ខេត្តស្វាយរៀង៖ ជនជាតិចិនម្នាក់ មានមុខរបរជាចុងភៅ ក្នុងក្រុមហ៊ុនអនឡាញកាស៊ីណូក្រោន បានស្លាប់ ខណៈដែលបញ្ជូនទៅមន្ទីរពេទ្យ ដោយសារដួលដាច់ផ្ងារបោកក្បាល ទៅលើចានបង្គន់ ក្នុងបន្ទប់ទឹកកាស៊ីណូ។ ដែលករណីនេះ បានកើតឡើងកាលពីវេលាម៉ោង២ទៀបភ្លឺ ឈានចូលថ្ងៃទី២៩ ខែធ្នូ ឆ្នំា២០១៨ នៅក្នុងបន្ទប់ទឹកកាស៊ីណូក្រោន ស្ថិតក្នុងភូមិ បាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។
បើយោងតាមសមត្ថកិច្ច បានឲ្យដឹងថា ៖ ជនរងគ្រោះមានឈ្មោះ ZHENG ZHONG YING អាយុ៤៥ឆ្នំា ជាជនជាតិចិន ជាចុងភៅ នៅក្នុងកាស៊ីណូក្រោន កាន់លិខិតឆ្លងដែនលេខ EE0932925។
តាមការបញ្ជាក់ពីសមត្ថកិច្ច បានឲ្យដឹងថា៖ មូលហេតុ នៃការស្លាប់ គឺដោយសារដួលបោកក្បាល ផ្នែកខាងក្រោយ ប៉ះនឹងចានបង្គន់ រងរបួសធ្ងន់ ហើយត្រូវខាងក្រុមហ៊ុន ជួលរថយន្តសង្គ្រោះ ដឹកបន្ទាន់បញ្ជូនមកសង្គ្រោះ នៅមន្ទីពេទ្យខេត្តស្វាយរៀង ក៏ដាច់ខ្យល់ស្លាប់តែម្តង ហើយសាកសព បានតម្កល់នៅមន្ទីរពេទ្យខេត្ត។
ប្រភពខាងលើ បានឱ្យដឹងទៀតថា លុះដល់វេលាម៉ោង២រសៀលថ្ងៃដដែល សមត្ថកិច្ចជំនាញ និងលោកវេជ្ជបណ្ឌិត ប៉ែន សុលដា ផ្នែកសង្គ្រោះបន្ទាន់ នៃមន្ទីរខេត្តស្វាយរៀង បានពិនិត្យនិងធ្វើកោសលវិច័យ លើសាកសព រួចសន្និដ្ឋានថា ពិតជាស្លាប់ ដោយសារដួល បោកក្បាល ប៉ះផ្នែកខាងក្រោយ ទៅនឹងចាន បង្គន់ក្នុងបន្ទប់ទឹក បណ្តាលឲ្យស្លាប់ពិតប្រាកដមែន។ សាកសព ត្រូវបានដឹកយកទៅតម្កល់ទុកនៅក្រុមហ៊ុន អូសប៊ន មានទីតាំងនៅវត្តទឹកថ្លា ដើម្បីរង់ចាំក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕ ដោយ៖ វ៉ៃគោ