រាជធានីភ្នំពេញ ៖ ធនាគារ ស៊ីអាយអិមប៊ី ភីអិលស៊ី (ធនាគារ CIMB) បានឈ្នះពានរង្វាន់ «ធនាគារអន្តរជាតិល្អបំផុត នៅកម្ពុជា» ពីទស្សនាវដ្តីហិរញ្ញវត្ថុដ៏ល្បីល្បាញ Asiamoney ប្រចាំឆ្នាំ២០១៨។ ហើយដំណើរការរបស់ Asiamoney ក្នុងការជ្រើសរើសធនាគារអន្តរជាតិល្អបំផុត នៅកម្ពុជា ត្រូវឆ្លងកាត់ការសិក្សា ទាំងបរិមាណវិស័យ និងគុណភាពវិស័យ ក្នុងរយៈពេលពេញ១ឆ្នាំ។ លើសពីនេះ ក៏មានការសិក្សាទៅលើពាក្យស្នើសុំពីគ្រប់ធនាគារ ដែលចូលរួម និងតាមរយៈកិច្ចសម្ភាសន៍ ពីអ្នកវិភាគឯករាជ្យលើវិស័យធនាគារផងដែរ។ ជាលទ្ធផល ដោយផ្អែកលើសមិទ្ធផល និងចំណុចលេចធ្លោចម្បងៗរបស់ខ្លួន ធនាគារ CIMB ទទួលបានពានរង្វាន់ ដែលទទួលស្គាល់ជាអន្តរជាតិនេះ លើចំណោមធនាគារអន្តរជាតិដែលមានប្រតិបត្តិការនៅប្រទេសកម្ពុជា ។
ថ្ងៃព្រហស្បតិ៍ ទី៣ ខែមករា ឆ្នាំ២០១៩ ធនាគារ ស៊ីអាយអិមប៊ី បានធ្វើសន្និសីទកាសែត ដោយលោកប៊ុន យីន ដែលជាប្រធាននាយកប្រតិបត្តិរបស់ធនាគារ CIMB បានថ្លែងក្នុងសន្និសីទសារព័ត៌មានថ្ងៃនេះថា៖ «តាងនាមឲ្យធនាគារ CIMB ទាំងមូល ខ្ញុំពិតជាមានមោទនភាពក្រៃលែង ដែលទទួលបានពានរង្វាន់ជាធនាគារអន្តរជាតិល្អបំផុត នៅកម្ពុជានេះ។ ការឈ្នះពានរង្វាន់នៅពេលនេះ គឺភស្តុតាងបញ្ជាក់ពីសក្តានុពលរបស់ធនាគារ CIMB អំពីគុណភាពសេវាកម្ម និងផលិតផលធនាគារល្អប្រពៃរបស់ខ្លួន នៅក្នុងទីផ្សារកម្ពុជា ដែលត្រូវបានវាយតម្លៃ និងទទួលស្គាល់ជាអន្តរជាតិ ពីទស្សនាវដ្តីហិរញ្ញវត្ថុល្បីឈ្មោះ Asiamoney។ កត្តាដែលនាំឲ្យធនាគារ CIMB ឈ្នះរង្វាន់ដ៏ពិសេសនេះ គឺកើតឡើងពីកិច្ចខិតខំប្រឹងប្រែងរបស់គណៈគ្រប់គ្រង និងបុគ្គលិក របស់ធនាគារ CIMB ទាំងមូល ដោយមានការគាំទ្រយ៉ាងពេញទំហឹងពីស៊ីអាយអិមប៊ី គ្រុប ជាពិសេសការតែងតែជឿទុកចិត្ត ពីសំណាក់អតិថិជន មកលើធនាគារ ស៊ីអាយអិមប៊ី នាពេលកន្លងមក»។
មិនតែប៉ុណ្ណោះ លោកប៊ុន យីន បានបន្ថែមទៀតដែរថា Asiamoney បានជ្រើសយកកត្តាមួយចំនួន ក្នុងការវាយតម្លៃ រួមមានសេវាកម្មហិរញ្ញវត្ថុបុគ្គលជាធនាគារអន្តរជាតិ បណ្ណឥណទាន សេវាកម្មធនាគារជាន់ខ្ពស់ (Preferred ឬ Priority Banking) ក្នុងប្រទេសកម្ពុជា សេវាកម្មគ្រប់គ្រងសាច់ប្រាក់ ហិរញ្ញប្បទានពាណិជ្ជកម្ម និងការប្តូរប្រាក់ ព្រមទាំងអាជីវកម្មទីផ្សារទុនបង្វិល។ Asiamoney ក៏ផ្តល់ពិន្ទុបន្ថែម ទៅលើធនាគារណា ដែលអាចផ្តល់សេវាកម្ម ឆ្លងប្រទេសផងដែរ។ ហើយកត្តាដែលយកមកវាយតម្លៃខាងលើនេះ គឺស្របទៅនឹងអ្វី ដែលធនាគារ CIMB បានផ្តល់ជូន និងលើកកម្ពស់សេវាកម្ម ដល់អតិថិជនរបស់ខ្លួន។
ធនាគារ CIMB រក្សាបានអភិបាលកិច្ចល្អរបស់ខ្លួន រួមនឹងកំណើនជារៀងរាល់ឆ្នាំ ដែលជាក់ស្តែង ក្នុងរយៈពេល៥ឆ្នាំចុងក្រោយនេះ ប្រាក់ចំណេញមុនបង់ពន្ធរបស់ធនាគារ បានកើនឡើងរហូតដល់ ៧ដង ពី២លានដុល្លារអាមេរិក ក្នុងឆ្នាំ២០១៤ ដល់ ១៤លានដុល្លារអាមេរិក ក្នុងឆ្នាំ២០១៨។ ហើយទ្រព្យសកម្មរបស់ធនាគារបានកើនឡើង ជាង ២ដង ពី ៣៥៣លានដុល្លារអាមេរិក ក្នុងឆ្នាំ២០១៤ រហូតដល់ ៨៦៥លានដុល្លារអាមេរិក ក្នុងឆ្នាំ២០១៨។
ភាពរីកចម្រើន ប្រកបដោយស្ថេរភាព និងសុភវិនិច្ឆ័យនេះ បានជម្រុញឲ្យមានភាពរីកចម្រើន នៃទំហំឥណទាន និងប្រាក់បញ្ញើរបស់ធនាគារ CIMB ជាមួយនឹងកំណើនជាមធ្យមប្រចាំឆ្នាំ ៣២% និង ៣០% ពី២០៩លានដុល្លារអាមេរិក និង២៦៥លានដុល្លារអាមេរិក ក្នុងឆ្នាំ២០១៤ រហូតដល់ ៥៤៥លានដុល្លារអាមេរិក និង ៧០០លានដុល្លារអាមេរិក ក្នុងឆ្នាំ២០១៨។ ធនាគារ CIMB ក៏រក្សាបាននូវគុណភាពនៃឥណទានគ្រប់ប្រភេទ ដែលបានផ្តល់ដល់អតិថិជនរបស់ខ្លួនផងដែរ ជាមួយនឹងកម្រិតឥណទានមិនដំណើរការទាប ០,១៩% ភាគរយប៉ុណ្ណោះ បើធៀបនឹងវិស័យធនាគារទាំងមូលមានរហូតដល់ ២,៤០%។
ជាផ្នែកមួយរបស់ស៊ីអាយអិមប៊ី គ្រុប ដែលមានបណ្តាញយ៉ាងទូលំទូលាយ ក្នុងតំបន់អាស៊ាន ធនាគារ CIMB ក្នុងប្រទេសកម្ពុជា បានផ្តល់ឲ្យអតិថិជនរបស់ខ្លួន នូវសេវាកម្ម និងផលិតផល ទាំងនៅក្នុងស្រុក និងឆ្លងតំបន់ ប្រកបដោយអត្ថប្រយោជន៍ខ្ពស់។ ជាមួយនឹងសេវាកម្មបណ្តាញអេធីអិមប្រចាំតំបន់ អតិថិជនអាចដកប្រាក់នៅតាមម៉ាស៊ីនអេធីអិម ដោយឥតគិតថ្លៃ ក្នុងតំបន់អាស៊ាន ទៅតាមរូបិយបណ្ណប្រទេសនីមួយៗ ជាមួយនឹងអត្រាប្តូរប្រាក់ដ៏ល្អប្រសើរ។ តាមរយៈសេវាកម្មធនាគារជាន់ខ្ពស់ CIMB Preferred អតិថិជនអាចរីករាយនឹងបុព្វសិទ្ធិពិសេស សម្រាប់ការប្រើប្រាស់សេវាកម្មធនាគារ និងអត្ថប្រយោជន៍ដ៏សម្បូរបែបជាច្រើនទៀត ទូទាំងតំបន់អាស៊ានផងដែរ។
ក្រៅពីនេះ អតិថិជនរបស់ធនាគារ CIMB អាចផ្ទេរប្រាក់ឆ្លងប្រទេស កាន់តែឆាប់រហ័ស ប្រកបដោយសុវត្ថិភាពខ្ពស់ ក្នុងថ្ងៃតែមួយ ជុំវិញតំបន់អាស៊ានទៀតផង។ ជាមួយនឹងភាពច្នៃប្រឌិតខ្ពស់ លើសេវាកម្ម និងផលិតផលធនាគាររបស់ខ្លួន ធនាគារ CIMB បានសម្ពោធគម្រោង HomePro ដែលឥណទានគេហដ្ឋានភ្ជាប់មកជាមួយការធានារ៉ាប់រងអាយុជីវិត មានតម្លៃរហូតដល់ ៥០.០០០ដុល្លារអារមេរិក។ ជាមួយនឹងអត្រាការប្រាក់ទាប និងលក្ខខណ្ឌល្អប្រសើរ ធនាគារ CIMB បានក្លាយជាធនាគារឈានមុខគេមួយ ផ្នែកឥណទានគេហដ្ឋាន ក្នុងទីផ្សារប្រទេសកម្ពុជា។
គួរបញ្ជាក់ផងដែរថា ក្នុងរយៈពេលជាង៨ឆ្នាំ នៃការឈានចូលក្នុងទីផ្សារកម្ពុជា ចាប់តាំងពីឆ្នាំ២០១០មក ធនាគារ CIMB ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ស៊ីអាយអិមប៊ី គ្រុប បានពង្រីកបណ្តាញសាខារបស់ខ្លួន រហូតទៅដល់១៣សាខា ដែលក្នុងនោះ ៩សាខា នៅរាជធានីភ្នំពេញ និង ៤សាខាទៀត នៅតាមបណ្តាខេត្តសំខាន់ៗ ដូចជាខេត្តសៀមរាប ខេត្តព្រះសីហនុ ខេត្តបាត់ដំបង និងខេត្តកំពង់ចាម រួមជាមួយនឹងទីតាំង Preferred Centre ចំនួន៨ទៀត នៅទូទាំងប្រទេសផងដែរ។ ជាមួយនឹងអតិថិជនសរុប ជាង ២៦,០០០នាក់ ធនាគារ ស៊ីអាយអីមប៊ី បានផ្តល់ជូននូវសេវាកម្ម និងផលិតផលធនាគារយ៉ាងទូលំទូលាយ រួមមានផ្នែកសេវាកម្មហិរញ្ញវត្ថុបុគ្គល សេវាកម្មហិរញ្ញវត្ថុពាណិជ្ជកម្ម និងសេវាកម្មហិរញ្ញវត្ថុសាជីវកម្ម និងប្រតិបត្តិការ។
ធនាគារ ស៊ីអាយអិមប៊ី ភីអិលស៊ី ជាផ្នែកមួយនៃស៊ីអាយអិមប៊ី គ្រុប ដែលបានចាប់ផ្តើមប្រតិបត្តិការ នៅថ្ងៃទី១៩ ខែវិច្ឆិការ ឆ្នាំ២០១០ ដោយបានបើកសាខាពាណិជ្ជទី១ នៅចំកណ្តាលរាជធានីភ្នំពេញ។ បច្ចុប្បន្ន ធនាគារមានសាខាចំនួន ១១កន្លែង នៅក្នុងខេត្តរាជធានីសំខាន់ៗទាំង៥ រួមមានរាជធានីភ្នំពេញ ខេត្តសៀមរាប ខេត្តព្រះសីហនុ ខេត្តកំពង់ចាម និងខេត្តបាត់ដំបង។ ជាមួយនឹងអតិថិជនទាំងបុគ្គលសរុបប្រមាណ ២៣,០០០នាក់ ធនាគារ ស៊ីអាយអិមប៊ី មានផ្តល់ជូនសេវាកម្ម និងផលិតផលធនាគារដ៏ទូលំទូលាយ រួមមានសេវាកម្មហិរញ្ញវត្ថុបុគ្គល សេវាកម្មហិរញ្ញពាណិជ្ជកម្ម ព្រមទាំងសេវាកម្មហិរញ្ញវត្ថុសាជីវកម្ម និងសេវាប្រតិបត្តិការផងដែរ។
ស៊ីអាយអិមប៊ី គ្រុប គឺជាស្ថាប័នហិរញ្ញវត្ថុដ៏ធំបំផុតទីពីររបស់ប្រទេសម៉ាឡេស៊ី និងជាធនាគារសាកលនាំមុខគេមួយក្នុងតំបន់អាស៊ាន។ ធនាគារនេះមានផ្តល់ជូនសេវាកម្មធនាគារពាណិជ្ជ ធនាគារវិនិយោគ ធនាគារឥស្លាម ក៏ដូចជាផលិតផល និងសេវាកម្មគ្រប់គ្រងទ្រព្យសកម្ម និងធានារ៉ាប់រង។ មានទីស្នាក់ការកណ្តាលនៅក្រុងគូឡាឡាំពួ បច្ចុប្បន្ននេះ ស៊ីអាយអិមប៊ី គ្រុប មានវត្តមាននៅប្រទេសចំនួន ៩ ក្នុងចំណោមប្រទេសទាំង១០ ក្នុងតំបន់អាស៊ាន (ប្រទេសម៉ាឡេស៊ី ឥណ្ឌូនេស៊ី សិង្ហបុរី ថៃ កម្ពុជា ប្រ៊ុយណេ វៀតណាម ភូមា និងឡាវ)។ ក្រៅពីតំបន់អាស៊ាន ស៊ីអាយអិមប៊ី គ្រុប ក៏មានវត្តមាននៅប្រទេសចិន ហុងកុង ឥណ្ឌា ស្រីលង្កា តៃវ៉ាន់ កូរ៉េ សហរដ្ឋអាមេរិក និងចក្រភពអង់គ្លេស។
ស៊ីអាយអិមប៊ី គ្រុប មានបណ្តាញសាខាធំជាងគេនៅក្នុងតំបន់អាស៊ាន ជាមួយសាខាជាង ៩០០ កន្លែង គិតត្រឹមថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៧។ ធនាគារវិនិយោគរបស់ស៊ីអាយអិមប៊ី គ្រុប ក៏ស្ថិតក្នុងចំណោមធនាគារវិនិយោគធំជាងគេបំផុតក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ដែលផ្តល់ការវិភាគទៅលើផ្សារភាគហ៊ុនរបស់ក្រុមហ៊ុនជាង ១.០០០ ក្រុមហ៊ុន នៅក្នុងតំបន់ ។
ស៊ីអាយអិមប៊ី គ្រុប ដំណើរការអាជីវកម្មតាមរយៈអង្គភាពចំបងបី គឺធនាគារ ស៊ីអាយអិមប៊ី (CIMB Bank) ធនាគារវិនិយោគ ស៊ីអាយអិមប៊ី (CIMB Investment Bank) និង ធនាគារ ស៊ីអាយអិមប៊ី ឥស្លាម (CIMB Islamic)។ ស៊ីអាយអិមប៊ី គ្រុប មានភាគហ៊ុន ៩២,៥% នៅក្នុងធនាគារ ស៊ីអាយអិមប៊ី នៀហ្គា (Bank CIMB Niaga) នៅប្រទេសឥណ្ឌូនេស៊ី និង ៩៣,៧% នៅធនាគារ ស៊ីអាយអិមប៊ី ថៃ (CIMB Thai) នៅក្នុងប្រទេសថៃ។
ស៊ីអាយអិមប៊ី គ្រុប ត្រូវបានចុះបញ្ជីភាគហ៊ុននៅលើទីផ្សារមូលបត្រ ប៊ូរសា ម៉ាឡេស៊ី (Bursa Malaysia) តាមរយៈ ស៊ីអាយអិមប៊ី គ្រុប ហូលឌីង ប៊ឺហាដ (CIMB Group Holding Berhad)។ ស៊ីអាយអិមប៊ី គ្រុប មានមូលធនទីផ្សារ នៅលើទីផ្សារមូលបត្រ ប្រហែលជា ៣៨,១ ពាន់លាន រីងហ្គីតម៉ាឡេស៊ី គិតត្រឹមថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៧។ ស៊ីអាយអិមប៊ី គ្រុប មានបុគ្គលិកសរុបជាង ៣៩.០០០នាក់ នៅក្នុងប្រទេសចំនួន ១៥៕ ដោយ ៖ កូឡាប