ទារកម្នាក់ត្រូវបានគេប្រទះឃើញនៅរស់រានមានជីវិត នៅក្រោមគំនរបាក់បែកនៃអាគារមួយ ដែលត្រូវបំផ្លិចបំផ្លាញដោយសារផ្ទុះហ្គាស ក្នុងទីក្រុង Magnitogorsk ប្រទេសរុស្ស៊ី។
បើតាមវីដេអូដែលបញ្ចេញដោយក្រសួងគ្រោះអាសន្នរុស្ស៊ី បានឲ្យឃើញថា ក្រុមជួយសង្គ្រោះបានព្យាយាមទាញកំទិចកំទីចេញ ដើម្បីជួយក្មេងមានជីវិតថ្លៃនោះ ហើយក្មេងប្រុសនោះត្រូវគេស្មានថា មានអាយុតិចជាង ១ឆ្នាំ។
បន្ទាប់ពីទាញចេញពីកំទិចកំទីអាគារ ទារកនោះត្រូវបានគេរុំនឹងភួយ មុនពេលបញ្ជូលទៅកាន់មន្ទីរពេទ្យ។ ស្ថានភាពរបស់គេស្ថិតក្នុងភាពធ្ងន់ធ្ងរ។ នេះបើតាមការបញ្ជាក់របស់ក្រសួងនៅក្នុងសេចក្តីប្រកាស។
ទារកត្រូវបានប្រទះឃើញ បន្ទាប់ពីកម្មករសង្គ្រោះម្នាក់បានលឺសម្លេងក្មេងយំ។ ទារកនោះប្រហែលជាទ្រាំធន់នឹងអាកាសធាតុត្រជាក់ខ្លាំង។ បើតាមការចេញផ្សាយរបស់ Reuters បានឲ្យដឹងថា ក្មេងនោះប្រហែលជាស្ថិតនៅក្រោមគំនរបាក់បែកអស់រយៈពេល ៣៥ម៉ោង។
សូមបញ្ជាក់ថា មនុស្សចំនួន ៨នាក់បានស្លាប់ និងជាច្រើននាក់ទៀតកំពុងបាត់ខ្លួន បន្ទាប់ពីមានហេតុការផ្ទុះនៅផ្នែកមួយនៃអាគារដ៏ខ្ពស់នោះ។ ការផ្ទុះនោះត្រូវបានគេសង្ស័យថា បណ្តាលមកពីហ្គាស៕ សុភ័ក្ត្រ
ប្រភព៖ CNN