ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែនជា នាយករដ្ឋមន្ត្រី បានចេញអនុក្រឹត្យស្តីពីការតែងតាំងសមាសភាពរបស់អាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី ដែលមានឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ជាប្រធាន។
សមាសភាពអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី មានលោកទេសរដ្ឋមន្ត្រី ឃុន ហាំង ជាអនុប្រធានប្រចាំការ និងមានសមាជិកចំនួន២០រូបផ្សេងទៀត ដែលជារដ្ឋមន្ត្រី រដ្ឋលេខាធិការ អគ្គលេខាធិការ មកពីក្រសួង ស្ថាប័នពាក់ព័ន្ធចំនួន១៨។ ក្នុងនោះអភិបាលរាជធានី-ខេត្ត ក៏ជាសមាជិកនៃអាជ្ញាធរដោះស្រាយវិវាទដីធ្លីនេះផងដែរ។
រាជរដ្ឋាភិបាលក៏បានតែងតាំងសមាសភាពចំនួន ២៥រូបផ្សេងទៀត ជាអគ្គលេខាធិការ អគ្គលេខាធិការរង និងជាសមាជិក នៃអគ្គលេខាធិការដ្ឋាននៃអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លីនេះ។
សម្តេចតេជោហ៊ុនសែន នាយករដ្ឋមន្ត្រី បានបញ្ជាក់ក្នុងអនុក្រឹត្យ ដែលចេញកាលពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៨ថា បទបញ្ញត្តិទាំងឡាយណាដែលមានខ្លឹមសារផ្ទុយនឹងអនុក្រឹត្យនេះត្រូវទុកជានិរាកណ៍ ហើយរដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី ប្រធានអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រដ្ឋមន្ត្រីគ្រប់ក្រសួង ប្រធានគ្រប់ស្ថាប័នពាក់ព័ន្ធនិងសាមីខ្លួន ត្រូវទទួលបន្ទុកអនុវត្តន៍អនុក្រឹត្យនេះ ឲ្យមានប្រសិទ្ធភាពចាប់ពីថ្ងៃចុះហត្ថលេខា។
សូមបញ្ជាក់ថា អាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី គឺជាអាជ្ញាធរមួយដែលបង្កើតឡើងដោយព្រះរាជក្រឹត្យលេខ នស/រកត/០២០៦/០៩៧ ចុះថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០០៦។ អាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លីបង្កើតឡើង ដើម្បីកាត់បន្ថយអតិបរមា និងឈានទៅលុបបំបាត់ចោលទាំងស្រុងនូវបញ្ហាជម្លោះដីធ្លី។ ព្រះរាជក្រឹត្យនេះបានកំណត់អំពីតួនាទី សិទ្ធិអំណាច និង បេសកកម្មរបស់អាជ្ញាធរជាតិដូចទៅ៖ ទប់ស្កាត់ និងកាត់បន្ថយទំនាស់ដីធ្លី តាមរយៈការអប់រំផ្សព្វផ្សាយឲ្យសាធារណជន យល់ដឹងអំពីផលវិបាកបណ្តាលមកពីទំនាស់ដីធ្លី និងមានវិធានការដាក់ពិន័យចំពោះជនល្មើសដែលបានរំលោភបំពានលើបញ្ហាដីធ្លី ដោយខុសច្បាប់ជាធរមាន ទទួលសំណុំរឿងទំនាស់ដីធ្លី ដែលហូសពីសមត្ថកិច្ចគណៈកម្មការសុរិយោដីថ្នាក់ជាតិ និងទទួលពាក្យបណ្តឹងពីគ្រប់មជ្ឈដ្ឋានពាក់ព័ន្ធទំនាស់ដីធ្លី ស្វែងយល់ ស៊ើបអង្កេត និងដោះស្រាយទំនាស់ដីធ្លី ឃ្លាំមើលការដោះស្រាយទំនាស់ដីធ្លី របស់គណៈកម្មការសុរិយោដី និង អាជ្ញាធរមានសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ ធ្វើរបាយការណ៍អំពីលទ្ធផលការងារនៃការដើស្រាយទំនាស់ដីធ្លី ជូនប្រមុខរាជរដ្ឋាភិបាល ៕ ដោយ ៖ បញ្ញាស័ក្តិ