កណ្តាល ៖ មានករណីបើកឆាកប្រយុទ្ធគ្នា ប្រើហិង្សាលើអ្នកកាន់កាប់អចលនវត្ថុ ផ្ទះនិងដី ក្រោយអតីតម្ចាស់ផ្ទះ បានចងការប្រាក់ត្រឹម៦.០០០ដុល្លារ តែគ្មានប្រាក់សងគេ ទីបំផុតអស់ទាំងដីអស់ទាំងផ្ទះ ហើយត្រូវតុលាការខេត្តកណ្តាល ចេញសាលក្រមសម្រេចយកដីនិងផ្ទះ ទៅលើលក់ឲ្យអ្នកផ្សេងទៀត ដើម្បីទូទាត់ថ្លៃចងការប្រាក់។
របាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តកណ្តាល ពីករណីប្រើហិង្សាលើអ្នកកាន់កាប់អចលនវត្ថុ កើតហេតុ កាលពីថ្ងៃទី៣ ខែមករា ឆ្នាំ២០១៩ ចំណុចភូមិព្រៃបាំង ឃុំស៊ីធរ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។ ជនរងគ្រោះ ១ នាក់ ឈ្មោះ ទ្រី ស្រ៊ន ភេទស្រី អាយុ ៣៤ ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ មានទីលំនៅភូមិថ្មី ឃុំសន្លុង ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។
ចំណែកជនសង្ស័យ១ នាក់ឈ្មោះ យ៉េន ហៀក ភេទស្រី អាយុ ២៧ ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មការនីរោងចក្រ មានទីលំនៅភូមិព្រៃបាំង ឃុំស៊ីធរ ស្រុកខ្សាច់កណ្តាលខេត្តកណ្តាល ត្រូវសមត្ថកិច្ចនគរបាលស្រុកខ្សាច់កណ្តាល ឃាត់ខ្លួនដោយវ៉ៃខ្នោះ ។
នគរបាលស្រុកខ្សាច់កណ្តាល បានប្រាប់ពីសភាពនៃរឿងហេតុនេះថា នៅអំឡុងឆ្នាំ ២០០៨ ឈ្មោះ ង៉ុយ យ៉េន និងប្រពន្ធឈ្មោះ ចក់ ប៉ិច ជាឪពុកម្តាយ របស់ឈ្មោះ យ៉េន ហៀក ភេទ ស្រី បានខ្ចីចង់ការប្រាក់ពីឈ្មោះ ទ្រី ស្រ៊ន ចំនួន ៦.០០០ដុល្លារ បន្ទាប់មកនៅថ្ងៃទី៤ខែសីហាឆ្នាំ២០០៩ តុលាការ បានចេញសម្រេចដាក់លក់ឡាយឡុងផ្ទះនិងដី ហើយឈ្មោះ ទ្រី ស្រ៊ន បានទទួលទិញយក ។ តុលាការបាន ចេញសាលក្រមសម្រេចប្រគល់ដីនិងផ្ទះ របស់ឈ្មោះ ង៉ុយ យ៉េន ឲ្យទៅឈ្មោះ ទ្រី ស្រ៊ន។ ដល់ថ្ងៃទី ២ ខែកក្កដា ឆ្នាំ២០១៤ តុលាការ បានចុះអនុវត្តន៍សាលក្រម ប្រគល់ដីនិងផ្ទះឲ្យទៅឈ្មោះ ទ្រី ស្រ៊ន ហើយឲ្យឈ្មោះ ង៉ុយ យ៉េន និងក្រុមគ្រួសារ ចាកចេញពីដីនិងផ្ទះលំនៅដ្ឋាននោះ។ បន្ទាប់មកឈ្មោះ ង៉ុយ យ៉េន បានមកសង់ខ្ទមតូចមួយ ស្នាក់នៅលើដីនេះ ជាមួយប្រពន្ធកូន ហើយតុលាការ ខេត្តកណ្តាល បានឃាត់ខ្លួនឈ្មោះ ង៉ុយ យ៉េន ដាក់ពន្ធនាគារផងដែរ ពីបទ ប្រើអំពើហិង្សាលើម្ចាស់អចលនវត្ថុនេះ។ ដល់ថ្ងៃទី២ ខែមករា ឆ្នាំ២០១៩ វេលាម៉ោង ៨ព្រឹក ឈ្មោះ ទ្រី ស្រ៊ន បាននាំមនុស្សជាច្រើននាក់ ទៅកាប់ឆ្ការព្រៃលើដីរបស់ខ្លួន ដើម្បីធ្វើរបង ។ ពេលនោះឈ្មោះ យ៉េន ហៀក ជាកូនរបស់ឈ្មោះ ង៉ុយ យ៉េន បានទៅរារាំងជំទាស់ ហើយឈ្មោះ ទ្រី ស្រ៊ន និងមនុស្សជាច្រើននាក់ ឃាត់ខ្លួនឈ្មោះ យ៉េន ហៀក ប្រគល់ឲ្យសមត្ថកិច្ច ដើម្បីអនុវត្តន៍តាមនីតិវិធី៕ ដោយ ៖ កូឡាប