តាកែវ ៖ ទេសរដ្ឋមន្ត្រី មាស សុភា ទទួលបន្ទុកបេសកកម្មពិសេស បានមានប្រសាសន៍ថា កម្ពុជានៅតែជាប្រទេសដែលកំពុងតែអភិវឌ្ឍន៍ និងមានការរីកចម្រើនឥតឈប់ឈរពីមួយថ្ងៃទៅមួយថ្ងៃ ភាពរីកចម្រើននេះកើតចេញពីស្ថេរភាពនយោបាយ និងកំណើនសេដ្ឋកិច្ចកើនឡើងជារៀងរាល់ឆ្នាំ ។
ថ្លែងនៅពិធីសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវអាគារសម្ភព មណ្ឌលសុខភាពបូរីជលសារ ស្ថិតនៅភូមិអន្លុងទៀន ឃុំបូរីជលសារ ស្រុកបូរីជលសារ ខេត្តតាកែវ កាលពីថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៨ ឯកឧត្តម នាយឧត្តមសេនីយ៍ មាស សុភា ទេសរដ្ឋមន្ត្រី ទទួលបន្ទុកកិច្ចការមីន និងគ្រាប់មិនទាន់ផ្ទុះ និងការងារវិស្វ័កម្មកងយោធពលខេមរភូមិន្ទ បានមានប្រសាសន៍ថា ដោយប្រទេសរបស់យើងមានស្ថេរភាពនយោបាយ និងសន្តិសុខពេញផ្ទៃប្រទេស បានធ្វើឲ្យអ្នកបណ្តាក់ទុនរកជាច្រើន គេមកបណ្តាក់ទុននៅក្នុងប្រទេសកម្ពុជាជាច្រើន ដែលធ្វើឲ្យប្រទេសយើងមានចំណូលកាន់តែខ្ពស់ ពិសេសគឺប្រជាពលរដ្ឋទទួលបានការងារក៏កាន់តែច្រើនផងដែរ ជាពិសេសគឺប្រទេសជាតិរបស់យើង កាន់តែមានការអភិវឌ្ឍន៍ និងរីកចម្រើន។
ឯកឧត្តម មាស សុភា បានបញ្ជាក់ទៀតថា ឈរលើទស្សនៈវិស័យវែងឆ្ងាយ រាជរដ្ឋាភិបាលកម្ពុជាដែលមានសម្តេចតេជោ ហ៊ុន សែន គ្រោងនឹងធ្វើឲ្យកម្ពុជាក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ ហើយនៅឆ្នាំ២០៥០ ក្លាយជាប្រទេសដែលមានប្រាក់ចំណូលកម្រិតខ្ពស់។
បើតាមឯកឧត្តមទេសរដ្ឋមន្ត្រី មាស សុភា ភាពរីកចម្រើន និងកំណើនសេដ្ឋកិច្ចរបស់កម្ពុជា ចេះតែកើនឡើងយ៉ាងនេះ គឺជាវឌ្ឍនៈភាពរបស់យើងទាំងអស់គ្នា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចតេជោ ហ៊ុន សែន ដែលបានដឹកនាំប្រទេសជាតិឲ្យមានភាពរីកចម្រើន និងមានមុខមាត់នៅលើឆាកអន្តរជាតិ ៕ ដោយ ៖ តាកែវ