ភ្នំពេញ ៖ លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានទទួលជួបលោកច្សចអេដហ្គា (George Edgar) ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា ដើម្បីពិភាក្សាអំពីកម្មវិធីកិច្ចសហប្រតិបត្តិការកម្ពុជា-សហភាពអឺរ៉ុប នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៨ នាទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ។
លោកឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា បានវាយតម្លៃខ្ពស់ចំពោះភាពជោគជ័យនៃការអនុវត្តគម្រោងនានា ក្រោមក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការរវាងរាជរដ្ឋាភិបាល ជាមួយសហភាពអឺរ៉ុប ។ ក្នុងស្មារតីនេះបន្តជំរុញ និងពង្រឹងកិច្ចសហប្រតិបត្តិការ សហភាពអឺរ៉ុបកំពុងរៀបចំផ្តល់ហិរញ្ញប្បទានឥតសំណងសរុបចំនួន១១៥លានអឺរ៉ូ សម្រាប់កម្មវិធីចំនួន៣។ ហិរញ្ញប្បទានឥតសំណង សរុបចំនួន១១៥ លានអឺរ៉ូ សម្រាប់កម្មវិធីចំនួន៣រួមមាន៖ ១៖ កម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ចំនួន២២លានអឺរ៉ូ បន្ថែម ២៖ កម្មវិធីជំរុញកំណើនវិស័យជលផល ប្រកបដោយចីរភាព និងបរិយាប័ន្ន (ផ្នែកនេសាទ) ចំនួន៨៧លានអឺរ៉ូ និង៣៖ កម្មវិធីសម្ព័ន្ធភាពប្រែប្រួលអាកាសធាតុកម្ពុជា ដំណាក់កាលទី ៣ ចំនួន៦លានអឺរ៉ូទៀត។
ក្នុងជំនួបដ៏មានតម្លៃនោះ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា អគ្គបណ្ឌិតសភាចារ្យឧបនាយករដ្ឋមន្ត្រី បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះលោកច្សច អេដហ្គា និងសហការី និងវាយតម្លៃខ្ពស់ចំពោះការគាំទ្រផែ្នកហិរញ្ញវត្ថុ និងកិច្ចសហប្រតិបត្តិការដ៏ល្អ ប្រសើររវាងសហភាពអឺរ៉ុប និងរាជរដ្ឋាភិបាលកម្ពុជា ។
លោកអគ្គបណ្ឌិតសភាចារ្យឧបនាយករដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណ សហភាពអឺរ៉ុប ចំពោះជំហរបន្តគាំទ្រ និងពង្រឹងកិច្ចសហប្រតិបត្តិការ ជាមួយរាជរដ្ឋាភិបាលបន្ថែមទៀត ដែលឆ្លុះបញ្ចាំងអំពីសុភវិនិច្ឆ័យចំពោះសមិទ្ធផលដែលរាជរដ្ឋាភិបាលខិតខំសម្រេចបាន។
លោកអគ្គបណ្ឌិតសភាចារ្យឧបនាយករដ្ឋមន្ត្រី ក៏បានបង្ហាញការគាំទ្រជា គោលការណ៍ចំពោះសំណើកម្មវិធីទាំង ៣ នេះ ព្រមទាំងបានសន្យាជួយសម្របសម្រួល និងសហការរៀបចំជាមួយ ក្រសួង ជំនាញពាក់ព័ន្ធដើម្បីឈានទៅចុះហត្ថលេខាកិច្ចព្រមព្រៀងឱ្យទាន់ដើមឆ្នាំ ២០១៩នេះ៕ ដោយ ៖ កូឡាប