ភ្នំពេញ ៖ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ កាលពីថ្ងៃទី២៨ខែធ្នូឆ្នាំ២០១៨ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីការទូទាត់ប្រាក់បំណាច់អតីតភាពការងារ។ បើយោងតាមច្បាប់ស្តីពីការងារ កម្មករនិយោជិត ដែលបាននិងកំពុង ប្រើប្រាស់កិច្ចសន្យាការងារ មានថិរវេលាមិនកំណត់ (កិច្ចសន្យារយៈពេលវែង) នឹងទទួលបានការទូទាត់ ប្រាក់បំណាច់អតីតភាពការងារ ២ដងក្នុងមួយឆ្នាំ គឺក្នុងខែមិថុនា និងខែធ្នូ ដោយនឹងត្រូវចាប់ផ្ដើមអនុវត្តន៍ ចាប់ពីខែមិថុនា ឆ្នាំ២០១៩តទៅ។
បើតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការងារ បានបញ្ជាក់ថា “ចំពោះការទូទាត់បើករំលឹក ប្រាក់បំណាច់អតីតភាពការងារ របស់កម្មករនិយោជិត ដែលមានមុនឆ្នាំ២០១៩ ក្រសួងកំពុងធ្វើការពិភាក្សា ជាមួយវិស័យឯកជន ដើម្បីកំណត់កាលវិភាគ ជាក់លាក់មួយ ក្នុងការតម្រូវឲ្យសហគ្រាស គ្រឹះស្ថាន អនុវត្តកាតព្វកិច្ច បើករំលឹកប្រាក់បំណាច់ អតីតភាពការងារនេះ”។
ក្រសួងការងារ បានបញ្ជាក់ថា “ក្នុងអំឡុងពេលនៃការទូទាត់ បើករំលឹកប្រាក់បំណាច់អតីតភាពការងារនេះ ក្រសួងសូមធានា ចំពោះអត្ថប្រយោជន៍ស្របច្បាប់នានា ដែលបងប្អូនកម្មករនិយោជិតមាន ហើយដែលសហគ្រាស គ្រឹះស្ថានក្ស័យធន ឬបិទទ្វារណាមួយ មិនទាន់បានទូទាត់ ជូនបងប្អូនកម្មករនិយោជិត។ ក្រសួងការងារ បានប្រាប់ដល់សាធារណជន សហជីព សមាគមនិយោជក ជាពិសេសកម្មករនិយោជិត និងរក្សាភាពនឹងនរក្នុងចិត្ត ចៀសវាងចាញ់បោកជនខិតខូចមួយចំនួន ដែលមានបំណងញុះញង់ បង្កអស្ថិរភាពក្នុងសហគ្រាស គ្រឹះស្ថាន ដែលអាចបំផ្លាញការងារអចិន្ត្រៃយ៍ របស់បងប្អូនកម្មករនិយោជក៕ ដោយ ៖ រចនា
សូមអានខ្លឹមសារលម្អិត នៃសេចក្ដីប្រកាសព័ត៌មានដែលមាននៅខាងក្រោមនេះ៖