អាជ្ញាធរម៉ាឡេស៊ីកំពុងស្វែងរកប្តីប្រពន្ធពីរនាក់ បន្ទាប់ពីបុរសជាប្តីបានធ្វើការជះទឹកក្តៅដាក់កូនស្រីរបស់ខ្លួន ដោយសារតែខឹងញ៉ាំអាហារពេលល្ងាចរបស់គាត់អស់ បណ្តាលឲ្យរលាកដៃ និងទ្រូង។
លោក Che Zaimani Che Awang មេប៉ូលីសប្រចាំតំបន់ Timur Laut នៃរដ្ឋ Penang របស់ម៉ាឡេស៊ី បាននិយាយកាលពីថ្ងៃអង្គារម្សិលមិញនេះថា ហេតុការជះទឹកក្តៅដាក់កូនស្រីបានកើតឡើងកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន ស្ថិតក្នុងទីក្រុង Air Itam។
បុរសជាឪពុកដែលធ្វើការអោយភ្នាក់ងារលក់កាត បានត្រឡប់មកពីធ្វើការវិញនៅម៉ោងប្រហែល ១យប់ ហើយនៅពេលគាត់ត្រឡប់ដល់ផ្ទះ គាត់បានដឹងថាគ្មានអាហារនៅសល់សោះសម្រាប់គាត់។
នៅពេលឃើញគ្មានអាហារ គាត់ក៏ខឹងខ្លាំង ដោយដឹងថា កូន ៤នាក់របស់គាត់អាយុចន្លោះ ៣ទៅ ៩ឆ្នាំ បានញុាំអាហារទាំងនោះអស់ ដែលរៀបទុកដាក់អោយដោយប្រពន្ធគាត់។
ប៉ូលីសបញ្ជាក់ថា ដោយសារតែហេវខ្លាំង និងក្តៅក្រហាយផងនោះ បុរសជាឪពុកបានចូលទៅក្នុងបន្ទប់ទទួលភ្ញៀវ និងបានដាស់កូន ៣នាក់ដែលកំពុងតែគេងលក់។ បុរសជាឪពុកបានជេរប្រទិច និងវាយកូនៗរបស់គាត់។
ប៉ូលិសបញ្ជាក់បន្ថែមថា បុរសជាឪពុកបានយកទឹកក្តៅមួយចានពីម៉ាស៊ីចម្រោះ រួចក៏បានជះលើកូនស្រីរបស់គាត់ម្នាក់ បណ្តាលឲ្យក្មេងស្រីនោះរលាកពេញខ្លួន និងដៃ។
ប្រពន្ធរបស់គាត់ ព្រមទាំងកូនៗផ្សេងទៀត ក៏បានឃើញហេតុការណ៍នោះដែរ ប៉ុន្តែពួកគេមិនអាចធ្វើអ្វីមួយដើម្បីបញ្ឈប់គាត់នោះទេ។
មេប៉ូលីសដដែលបន្ថែមថា ក្រោយពេលកើតហេតុ ប្តីប្រពន្ធនោះ បាត់រត់គេចខ្លួនជាមួយនឹងកូនពៅរបស់ពួកគេ ចំណែកកូនៗ ៣នាក់ទៀតកំពុងរស់នៅជាមួយនឹងជីដូច ដែលនៅផ្ទះជាមួយគ្នា៕ សុភ័ក្ត្រ
ប្រភព៖ Channelnewsasia