តាមការចុះផ្សាយរបស់ Ibtimes នោះទីក្រុង San Diego រដ្ឋកាលីហ្វ័រនីញ៉ា អាមេរិក ត្រូវសងថ្លៃខូចខាតដល់ភរិយាអតិតអភិបាលក្រុងនេះ នូវទឹកប្រាក់ ៨៥.០០០ដុល្លារ ក្រោយពេលដែលគាត់ត្រូវដួលលើចញ្ចើមថ្នល់ ហើយខូចកញ្ចប់ silicone នៅក្នុងសុដន់។
អ្នកស្រី Cynthia Hedgecock ភរិយារបស់អតីអភិបាល Roger Hedgecock បានឈ្នះក្តី និងទទួលបានប្រាក់សំណងដោយហេតុ ក្រុមចៅក្រមបានសម្រេចថា រដ្ឋការក្រុងនេះពុំបានសម្រេចភារកិច្ចថែទាំនិងជួសជុលចិញ្ចើមផ្លូវ Morrell កន្លែងដែលអ្នកស្រីបានដួល កាលពីថ្ងៃ ៣១/៧ /២០១៥។ អ្នកស្រី Cynthia អាយុ៧០ឆ្នាំ បានឆ្លើយថា អ្នកស្រីបានជំពប់ជើងដួល ពេលចុះពីលើរថយន្តនៅចិញ្ចើមថ្នល់ ដោយដៃម្ខាងកាន់ឯកសារ និងដៃម្ខាងទៀតកាន់ទូរស័ព្ទ។
“ខ្ញុំដួលបោកចំទ្រូងលើផ្ទៃចិញ្ចើមផ្លូវ ហើយឆេះក្បាលជង្គង់” អ្នកស្រីបានថ្លែងក្នុងសវនាការ កាលពីថ្ងៃទី ៥/១២/២០១៧ ។អ្នកស្រីបានក្រោកឈរដោយខ្លួនឯង ហើយប្រាប់អ្នកមកចោមរោមថា អ្នកស្រីមិនអីឡើយ។
ប៉ុន្មានសប្តាហ៍ក្រោយ ទើបអ្នកស្រីទៅកាន់មន្ទីរពេទ្យដើម្បីត្រួតពិនិត្យ ព្រោះដើមទ្រូងមានការប្រែប្រួល និងទទួលការឈឺចាប់ ។ ក្រុមវេជ្ជបណ្ឌិតបានស្រាវជ្រាវឃើញថា កញ្ចប់ silicone នៅសុដន់អ្នកស្រីបានខូចខាតទាំងស្រុង។
ជំទាវអតីតអភិបាលក្រុងរូបនេះ បានចំណាយលុយ ២ម៉ឺនដុល្លារ ដើម្បីវះកាត់យកកញ្ចប់ចាស់ចេញរួចជំនួសដោយកញ្ចប់ silicone ថ្មី។
តាមការសម្រេចរបស់ចៅក្រម ទីក្រុងនេះក្រៅពីទូទាត់ចំណាយព្យាបាល ២ម៉ឺនដុល្លារ ត្រូវបន្សំបន្ថែម ៦៥.០០០ដុល្លារទៀត ពីផលប៉ះពាល់ផ្លូវចិត្ត និងផ្លូវកាយនៃគ្រោះថ្នាក់នោះបង្កឡើង៕ សូយន