ភ្នំពេញ ៖ គណៈកម្មាធិការជាតិសម្រាប់ ការអភិវឌ្ឍន៍តាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប) បានបើកសិក្ខាសាលាជាតិស្តីពី ការរៀបចំផែនការសកម្មភាព និងថវិកា ឆ្នាំ២០១៩ អធិបតីភាពឧបនាយករដ្ឋមន្ដ្រី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្តុ។ សិក្ខាសាលានេះ ត្រូវបានធ្វើឡើងនៅទីស្ដីការក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៨នេះ ក៏មានការចូលរួមពីតំណាងក្រសួង ស្ថាប័ន រដ្ឋបាលថ្នាក់ក្រោមជាតិ ដៃគូអភិវឌ្ឍន៍ និងអង្គការសង្គមស៊ីវិលពាក់ព័ន្ធជាច្រើន។
សិក្ខាសាលាជាតិស្តីពី ការរៀបចំផែនការសកម្មភាព និងថវិកា ឆ្នាំ២០១៩ រៀបចំធ្វើឡើងរយៈពេលពីរថ្ងៃ ហើយនឹងបិទបញ្ចប់ នៅរសៀលថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៨ ក្រោមអធិបតីភាព សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិ សម្រាប់ការអភិវឌ្ឍន៍តាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ។
សូមជម្រាបថា គ.ជ.អ.ប ត្រូវបានបង្កើតឡើង សម្រាប់អនុវត្តច្បាប់ស្តីពី ការគ្រប់គ្រងរដ្ឋបាល រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ហើយច្បាប់ស្ដីពីការគ្រប់គ្រង រដ្ឋបាលឃុំ សង្កាត់ និងអនុវត្តគោលនយោបាយកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ (គ.ជ.អ.ប) គឺជាយន្តការអន្តរក្រសួង សម្រាប់ការលើកកម្ពស់ការអភិវឌ្ឍន៍ តាមបែបប្រជាធិបតេយ្យតាមរយៈកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការនៅក្នុងប្រទេសកម្ពុជា។
គ.ជ.អ.ប ត្រូវបានបង្កើតឡើង ដោយព្រះរាជក្រឹត្យលេខ នស/រកត/១២០៨/១៤២៩ ចុះថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ២០០៨។ គ.ជ.អ.ប មានគណនេយ្យភាពចំពោះ រាជរដ្ឋាភិបាលកម្ពុជា ក្នុងការអនុវត្តច្បាប់ស្តីពីការគ្រប់គ្រង រដ្ឋបាល រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ (ច្បាប់រៀបចំអង្គការ) ច្បាប់ស្ដីពីគ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់ និងអនុវត្តគោលនយោបាយកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ។
គណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ. ប) គឺជាយន្តការអន្តរក្រសួងសម្រាប់ការលើកកម្ពស់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យតាមរយៈកំណែទម្រង់វិមជ្ឈការ និង វិសហមជ្ឈការនៅក្នុងប្រទេសកម្ពុជា ។
ដើម្បីអនុវត្តច្បាប់រៀបចំអង្គការ និងច្បាប់ស្ដីពីការគ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់ និងគោលនយោបាយកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ អោយមានប្រសិទ្ធភាព គ.ជ.អ.ប បានបង្កើតអនុគណៈកម្មាធិការចំនួន៤គឺ៖ (១).អនុគណៈកម្មាធិការមុខងារ និងធនធាន (២).អនុគណៈកម្មាធិការសារពើពន្ធ និងហិរញ្ញវត្ថុ (៣).អនុគណៈកម្មាធិការបុគ្គលិករបស់រដ្ឋបាលថ្នាក់ក្រោមជាតិ (៤).អនុគណៈកម្មាធិការផែនការអភិវឌ្ឍន៍ថ្នាក់ក្រោមជាតិ និងលេខាធិការដ្ឋាន ដើម្បីសម្របសម្រួល និងគ្រប់គ្រងការអនុវត្តនេះ៕ ដោយ ៖ បញ្ញាស័ក្តិ