កំពត ៖ បុរសម្នាក់បានរងការចោទប្រកាន់ថា បានចាប់រំលោភនារីម្នាក់ អាយុ១៥ឆ្នាំ រំលោភបានសម្រេច ។ ពួកគេទាំងពីរនាក់បានស្គាល់គ្នាតាមរយៈហ្វេសប៊ុក ហើយក៏បានណាត់ជួបគ្នា ពេលជួបគ្នា ពួកគេបានជិះម៉ូតូដឹកគ្នា ដើរលេងសាងសងស្នេហា រហូតដល់ជនសង្ស័យបានលួងលោមជនរងគ្រោះ ចាប់រំលោភរហូតបានសម្រេច នៅលើខ្នងប្រឡាយមួយ។ តែទីបំផុត បុរសជាគូស្នេហ៍ត្រូវចាប់ខ្លួន ពីបទរំលោភសេពសន្ថវៈ តាមពាក្យប្តឹងរបស់ក្មេងស្រីរងគ្រោះ។
សូមបញ្ជាក់ថា នៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៨ វេលាម៉ោង១៩និង៣០នាទី នៅភូមិអង្គម្លី ឃុំទូកមាសខាងកើត ស្រុកបន្ទាយមាស ខេត្តកំពត ចំណុចលើខ្នងប្រឡាយ មានករណីរំលោភសេពសន្ថវៈ ដែលបង្កឡើងដោយឈ្មោះ ម៉ាន់ កត្តា ភេទប្រុស អាយុ២១ឆ្នាំ រស់នៅភូមិអង្គម្លី ឃុំទូកមាសខាងកើត ។ ក្រោយកើតហេតុនៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៨ វេលាម៉ោង១០ព្រឹក សមត្ថកិច្ចបានចាប់ឃាត់ខ្លួនជនសង្ស័យ ។
ប្រភពព័ត៌មានបានឲ្យដឹងថា ជនសង្ស័យ បានលួងលោមជនរងគ្រោះឈ្មោះ ម.ស.យ អាយុ១៥ឆ្នាំ រស់នៅភូមិលៀប ឃុំត្រពាំងសាលាខាងកើត ដែលទាក់ទងគ្នាតាមរយៈហ្វេសប៊ុកដើម្បីណាត់ជួបគ្នា ។ ពេលជួបគ្នា ពួកគេបានជិះម៉ូតូដឹកគ្នាដើរលេង រហូតដល់ម៉ោងកើតហេតុ ជនសង្ស័យបានលួងលោម ជនរងគ្រោះ ចាប់រំលោភរហូតបានសម្រេច ។ លុះដល់ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៨ វេលាម៉ោង១០ព្រឹក ទើបជនរងគ្រោះមកដាក់ពាក្យបណ្តឹង ។ ក្រោយទទួលពាក្យបណ្តឹង ផ្នែកជំនាញបានស្រាវជ្រាវ និងឃាត់ជនសង្ស័យមក សាកសួរ ។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានប្រព្រឹត្ត ដូចការចោទប្រកាន់ របស់ភាគីរងគ្រោះប្រាកដមែន ។ បច្ចុប្បន្ន កម្លាំងជំនាញកសាងសំណុំរឿងអនុវត្តបន្តតាមនីតិវិធី ៕ ដោយ ៖ រចនា