ កំពុងជាប់រវល់បម្រើភ្ញៀវ ទៅយកស្រាមកមិនទាន់ ឲ្យភ្ញៀវផឹកមិនទាន់ចិត្ត ធ្វើឲ្យក្រុមបង្កកើតរឿងក្តៅក្រហាយប្រុងទៅទិញស្រាពីខាងក្រៅ យកមកផឹកបន្ត ប៉ុន្តែត្រូវឳពុកកូនក្រមុំ ឃាត់មិនឲ្យទៅទិញ ព្រោះថា ស្រាមិនទាន់អស់ទេ សូមរងចាំបន្តិច នឹងមកដល់ហើយ។ ក្រុមបង្កមិនស្តាប់ ថែមទាំងប្រម៉ាថខាងស្រីថា ពួកស្រុកស្រែ បានតែសម្លាប់ចោល រួចបង្កជាហឹង្សា ប្រដាប់ដោយកែវនិងដំបង ដេញវាយគ្នាផ្អើលភ្ញៀវពេញរោងការតែម្តង។ បន្ទាប់ពីហេតុការណ៍នេះ កើតឡើង ភាគីក្រុមបង្ករឿងខាងកូនកម្លោះ នាំគ្នាទៅផ្ទះអស់ទៅ។ ពាក់ព័ន្ធករណីនេះ សមត្តកិច្ចរង់ចាំតែភាគីខាងកូនក្រមុំ ជាជនរងគ្រោះ មកដាក់ពាក្យបណ្តឹង គឺត្រូវចាត់ការតាមច្បាប់តែម្តង។ ដោយឡែកចំពោះអ្នករងរបួស បញ្ជួនយកទៅសង្គ្រោះនៅមន្ទីរពេទ្យ៕ ដោយ ៖ បញ្ញាស័ក្តិ