ភ្នំពេញ ៖ អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង បានជំរុញឲ្យខណ្ឌនិងមន្ទីរជំនាញចំណុះឲ្យរដ្ឋបាលរាជធានីភ្នំពេញ សម្រុកលើការងារជួសជុលផ្លុវ ស្តារលូ ស្តារប្រឡាយទាំងអស់ ឲ្យបានស្អាតក្នុងរដូវប្រាំងឆ្នាំ២០១៩នេះ ហើយចំពោះអ្នកលក់ដូរអាហារហូបចុក បង្កឲ្យលូស្ទះក៏នឹងមានវិធានការធ្ងន់ធ្ងរផងដែរ ។
កាលពីព្រឹកថ្ងៃទី៣ ខែមករា ឆ្នាំ២០១៩ រដ្ឋបាលរាជធានីភ្នំពេញ បើកកិច្ចប្រជុំស្ដីពីការត្រួតពិនិត្យលទ្ធផល ការងារគម្រោងជួសជុលប្រព័ន្ធលូ ក្នុងខណ្ឌទាំង៤ កណ្តាលក្រុង ក្នុងឆ្នាំ២០១៨ និងផែនការ២០១៩ ដោយមានការចូលរួមពីអភិបាលខណ្ឌទាំង៤ និងមន្ទីរមន្ទីរជំនាញពាក់ព័ន្ធចំណុះឲ្យរដ្ឋបាលរាជធានីភ្នំពេញ នៅសាលារាជធានីភ្នំពេញ។
លោក ឃួង ស្រេង បានមានប្រសាសន៍ថា សម្រាប់ប្រព័ន្ធលូ ប្រឡាយយើងនាពេលបច្ចុប្បន្ននេះឃើញថា រំដោះទឹកមានលក្ខណៈល្អប្រសើរហើយ ដោយពីមុនស្ទះទឹក២ថ្ងៃទើបហូរអស់ តែពេលនេះ មិនដល់មួយម៉ោងផងទឹកបានហូរអស់ពីលើផ្លូវទៅហើយ ។ ទោះបីជាយ៉ាងណាក្តីការងារនេះយើងត្រូវតែបន្តធ្វើទៀត ។
លោកអភិបាលបានបន្តថា សម្រាប់ឆ្នាំ២០១៩នេះ អភិបាលខណ្ឌ មន្ទីរជំនាញ ត្រូវសំរុកជួសជុលផ្លុវ ស្តារលូ ស្តារប្រឡាយទាំងអស់អោយបានស្អាតក្នុងរដូវប្រាំងនេះ ដោយយើង មានរយៈពេលត្រឹមតែ៣ខែប៉ុណ្ណោះ ។ក្រៅពីការជួសជុលផ្លុវ ស្តារលូ ស្តារប្រឡាយនេះ អាជ្ញាធរខណ្ឌត្រូវចុះ ណែនាំអប់រំ ប្រជាពរដ្ឋ ពិសេសអ្នកលក់អាហារហូបចុះ ធ្វើយ៉ាងណាកុំអោយពួកគាត់បោះកាកសំណល់ចូលទៅក្នុងអណ្តូងលូ ។បើពួកគាត់មិនស្តាប់ត្រូវធ្វើកំណត់ហេតុ ជាលើកទី១ ជាមួយនឹងវិធានការផ្លូវច្បាប់របស់អន្តរក្រសួង តែបើពួកគាត់មិនអនុវត្តតាមទៀត ដោយនៅតែបញ្ចូលកាកសំណល់ទៅក្នុងអណ្តូងលូទៀតនោះ យើងសម្រេចបិទអាជីវកម្មលក់ដូរអាហារហូបចុកពួកគាត់តែម្តង ។
លោកឃួង ស្រេងបានសង្កត់ធ្ងន់ថា ចំពោះការងារនេះរដ្ឋបាលរាជធានីភ្នំពេញ បានជម្រុញអោយធ្វើច្រើនលើកច្រើនសាររួចមកហើយ តែហាក់មិនមានសកម្មភាពសោះ ដូច្នេះទេ បើនៅតែមិនធ្វើ នៅឆ្នាំ២០១៩នេះ ទុកអោយរដ្ឋបាលរាជធានីភ្នំពេញជាអ្នកធ្វើម្តង ។
លោកឃួង ស្រេង បានបញ្ជាក់ថា ចាប់ពីពេលនេះទៅ ការសាងសង់រោងការ រោងបុណ្យ អាចធ្វើបានត្រឹមតែលើចិញ្ចើមផ្លូវ មិនអោយសាងសង់លើទ្រូងផ្លូវដាច់ខាត ហើយចំពោះរថយន្តធំចូលក្រុងវិញត្រូវតែមានវិធានការឲ្យបានម៉ឹងម៉ាត់ បើទោះបីការងារនេះពាក់ព័ន្ធនឹងប៉ូលិសក៏ដោយ ក្នុងនាមអាជ្ញាធរខណ្ឌត្រូវឃាត់រថយន្តធំៗទាំងនោះទុក ហើយសួរនាំឲ្យបានច្បាស់ ថាតើគោលដៅណាដែលអនុញ្ញាតឲ្យរថយន្តទាំងនោះចូល ដើម្បីយើងមានវិធានការបន្ត៕ ដោយ ៖ កូឡាប