Sunday, February 9, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កីឡាករ សំបូរ សុ​ភណ្ឌ កាន់​មេដាយមាស កីឡា​កាយ​វប្ប​កម្ម ជើងឯក​ពិភពលោក មក​កម្ពុជា​

​ភ្នំពេញ ​៖ សហព័ន្ធ​កីឡា​កាយ​វប្បកម្ម និង​លំ​ហាត់ប្រាណ បានប្រកាស​អបអរសាទ​រ ការ​មក​ដល់​មាតុប្រទេស របស់​ម្ចាស់​មេដាយមាស ពិភពលោក គឺ​កីឡាករ សំបូរ សុភ័ណ្ឌ​។​

​កីឡាករ សំបូរ សុភ័ណ្ឌ ដែល​ទទួលបាន​មេដាយមាស ក្នុង​ការប្រកួត​កីឡា​កាយ​វប្បកម្ម​ជើងឯក​ពិភពលោក ឆ្នាំ​២០១៨​នៅ​ប្រទេស​ថៃ បាន​មក​ដល់​មាតុប្រទេស និង​បាន​ទទួល​ការស្វាគមន៍ ដល់​អាកាសយានដ្ឋាន ពី​សំណាក់ លោក ប៊ូ ជុំ​សេរី អនុរដ្ឋលេខាធិការ​ក្រសួង​អប់រំ យុវជន និង​កីឡា ។​

​កីឡាករ សំបូរ សុ​ភណ្ឌ បានឈ្នះ​មេដាយមាស​ពី​ការប្រកួត​កីឡា​កាយ​វប្ប​កម្ម ជ្រើសរើស​ជើងឯក​ពិភពលោក​លើក​ទី​១០ ឆ្នាំ​២០១៨ នៅ​ឈៀង​ម៉ៃ ប្រទេស​ថៃ ។​

​កីឡាករ សំបូរ សុ​ភណ្ឌ បាន​ថ្លែងថា ទម្រាំ​នឹង​ឈ្នះ​មេដាយមាស​លើកដំបូង​នេះ​មាន​ការលំបាក​ខ្លាំង​ណាស់​ក្នុង​រយៈពេល ៣​ខែ​កន្លង​ទៅ ព្រោះ​ត្រូវ​តប​ចំណីអាហារ សម្រក​ទម្ងន់ នឹង​បន្ថែម​ការហ្វឹកហាត់ ១​ថ្ងៃ ៣​ដង ដែរ​ជា​ទូទៅ​ខ្លួន​ហាត់​តែ ២​ដង​ប៉ុណ្ណោះ​។ បើ​តាម​ម្ចាស់​មេដាយមាស​រូបនោះ យល់ឃើញថា មានតែ​កីឡាករ​របស់​ប្រទេស​ថៃ​មួយ​ប៉ុណ្ណោះ ដែល​ជា​ឧបសគ្គ​សម្រាប់​ខ្លួន ហើយ​លោក បាន​ប្តេជ្ញា​ថា​នឹង​ខិតខំ​ហ្វឹកហាត់​បន្តទៀត ដើម្បី​ការពារ​តំណែង​មេដាយមាស​នេះ នា​ឳ​កាស​ក្រោយ​។​

​លោក តឹក ប៊ុន​វី អគ្គលេខាធិការ​សហព័ន្ធ​កីឡា​កាយ​វប្ប​កម្ម និង​លំ​ហាត់ប្រាណ​បាន​រំលឹកថា មុនពេល​ចេញ​ទៅ​ប្រកួត រូប​លោក​ក៏​ដូចជា​កីឡាករ​ផ្ទាល់​សុទ្ធ​តែ​គិតថា យ៉ាងហោចណាស់​ក៏​ទទួល​បាន​លេខ​៣ ដែរ​។ ជាពិសេស កីឡាករ សំបូរ ណាន អតីត​ម្ចាស់​មេដាយមាស​ពិភពលោក​លើក​ទី​៩ ម៉ុង​ហ្គោលី ត្រូវបាន​គេ​ទម្លាក់​ដល់​ទៅ​ចំណាត់ថ្នាក់​លេខ​៥​។ លោក​បញ្ជាក់ថា បើ​តាម​លោក​មើល​លើ​កីឡាករ​ចំណាត់ថ្នាក់​លេខ​១ ដល់​លេខ​៣ គឺ​សាច់ដុំ​ពួកគេ​មិន​លើក​កីឡាករ សំបូរ ណាន នោះទេ​។ មួយវិញទៀត​លោក​មិន​អស់ចិត្ត ត្រង់​ចៅក្រម​ប្រៀបធៀប​សាច់ដុំ​កីឡាករ​ត្រឹមតែ ២​ដង​។ ខុស​គ្នា​ទៅ​នឹង​កាល​លោក​ប្រកួត​ជើងឯក​ពិភពលោក​លើក​ទី​៩ នៅ​ម៉ុង​ហ្គោលី ចៅក្រម​ពិនិត្យ និង​វាយ​តំលៃ​ដល់​ទៅ ៥​ដង​។​

​សូមបញ្ជាក់​ថា ការប្រកួត​ជើងឯក​ពិភពលោក​នៅ​ប្រទេស​ថៃ មាន​អត្ត​ពលិក​ចូលរួម​សរុប ៤៧៤​នាក់ (​ស្រី ១៨៤​នាក់​) មកពី ៥១​ប្រទេស ។ ជា​លទ្ធផល​នៃ​ការប្រកួត​ជម្រុះ កីឡា​ករទាំង ៥​រូប​របស់​កម្ពុជា បាន​ឡើង​ទៅ​កាន់​វគ្គ​ផ្ដាច់ព្រ័ត្រ ៥​នាក់ ចុង​ក្រោយ​ដូចៗ​គ្នា ទាំងអស់​។ ប៉ុន្តែ​មាន​តែ សំបូរ សុ​ភណ្ឌ ម្នាក់​គត់ ដែល​បាន​ឈ្នះ​មេដាយមាស លើ​ការប្រកួត​រាង​ស្អាត លើ​វិញ្ញាសា Sports Physique up to 170 cm-120​។ ដោយឡែក​កីឡាករ សំបូរ ណាន អតីត​ម្ចាស់​មេដាយមាស​ពិភពលោក លើក​ទី​៩ ម៉ុង​ហ្គោលី កីឡាករ ណុំ សុបិន្ត អតីត​ម្ចាស់​មេដាយ​សំរឹទ្ធ​ពិភពលោក លើក​ទី​៩ ម៉ុង​ហ្គោលី រួមទាំង កីឡាករ សំបូរ ន​ន់ កីឡាករ ត្រឹង ចាន់ ធ្លាក់​នៅ​ក្នុង​វគ្គ​ផ្ដាច់ព្រ័ត្រ ៥​នាក់​ចុងក្រោយ​៕ ​ដោយ ​៖​ បញ្ញា​ស័ក្តិ​

  

×