រាជធានីភ្នំពេញ៖ ប្រជាពលរដ្ឋរស់នៅមូលដ្ឋាន ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ បានផ្តល់ព័ត៌មានមកថា នៅមូលដ្ឋាននេះ មានឃ្លាំងស្តុក និងចល័តឈើខុសច្បាប់ ជាច្រើនកន្លែង មានដូចជា៖ ឃ្លាំងនៅភូមិឌួង សង្កាត់-ខណ្ឌព្រែកព្នៅ និងឃ្លាំងនៅភូមិត្រពាំងពោធិ៍ សង្កាត់គោករការ ខណ្ឌព្រែកព្នៅ និងឃ្លាំងមួយទៀតនៅភូមិចុងថ្នល់ខាងលិច ក្រុមទី៤ ស្របផ្លូវរទេះភ្លើង ក្បែផ្សារដីហុយ ស្ថិតក្នុងខណ្ឌសែនសុខ។
ប្រជាពលរដ្ឋ និងមន្ត្រីរាជការមានឋានៈទាប បានឱ្យដឹងថា បទល្មើសឈើខុសច្បាប់ប្រភេទធ្នង់ និងម្រេញ បានដឹកចល័តយកមកស្តុក នៅទីតាំងឃ្លាំងស្តុកឈើខាងលើនេះ មុននឹងដឹងចេញបន្តទៅលក់ក្រៅប្រទេស។
សេចក្ដីរាយការ បានឱ្យដឹងបន្តទៀតថា ឈើទាំងនោះដឹកចេញ មកពីស្រុកវាលវែង ខេត្តពោធិ៍សាត់ តាមរថយន្តតូរីស និងយីឌុបខ្នាតមធ្យម ចូលមកដាក់នៅតាមឃ្លាំងស្តុកឈើខាងលើ មុននឹងចែកចាយបន្តដឹកតាមរថយន្តទ្រង់ឃ្លុបបិទជិត ដូចទូក្លាសេទៅតាមសិប្បកម្មនានា។ រីឯប្រភេទឈើប្រណិតធំៗ គេដឹងចេញទៅក្រៅប្រទេស។
យ៉ាងនេះក្តី គេហទំព័រ cen.com.kh មិនទាន់អាចទាក់ទង លោក គាំ សីហា នាយខណ្ឌរដ្ឋបាលព្រៃឈើ រាជធានីភ្នំពេញ ដើម្បីបំភ្លឺជុំវិញព័ត៌មានខាងលើនេះ បានទេតាមទូរស័ព្ទនៅរសៀលថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៨៕ ដោយ៖ ដែន សីមា