បន្ទាយមានជ័យ ៖ សាលាដំបូងខេត្តបន្ទាយមានជ័យ កាលពីថ្ងៃពុធ បានបើកសវនាការលើសំណុំរឿងលោក ឌិន ពុទ្ធី ពីបទហិង្សាដោយចេតនា ពាក់ព័ន្ធនឹងករណីគ្រោះថ្នាក់ចរាចរមួយ ជាមួយនឹងអតីតមន្ត្រីនគរបាលអន្តោប្រវេសន៍ម្នាក់ (ហៅជួបសន្លប់)ក្នុងក្រុងប៉ោយប៉ែត។
លោក ស៊ុំ ចាន់គា មន្ត្រីសម្របសម្រួលសិទ្ធិមនុស្សលីកាដូ បានសរសេរនៅលើបណ្តាញសង្គម Facebook ថា “ការឃ្លាំមើល ការកាត់សេចក្តីរបស់តុលាការគំរូ ខេត្តបន្ទាយមានជ័យ បានបើកសវនាការ កាលពីថ្ងៃទី២៦ ខែធ្នូ ឆ្នាំ ២០១៨។ នៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៨ ករណី ហិង្សាដោយចេតនា ទាក់ទងករណី លោក ឈាន ពិសិដ្ឋប្តឹងនោះ តុលាការ បានសម្រេចដាក់ទោសព្យួររយៈពេល ១ ឆ្នាំ និងផ្តន្ទាទោសគុក ២៣ថ្ងៃ ដែលលោក បានជាប់រួចហើយ ។ លោក ស៊ុំ ចាន់គា បានបញ្ជាក់ថា “អ្នកឃ្លាំមើលតាមដានរឿងនេះ បានសម្តែងការមិនពេញចិត្ត ហាក់ដូចជារឿងអយុត្តិធម៌ ដោយសារទង្វើរនេះ តាមវីដេអូឃ្លីប មិនឃើញ លោក បានប្រព្រឹត្តទេ “។
កាលពីថ្ងៃទី២៦ ខែ ១២ ឆ្នាំ២០១៨ វេលាម៉ោង ២និង ៣០នាទី តុលាការគំរូ ខេត្តបន្ទាយមានជ័យ បានបើកសវនាការ លើកសំណុំរឿងលោក ឈាន ពិសិដ្ឋ ហៅ ជួបសន្លប់ ដែលមានសាក្សីខាងលោកជួបសន្លប់ ៤ នាក់ និង សាក្សីលោក ឌិន ពុទ្ធី ចំនួន ៣ នាក់ តែលោក ជួបសន្លប់អវត្តមាន មេធាវីក៏អត់ដែរ មានតែសាក្សីប៉ុណ្ណោះ ។ ក្នុងសវនាការ នោះមាន លោកចៅក្រមជុំនុំជម្រះឈ្មោះ ឃន ចាន់ធឿន និង លោកព្រះរាជអាជ្ញារង សុក កែវបណ្ឌិត ។សវនាការនេះបានសួរដេញដោលបង្គ្រប់កិច្ចគ្មានដើមបណ្តឹង រហូតដល់ម៉ោង ៥និង៣០នាទី ទើបចប់ ហើយលោកព្រះរាជអាជ្ញារង បានសន្និដ្ឋានហាក់ដូចជាជួយសមហរួល ដល់លោក ម៉ង់ ពុទ្ធី ដោយសារការសន្និដ្ឋាន លើកនូវចំណុចខ្លះជួយ ដោះបន្ទុក ហើយឲ្យចៅក្រមធ្វើការសម្រេច ។ នៅថ្ងៃទី ២៨.១២.២០១៨ ម៉ោង ៩ព្រឹក តុលាការគំរូមួយនេះ នឹងប្រកាសសាលក្រម ថាតើ តុលាការទម្លាក់បទចោទ ឬ នៅក៏ផ្តន្ទាទោសលោក ម៉ង់ ពុទ្ធី បើទម្លាក់បទចោទ លោក ឈាន ពិសិដ្ឋ និងបក្សពួកគូកន មិនអាចរួចផុតពីបណ្តឹងបរិហាបង្កាច់កេរ្តិ៍ ទេ ចុះផ្តន្ទាទោស ជាប់ពីបទអី??។
ករណីលោក ឌិន ពុទ្ធី តុលាការនឹងបើកសវនាការ នៅថ្ងៃទី២៦ ខែ ១២ ឆ្នាំ២០១៨ នៅខេត្តបន្ទាយមានជ័យ ទាក់ទងនឹងរឿងជួបសន្លប់ ដែលបានកើតឡើងកាលពីថ្ងៃទី២២ ខែ ធ្នូ ឆ្នាំ២០១៦ ដែលកង់ឡានឡិចសីស ៣០០ របស់លោក ពុទ្ធី បានបុកលោក ឈាន ពិសិដ្ឋ បណ្តាលឲ្យដួលពេញជំហរ ទៅលើដីស្ទើរតែបាក់ក ចេញពីស្មា ។ លោកត្រូវបានតុលាការសម្រេចឃុំខ្លួន ហើយដោយបានការគាំទ្រលោកច្រើន ទើបតុលាការដោះលែងលោកពីពន្ធនាគារវិញ ដោយមានការអមដំណើរ ដោយលោក ម៉េន ជ្រួនអភិបាលក្រុងប៉ោយប៉ែត ទៅទទួលលោក ដល់ពន្ធនាគារតែម្តង ។ ថាតើនៅថ្ងៃស្អែកនេះ លោកតុលាការពិចារណា ទម្លាក់ការចោទប្រកាន់ ឬ សម្រេចយ៉ាងទៀត យើងនឹងចាំមើលទាំងអស់គ្នា ។
សាលាដំបូងខេត្តបន្ទាយមានជ័យ បានប្រកាសសាលក្រមផ្តន្ទាទោសលោក ឌិន ពុទ្ធ ដោយចោទប្រកាន់ពីបទ ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស និងបង្គាប់ឲ្យជាប់ពន្ធនាគាររយៈពេល ១ឆ្នាំ តែអនុវត្តទោស ២១ថ្ងៃ គិតចាប់ពីថ្ងៃឃុំខ្លួនបណ្តោះអាសន្ន (២៤ ធ្នូ ២០១៦-១៤ មករា ២០១៧) ហើយទោសដែលនៅសល់ព្យួរ។
លោក ឌិន ពុទ្ធី ដែលរងការចោទថា បានបើករថយន្តបុកសមត្ថកិច្ចនគរបាលអន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត លោកវរសេនីយ៍ត្រី ឈាន ពិសិដ្ឋ ឋានៈនាយរងប៉ុស្តិ៍បាន ដែលបានចុះរៀបចំសណ្ដាប់ធ្នាប់នៅ លើស្ពានមិត្តភាពកម្ពុជា-ថៃ។ កម្មករ អ្នកអូសរទេះ អ្នករត់ម៉ូតូឌុប បានលើកឡើង សមត្ថកិច្ចដួលខាងមុខឡានដោយខ្លួនឯង ចំណែករូបភាពតាមរយៈសមត្ថកិច្ចបង្ហោះ ចេញមន្ទីរពេទ្យប្រទេសថៃ បានបង្ហាញអំពីការរបូសយ៉ាងធ្ងន់ធ្ងរ ឃើញរុំគ្រាសត្រង់ក និង ស្នាមនៅលើភ្លៅ ជាលក្ខណៈប៉ះទង្គិច ។
លោក ឌិន ពុទ្ធី ឬឈ្មោះមួយទៀតហៅ ម៉ង់ ពុទ្ធី ប្រធានសមាគមពង្រឹងសេដ្ឋកិច្ចក្រៅប្រព័ន្ធកម្ពុជាប្រចាំក្រុងប៉ោយប៉ែត ត្រូវបានចោទប្រកាន់ពីបទហិង្សា ដោយចេតនាមានស្ថានទម្ងន់ទោស តាមមាត្រា ២១៨ នៃក្រមព្រហ្មទណ្ឌ ពាក់ព័ន្ធនឹងឧប្បត្តិហេតុដែលធ្វើឲ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំងមួយ កាលពី ២ ឆ្នាំមុននៅក្រុងប៉ោយប៉ែត។
បើតាមរបាយការណ៍នគរបាល បានឲ្យដឹងថា កាលពីខែធ្នូ ឆ្នាំ ២០១៦ លោក ឌិន ពុទ្ធី បានតវ៉ាបិទស្ពានមួយ នៅជិតច្រកព្រំដែន នៅពេលដែលនាយរងនគរបាលអន្តោប្រវេសន៍ឈ្មោះ ឈាន ពិសិដ្ឋ បានសុំឲ្យលោក ពុទ្ធី យកឡានរបស់លោកចេញ។
ប៉ុន្តែបើតាមវីដេអូឃ្លីបមួយលោក ពិសិដ្ឋ ត្រូវបានឃើញដួលនៅមុខឡានរបស់លោក ពុទ្ធី ហើយលោក ពុទ្ធី ត្រូវបានចោទប្រកាន់ថាបានបើកឡានបុកលោក ពិសិដ្ឋ រហូតដួលសន្លប់។ លោក ពុទ្ធី ត្រូវបានចាប់ខ្លួន ប៉ុន្តែក្រោយមកត្រូវបានដោះលែងឲ្យនៅក្រៅឃុំ។
ទោះយ៉ាងណាក្តី លោក ឈាន ពិសិដ្ឋ ត្រូវបានបណ្តេញចេញពីនគរបាលកាលពីខែមេសា ឆ្នាំមុន ពាក់ព័ន្ធនឹងករណីបាញ់សហការីរបស់គាត់ នៅប៉ុស្តិ៍ច្រកព្រំដែនអន្តោប្រវេសន៍ប៉ោយប៉ែត។
លោក ពុទ្ធី បានថ្លែងប្រាប់សារព័ត៌មានមួយ កាលពីថ្ងៃពុធ បន្ទាប់ពីសវនាការថា តុលាការបានបញ្ចប់ការជំនុំជម្រះសំណុំរឿងរបស់លោក ប៉ុន្តែបានពន្យារពេលប្រកាសសាលក្រមរហូតដល់ថ្ងៃសុក្រ ហើយ សាក្សី ៤ នាក់របស់លោក ពិសិដ្ឋ បានមានវត្តមាននៅក្នុងបន្ទប់តុលាការ ប៉ុន្តែឈាន ពិសិដ្ឋ និងមេធាវី អវត្តមាន ។
លោកថ្លែងថា លោកបានបដិសេធរាល់ការចោទប្រកាន់ទាំងអស់ប្រឆាំងនឹងរូបលោកដោយអតីតមន្ត្រីនគរបាលរូបនោះ ។
លោកបានបន្តថា៖ “នៅពេល ឈាន ពិសិដ្ឋ ដួល ឡានរបស់ខ្ញុំបានឈប់ដាក់អក្សរ P រួចហើយ។ គាត់ធ្វើពុតជាដួល។ ប្រសិនបើឡានរបស់ខ្ញុំបុកគាត់ គាត់ប្រាកដជាដួលថយក្រោយ។ ប៉ុន្តែករណីនេះគាត់ដួលទៅខាងឆ្វេង។ បន្ទាប់មកគាត់បានដាក់ជើងស្តាំរបស់គាត់ទៅកង់ឡាន។ ប្រសិនបើគាត់សន្លប់ តើគាត់អាចដាក់ជើងរបស់គាត់បានដូចនោះយ៉ាងម៉េចទៅ។ ដៃម្ខាងរបស់គាត់កាន់អាយកូម និងសោជាប់។ នេះជាមូលហេតុដែលខ្ញុំនិយាយថា គាត់ធ្វើពុតជាសន្លប់។ ម្យ៉ាងទៀតឡានរបស់ខ្ញុំបានឈប់រួចហើយ និងបានពន្លត់ម៉ាស៊ីនរួចហើយ”។
ចំណែក លោក ឈាន ពិសិដ្ឋ និងមេធាវីរបស់លោក ពុំអាចទំនាក់ទំនងសុំការបំភ្លឺបានទេ ៕ ដោយ ៖ បញ្ញាស័ក្តិ