បាត់ដំបង ៖ ករណីគាស់ផ្ទះប្រជាពលរដ្ឋលួចទ្រព្យសម្បត្តិប្រជាពលរដ្ឋ នគរបាលក្រុងបាត់ដំបង ធ្វើការស្រាវជ្រាវយ៉ាងសកម្មបំផុត រហូតឈានដល់ការឃាត់ខ្លួនជន ស័ង្សយចំនួន ១ នាក់ភេទប្រុសនិងធ្វើការដកហូតនូវសម្ភារៈជាភស្តុតាងមានទូរស័ព្ទដៃមួយចំនួនធំ។
ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានឲ្យដឹងថា នៅថ្ងៃទី ២៥ ខែ ធ្នូ ឆ្នាំ ២០១៨ អនុវត្តនូវបទបញ្ជារបស់លោក ឧត្តមសេនីយ៍ទោ អ៊ុច សុខុន ស្នងការនៃស្នងការ ដ្ឋាននគរបាលខេត្តបាត់ដំបង ចំពោះករណីចោរគាស់ផ្ទះ លួចទ្រព្យសម្បត្តិប្រជាពលរដ្ឋ នាពេលកន្លងទៅ ក៏ដូច ជាក្រោមការដឹកនាំសម្របសម្រួលលើនីតិវិធីរបស់លោក នួន សាន ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបាត់ដំបង លោកឧត្តមសេនីយ៍ត្រី ជេត វណ្ណនី ស្នងការរងទទួលផែនការងារព្រហ្មទណ្ឌ នៃស្នងការដ្ឋានបានដឹកនាំកងកម្លាំងជំនាញសហការជាមួយ កងកម្លាំងនៃអធិការដ្ឋាននគរបាលក្រុងបាត់ដំបង ធ្វើការស្រាវជ្រាវយ៉ាងសកម្មបំផុត រហូតឈានដល់ការឃាត់ខ្លួនជនស័ង្សយចំនួន ១ នាក់ និងធ្វើការដកហូតនូវសម្ភារៈជាភស្តុតាងមានទូរស័ព្ទដៃមួយចំនួនធំ ។
ជនស័ង្សយមានឈ្មោះ ចាន់ ផាន់រ៉ូត ភេទប្រុស អាយុ ៣១ ឆ្នាំ រស់នៅភូមិ វត្តលៀប សង្កាត់ចំការសំរោង ក្រុងបាត់ដំបង ខេត្តបាត់ដំបង រីឯវត្ថុតាងជារបស់ជនរងគ្រោះដែលបាត់បងត្រូវបានរកឃើញវិញនាពេលនេះ មានទូរស័ព្ទដៃចំនួន ១៦ គ្រឿង ហើយសម្ភារៈជាវត្ថុតាងដែលជនស័ង្សយប្រើប្រាស់ក្នុងពេលធ្វើសកម្មភាពមួយចំនួនផងដែរ ។
បច្ចុប្បន្នជនស័ង្សយត្រូវបានរៀបចំ សំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបង រីឯកវត្ថុតាងជារបស់ជន រងគ្រោះត្រូវបានប្រគល់ជូនម្ចាស់វិញ ក្រោយពីបានការអនុញ្ញាត ពីលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបាត់ដំបង៕ ដោយ ៖ បញ្ញាស័ក្តិ