ខេត្តស្វាយរៀង ៖ មានការភ្ញាក់ផ្អើលមួយបន្ទាប់ទីពីស្ត្រីម្នាក់មានទម្ងន់ជិតគ្រប់ខែហើយខំរកស៊ីសន្សំលុយបាន ៣០០ដុល្លារ ទុកដើម្បីសំរាប់សម្រាលកូនតែចៃដន្យអីក៏ត្រូវក្រុមចោរមានគ្នា២នាក់បានចូលធ្វើជាទិញបារីមួយកញ្ចប់ អោយក្រដាស់២០ដុល្លារ ពេលអាប់លុយខ្មែរអោយធ្វើកាយវិការនិងនិយាយជាភាសារចិនមិនយកលុយខ្មែរទេ។ហើយនៅពេលជនរងគ្រោះទទួលលុយ ២០$ ពីជនជាតិចិននោះ ហើយជនរងគ្រោះហាក់ដូចជាមិនដឹងខ្លួនអ្វីទាំងអស់ ស្រាប់តែចូលទៅបន្ទប់រួចបើកកេសយកលុយ៣០០ដុល្លារ ក្រដាស ១០០$ ចំនួនបីសន្លឹក និង២០$ ថែមទៀត យកទៅអោយជនជាតិចិនទាំងអស់ ដោយមិនដឹងខ្លួនឈរស្រឡាំងកាំងមិននិយាយស្តីរួចទៅវិញ។
ករណីខាងលើនេះបានបង្កអោយមានការភ្ញាក់ផ្អើលដល់ក្រុមគ្រួសារនិងអ្នកភូមិកាលពីវេលាម៉ោង៩ព្រឹកថ្ងៃទី១៧ខែធ្នូឆ្នាំ២០១៨នេះនៅភូមិ ស្វាយតាយាន ឃុំ ស្វាយតាយាន ស្រុក កំពង់រោទិ៍ ខេត្តស្វាយរៀង។
បើតាមសម្តីស្ត្រីត្រូវជាម្តាយជនរងគ្រោះខាងលើឈ្មោះ យង់ រចនា បានអោយក្រុមអ្នកសារព័ត៌មានដឹងថា ៖ នៅព្រឹកថ្ងៃកើតហេតុរូបគាត់បានមកពីផ្សារពេលមកដល់តូបលក់ដូរ ស្រាប់តែឃើញកូនមិនស្តីឈរស្រឡាំងកាំង ពេលដែលគាត់ស្រែកសួរកូន(ជាស្ត្រីពរពោះ) ទើបបានភ្ញាក់ដឹងខ្លួន រួចភ័យឡើងញ័រ ពេលនោះគាត់សួរថា មានកើតអីកូនពេលកូនរបស់គាត់និយាយថា ៖ មានគេដាក់ថ្នាំយកលុយអស់ហើយម៉ែ។
ប្រភពបានបន្តទៀតថា ៖ នៅពេលនោះគាត់សួរនាំកូនគាត់ទើបដឹងសាច់រឿងដោយកូនគាត់ប្រាប់ថា មានមនុស្ស ២ នាក់និយាយភាសារចិន (ជនជាតិចិន) ជិតម៉ូតូមួយគ្រឿង មិនចាំម៉ាកមានគ្នា ២ នាក់ ចូលមកធ្វើជាទិញបារីហើយពេលគេហុចលុយលែងដឹងខ្លួនសង្ស័យថា ត្រូវដាក់ថ្នាំសណ្តំបញ្ជាអោយលុយកាក់អស់ចឹងទៅ ។ ជនរងគ្រោះខាងលើក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវមានការប្រុងប្រយ័ត្នអោយបានខ្ពស់បើឃើញមានមនុស្សណាម្នាក់គួរអោយសង្ស័យសូមកុំកាន់លុយរបស់គេត្រូវហៅប្តីឬបងប្អូននៅជិត តាមមើលទៅជនខិលខូចនេះមិនហ៊ានចូលនោះទេ។
ពាក់ព័ន្ធករណីខាងលើប្រជាពលរដ្ឋសង្ស័យថា ក្រុមចោរមកដាក់ថ្នាំសណ្តំយកលុយ លុយដែលបានបាត់បង់ អស់ចំនួន៣០០ដុល្លារ ជនរងគ្រោះមិនបានដាក់ពាក្យបណ្តឹងទេ ។
សូមបញ្ជាក់ផងដែរថា ជនជាតិចិនដាក់ថ្នាំលុយអស់៣០០ដុល្លារ កើតឡើងក្នុងថ្ងៃតែមួយជាមួយករណីជនជាតិចិនចូលចាក់សាំងហើយគម្រាមយកលុយអស់១លានរៀលនៅខាងស្រុកចន្ទ្រាខេត្តស្វាយរៀង។ ពលរដ្ឋបានសំណូមពរដល់សមត្ថកិច្ចមេត្តាស្រាវជ្រាវតាមរកមុខសញ្ញាក្រុមជនជាតិចិនទាំងអស់នោះដើម្បីយកមកផ្តន្ទាទោសតាមច្បាប់ផងពីព្រោះក្រុមជនទាំងនោះមួយរយៈពេលនេះគឺបានដើរបង្កភាពភ័យខ្លាចដល់ពលរដ្ឋខ្មែរស្លូតត្រង់ស្តែងៗតែម្តង៕ ដោយ ៖ វ៉ៃគោ